ប្រធានគណបក្សយុវជនកម្ពុជា ចោទប្រកាន់មេឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ថាបានរារាំងមិនឲ្យគណបក្សដែលទើបបង្កើតឡើងថ្មោងថ្មីនេះ រៀបចំវេទិកាសាធារណៈ។
ដោយឡែកមេឃុំចក ពីខាងគណបក្សប្រជាជនកម្ពុជា បានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថា អាជ្ញាធរឃុំពុំបានហាមឃាត់ឡើយ ក៏ប៉ុន្តែការរៀបចំវេទិការបស់គណបក្សយុវជនកម្ពុជា នេះ គឺពុំមានឯកសារច្បាប់គ្រប់គ្រាន់ក្នុងការរៀបចំ។
លោក ពេជ្រ ស្រស់ អះអាងថា ថ្វីបើវេទិកាសាធារណៈដែលស្ថិតក្រោមបម្រាមរបស់អាជ្ញាធរឃុំយ៉ាងនេះក្ដី ក៏គណបក្សយុវជនកម្ពុជា នៅតែបន្តជម្នះរៀបចំទៅតាមការគ្រោងទុកដែរ។
ការថ្លែងដូចនេះរបស់ប្រធានគណបក្សយុវជនកម្ពុជា បន្ទាប់ពីមេឃុំចក មកពីខាងគណបក្សប្រជាជនកម្ពុជា មិនបានផ្ដល់ទីតាំង និងលិខិតស្នាមសម្រាប់រៀបចំវេទិកាជួបជុំសកម្មជនមូលដ្ឋាន នៅថ្ងៃទី១៥ ឧសភា។ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ និយាយថា ការហាមឃាត់មិនឲ្យរៀបចំវេទិកាសាធារណៈ ក្រោមហេតុផលពុំមានច្បាប់ពីស្រុក និងខេត្តនេះ គឺជាការរំលោភទៅនឹងសេចក្តីសម្រេចនានារបស់ក្រសួងមហាផ្ទៃ។
លោកបន្តថា បើទោះជាអាជ្ញាធរមិនបានផ្ដល់ភ្លើងខៀវក្នុងការជួបជុំជាមួយសកម្មជនយ៉ាងនេះក៏ដោយ លោកបានរៀបចំកម្មវិធីនេះទាំងភាពចម្រូងចម្រាសរួចទៅហើយដែរ។ លោក ពេជ្រ ស្រស់ ចោទប្រកាន់ថា មូលហេតុដែលអាជ្ញាធរឃុំមិនបានបើកសិទ្ធិសេរីភាពក្នុងការសម្ដែងមតិនេះ ដោយសារគណបក្សកាន់អំណាចព្រួយបារម្ភចាញ់ឆ្នោតនៅពេលខាងមុខនេះ។ លោកបន្តថា «ក្រោយពីធ្វើវេទិកាមួយកន្លងមក មេឃុំហ្នឹងមើលទៅហាក់ដូចជាសមាជិករបស់ខ្លួនហ្នឹងរត់មកគាំទ្រគណបក្សយុវជនកម្ពុជា ច្រើនលើសលប់ ដែលអាចថាអាណត្តិអាចធ្លាក់ដោយសារគណបក្សយុវជន។ ដល់ពេលនេះឥឡូវនេះ យើងទៅធ្វើចំភូមិដែលសមាជិកគណបក្សប្រជាជន តែងតែឈ្នះ។ ដល់អ៊ីចឹងរកវិធីសាស្ត្រមួយចោទថាគេឥតឲ្យច្បាប់ទេ ឲ្យទៅសុំពីថ្នាក់ស្រុកសិន»។
ឆ្លើយតបការចោទប្រកាន់នេះ មេឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មកពីខាងគណបក្សប្រជាជនកម្ពុជា លោក ឃុន មាន បញ្ជាក់ថា អាជ្ញាធរឃុំមិនបានរារាំងក្នុងការរៀបចំវេទិកាសាធារណៈរបស់គណបក្សយុវជនកម្ពុជា ដូចការចោទប្រកាន់នេះឡើយ។ ផ្ទុយទៅវិញ គណបក្សនេះពុំមានលិខិតអនុញ្ញាតត្រឹមត្រូវពីថ្នាក់ស្រុក និងខេត្ត គឺមានតែលិខិតមួយច្បាប់ពីក្រសួងមហាផ្ទៃ ប៉ុណ្ណោះ។ លោកបន្តថា ការអនុវត្តដូចនេះ គឺស្មើមិនទុកអាជ្ញាធរក្នុងកែវភ្នែក ហើយថែមទាំងបង្កភាពស្មុគស្មាញ ដែលវាពិបាកក្នុងការរៀបចំសំណុំបែបបទសម្រាប់ផ្ដល់ព័ត៌មានទៅអាជ្ញាធរថ្នាក់ជាតិវិញផង។ ទាំងនេះហើយ ដែលអាជ្ញាធរពុំបានផ្ដល់សិទ្ធិក្នុងការរៀបចំវេទិកាទៅតាមការស្នើសុំ។ លោកបន្តថា «គណបក្សហ្នឹងទើបមកធ្វើប៉ុន្មានថ្ងៃសោះ មិនបញ្ជាខ្ញុំយ៉ាងម៉េច ? ខ្ញុំធ្វើមេឃុំ ៣០ឆ្នាំមែន មកធ្វើថ្ងៃហ្នឹងណា។ ប្អូនសួរមើល ខ្ញុំតស៊ូតាំងពីគណៈកម្មការជាតិ ជាមួយអ៊ុនតាក់ ( UNTAC ) អីណារហូតមក ខ្ញុំយល់ពីច្បាប់ដែរតើ»។
ក្នុងច្បាប់ស្ដីពីការប្រព្រឹត្តទៅនៃការបោះឆ្នោត គឺពុំមានមាត្រាណាមួយនៃច្បាប់នេះ ហាមឃាត់គណបក្សនយោបាយមិនឲ្យធ្វើសកម្មភាពណាមួយដែលស្របទៅនឹងច្បាប់ឡើយ។
មាត្រា៧៨ និងមាត្រា៨៦ នៃច្បាប់ស្ដីពីការបោះឆ្នោត ចែងថា អ្នកគ្រប់គ្រងមហោស្រព មណ្ឌលកីឡា ឧទ្យានសាធារណៈ សាលសាធារណៈ ត្រូវផ្ដល់ទីកន្លែងរបស់ខ្លួនដល់បេក្ខជន ឬគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត ដែលសុំជួលប្រើប្រាស់សម្រាប់បម្រើការឃោសនាដោយផ្អែកលើគោលការណ៍ស្មើភាព។ គណបក្សនយោបាយ និងបេក្ខជនទាំងអស់ មិនត្រូវជ្រៀតជ្រែក ឬធ្វើឲ្យរាំងស្ទះដល់សកម្មភាពគណបក្សនយោបាយ ឬបេក្ខជនដទៃទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
