អង្គការ​តម្លាភាព​កម្ពុ​ជា​ត្រៀម​ផ្ដល់​បច្ចេកទេស​និង​ឯកសារ​ពុករលួយ​ជូន​រដ្ឋ​សភា

0:00 / 0:00

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា ត្រៀម​សហការ​ផ្តល់​បច្ចេកទេស​និង​ឯកសារ​អំពើ​ពុករលួយ​ជូន​គណៈកម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុករលួយ​នៃ​រដ្ឋសភា ឬ​គណៈកម្មការ​ទី​១០ ទៅ​តាម​ការ​ស្នើ​សុំ​របស់​ថ្នាក់ដឹកនាំ​ស្ថាប័ន​នេះ។​

ការ​ប្រកាស​នេះ កើត​ឡើង​បន្ទាប់​ពី​ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋ​សភា ស្នើ​ជួប​ពិភាក្សា​ផ្តល់​ព័ត៌មាន​ដើម្បី​ឈាន​ដល់​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​កម្ពុជា ឲ្យ​បាន​ប្រសើរ​នា​ថ្ងៃ​អនាគត។

ឆ្លើយ​តប​តាម​លិខិត​អញ្ជើញ​របស់​ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋ​សភា លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ថា អង្គការ​លោក​ត្រៀម​ផ្ដល់​ព័ត៌មាន និង​អ្នក​ជំនាញ​ដើម្បី​ផ្ដល់​ព័ត៌មាន​បំបាត់​អំពើ​ពុករលួយ​នៅ​តាម​ស្ថាប័នរដ្ឋ​នានា ជូន​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​នៅ​ចុង​សប្ដាហ៍​នេះ។

លោក​បន្ត​ថា អង្គការ​តម្លាភាព​កម្ពុជា នឹង​សហការ​ផ្ដល់​ឯកសារ ឬ​អ្នក​បច្ចេកទេស​មាន​វិជ្ជាជីវៈ​ខ្ពស់​ដើម្បី​ស្រាវជ្រាវ​ពី​ឫស​គល់ ឬ​ដើមហេតុ​នៃ​អំពើ​ពុករលួយ​នៅ​តាម​ស្ថាប័នរដ្ឋ​នានា​កន្លង​មក៖ «ដើម្បី​ផ្លាស់ប្ដូរ​យោបល់ ពិភាក្សា និង​ជជែក​គ្នា​អំពី​បញ្ហា​អំពើពុករលួយ ក៏​ដូចជា​លទ្ធភាព​នៃ​ការ​ធ្វើ​សហប្រតិបត្តិការ​រវាង​រដ្ឋ​សភា និង​អង្គការ​តម្លាភាព​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​ស្ថាប័ន ហើយ​យើង​នឹង​រក​វិធី​ដើម្បី​ធ្វើការ​ជាមួយ​គ្នា​ក្នុង​ការ​ជួយ​ជា​លក្ខណៈ​បច្ចេកទេស ក៏​ដូចជា​កិច្ច​សហប្រតិបត្តិការ​ដើម្បី​រួម​ចំណែក​ធ្វើ​ការងារ​ជាមួយ​នឹង​ស្ថាប័ន​រដ្ឋ​សភា​ក្នុង​ការ​បំពេញ​មុខ​ងារ​រួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា»

លោក ព្រាប កុល បញ្ជាក់​ថា លោក ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋ​សភា បាន​ស្នើ​រូប​លោក​និង​ក្រុម​ការងារ​ដើម្បី​ជួប​ពិភាក្សា​លើ​បញ្ហា​ពុករលួយ នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា នា​វិមាន​រដ្ឋ​សភា។ ​ត្រង់​ចំណុច​នេះ លោក ហូរ វ៉ាន់ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គោលបំណង​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​អង្គការ​តម្លាភាព​កម្ពុជា ដើម្បី​ចង់​បាន​ព័ត៌មាន​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​តម្លាភាព និង​ការ​អង្កេត​ជុំវិញ​អំពើ​ពុករលួយ​នៅ​កម្ពុជា។

តាមរយៈ​ជំនួប​នេះ លោក ហូរ វ៉ាន់ មាន​ជំនឿ​ថា អាច​នឹង​ជំរុញ​ឲ្យ​កិច្ច​ខិតខំ​ប្រឹងប្រែង​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ក្នុង​សង្គម​កម្ពុជា ទទួល​បាន​លទ្ធផល​ល្អ​នៅ​ថ្ងៃ​ខាង​មុខ៖ «យើង​ចង់​បាន​បទពិសោធន៍​ក្នុង​ការ​យក​ព័ត៌មាន​ផ្សេងៗ ដើម្បី​យើង​យក​មូលដ្ឋាន និង​បទពិសោធន៍​ទាំង​នេះ ដើម្បី​ពង្រឹង​គណៈកម្មការ​ទី​១០​របស់​យើង​ខ្ញុំ ដើម្បី​ស្រាវជ្រាវ ស៊ើប​អង្កេត និង​ដើម្បី​ទទួល​បាន​នូវ​ឯកសារ​គ្រប់គ្រាន់​ក្នុង​ការ​តស៊ូ និង​ប្រយុទ្ធ​នឹង​អំពើ​ពុករលួយ»

ទាក់ទិន​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា អង្គការ​តម្លាភាព​កម្ពុ​ជា បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​រយៈពេល ២​ឆ្នាំ រក​ឃើញ​ថា ប្រព័ន្ធ​ការពារ​សុចរិត​ភាព​របស់​ប្រទេស​កម្ពុជា នៅ​ទន់​ខ្សោយ និង​ត្រូវ​កែលំអ​ច្រើន​ទៀត ទោះបី​មាន​សញ្ញា​រីកចម្រើន និង​ចំណុច​ខ្លាំង​មួយ​ចំនួន​ក្តី។

ស្ថាប័ន​ដដែល​នេះ ក៏​បាន​រក​ឃើញ​ថា នៅ​កម្ពុជា ទាំង​ស្ថាប័ន​រដ្ឋ ស្ថាប័ន​ឯកជន ស្ថាប័ន​អង្គការ​មិន​មែន​រដ្ឋាភិបាល ព្រម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង ក៏​មាន​អំពើ​ពុករលួយ​ដូច​គ្នា គ្រាន់​តែ​មាន​ក្នុង​កម្រិត​តិច ឬ​ច្រើនតែ​ប៉ុណ្ណោះ។

ទោះ​យ៉ាង​ណា លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា ធ្លាប់​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ធ្វើ​សកម្មភាព​ឈាន​ដល់​លុប​បំបាត់​អំពើ​ពុករលួយ​ជា​បន្តបន្ទាប់ ជា​ពិសេស​បាន​ធ្វើ​កំណែទម្រង់​ស៊ី​ជម្រៅ​ទៅ​លើ​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ដែល​មាន​ភាព​មិន​ប្រក្រតី។ ជាង​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក៏​កំពុង​បន្ត​ការងារ​របស់​ខ្លួន​បាន​សកម្ម​បំផុត។

យ៉ាង​នេះ​ក្តី នៅ​ក្នុង​របាយការណ៍​ស្រាវជ្រាវ​ឆ្នាំ​២០១៤ របស់​អង្គការ​តម្លាភាព​កម្ពុជា បាន​ផ្តល់​នូវ​អនុសាសន៍​ពិគ្រោះ​យោបល់​ពី​ផ្នែក​ពាក់ព័ន្ធ​នានា មាន​ដូចជា ទាមទារ​ឲ្យ​កែទម្រង់​ប្រព័ន្ធ​តុលាការ ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​ធ្វើ​កំណែ​ទម្រង់​វិស័យ​សាធារណៈ​ជាដើម ទើប​អាច​លើក​ស្ទួយ​ប្រព័ន្ធ​សុចរិត​ភាព​នៅ​កម្ពុជា ឬ​លុបបំបាត់​អំពើ​ពុករលួយ​នៅ​កម្ពុជា បាន​ប្រសើរ​នៅ​ថ្ងៃ​អនាគត។

ទោះ​ជា​បែប​ណា លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​បដិសេធ និង​ចាត់​ទុក​របាយការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា ថា​មាន​លក្ខណៈ​នយោបាយ និង​មាន​ឧបាយកល​ផ្ដួល​រំលំ​រដ្ឋាភិបាល​ទៀត​ផង៖ «ឥឡូវ​សួរ​លោក ព្រាប កុល ទៅ បើ​រឿង​នយោបាយ​វិញ នៅ​ចុង​ច្រមុះ​គាត់​ហ្នឹង​រឿង​នយោបាយ។ មិន​មែន​ថា​ខ្ញុំ​អត់​ព័ត៌មាន​ទេ គាត់​មាន​ច្រើន​ណាស់។ គាត់​ជា​មេ​បាតុកម្ម​មួយ​ក្នុង​ពេល​ដែល​គេ​ធ្វើ​បាតុកម្ម​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ដែរ។ ខ្លួន​គាត់​អី អិន.ជី.អូ (NGO) យើង​ខ្ញុំ​សួរ​ចៅហ្វាយ​គាត់​នៅ​ថ្នាក់​លើ​ហើយ ថា​ខុស។ អិន.ជី.អូ ត្រូវ​តែ​អព្យាក្រឹត អត់​អាច​ប្រឆាំង ហើយ​ក៏​អត់​អាច​គាំទ្រ​ទេ ប៉ុន្តែ​គាត់​ធ្វើ​ខុស​លើ​គោក គាត់​ចង្អុល​គេ។ ឥឡូវ​សុំ​ពិចារណា​មើល​ទៅ គាត់​មាន​ល្បិចកល​ច្រើន​ណាស់ ដើម្បី​ផ្ដួល​រំលំ ដើម្បី​ធ្វើ​គ្រប់​បែប​យ៉ាង។ យើងខ្ញុំ​និយាយ​ពី​គាត់​ត្រង់»

​យ៉ាង​ណា​ក៏ដោយ របាយការណ៍​អង្គការ​តម្លាភាព​កម្ពុជា ឆ្នាំ​២០១៤ បាន​រក​ឃើញ​ថា ជា​ទូទៅ​ប្រទេស​កម្ពុជា នៅ​មាន​ប្រព័ន្ធ​សុចរិតភាព​មិន​ទាន់​រឹងមាំ​គ្រប់គ្រាន់ ដើម្បី​លើក​ជ្រោង​នីតិរដ្ឋ និង​ធានា​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព និង​ជីវិត​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាន​ល្អ ឬ​ប្រសើរ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។