ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ទៅ​ប្រមូល​ឯកសារ​ប្រវត្តិសាស្ត្រ​នៅ​បារាំង

0:00 / 0:00

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា នឹង​ចាក​ចេញ​ទៅ​កាន់​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​៣០ មករា ដើម្បី​ស្វែងរក​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម​ក្នុង​សម័យ​អាណានិគម​និយម​បារាំង លើ​ដែន​ដី​កូសាំងស៊ីន។

ដំណើរ​ស្វែងរក​ឯកសារ​របស់​លោក​នៅ​ពេល​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​ខ្មែរ​ក្រោម ក្នុង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម ដែល​មន្ត្រី​ការទូត​វៀតណាម បាន​និយាយ​បំភ្លៃ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៤។

បើ​ទោះ​ជា​យុទ្ធនាការ​របស់​ខ្មែរ​ក្រោម ក្នុង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ពិត​ទឹក​ដី​កម្ពុជា​ក្រោម ហាក់​បាន​ស្ងប់ស្ងាត់​បន្តិច​មែន ប៉ុន្តែ​យុទ្ធនាការ​នេះ​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ដែល​បាន​ដឹក​នាំ​ចលនា​តវ៉ា​ប្រឆាំង​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​មន្ត្រី​វៀតណាម កន្លង​មក ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ មករា ថា ដំណើរ​ចាក​ចេញ​ទៅ​កាន់​ប្រទេស​បារាំង របស់​លោក គឺ​ដើម្បី​ស្វែងរក​ឯកសារ​បន្ថែម​ទៀត​ដែល​ខ្មែរ​ក្រោម​មិន​ធ្លាប់​ទទួល​បាន​ពី​មុន​មក ដើម្បី​យក​មក​ធ្វើ​ជា​ភស្តុតាង បញ្ជាក់​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ដែល​កន្លង​មក​បាន​អះអាង​ថា កម្ពុជា​ក្រោម​ជា​ទឹក​ដី​របស់​វៀតណាម តាំង​ពី​យូរ​មក​ហើយ​នោះ។

លោក ថាច់ សេដ្ឋា បញ្ជាក់​ជា​ថ្មី​ថា យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ខ្មែរ នឹង​នៅ​ធ្វើ​បន្ត​ទៀត។ យ៉ាង​ណា​ក៏ដោយ លោក​អះអាង​ថា លោក​ចង់​បាន​ឯកសារ​មក​ដល់​ដៃ​ជា​មុន​សិន។ លើស​ពី​នេះ លោក ថាច់ សេដ្ឋា មាន​ជំនឿ​ថា ឯកសារ​ទាំងអស់​នេះ​ក៏​នឹង​ជួយ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ បាន​សិក្សា​រៀន​សូត្រ​កាន់​តែ​ច្បាស់​ថែម​ទៀត​អំពី​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម។

លោក ថាច់ សេដ្ឋា ឲ្យ​ដឹង​ដែរ​ថា លោក​នឹង​យក​ឯកសារ​ទាំង​នេះ​ទៅ​តម្កល់​នៅ​ក្រសួង​អប់រំ ឬ​រាជបណ្ឌិត្យសភា​កម្ពុជា និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចូល​វា​ក្នុង​កម្មវិធី​សិក្សា។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៤ ពោល គឺ​បន្ទាប់​ពី​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​ពិធី​រំឭក​ខួប​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាំងថុង (Tran Van Thong) បាន​អះអាង​ថា ទឹក​ដី​កម្ពុជា​ក្រោម គឺ​ជា​ទឹក​ដី​របស់​វៀតណាម តាំង​ពី​យូរយារ​ណាស់​មក​ហើយ។ ការ​អះអាង​នេះ ត្រូវ​បាន​ខ្មែរ​ក្រោម និង​យុវជន​យល់​ថា វៀតណាម មាន​ចេតនា​បំភ្លៃ​ប្រវត្តិសាស្ត្រ និង​ជា​ការ​ប្រមាថ​មើល​ងាយ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ។ ពួក​គេ​បាន​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់​ចំនួន ៤​លើក​រួច​មក​ហើយ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ប្រកាស​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម និង​សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ។

ក្នុង​ការ​តវ៉ា​នោះ​ដែរ ពួក​គេ​បាន​ដង្ហែ​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​បារាំង ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​បារាំង ជួយ​បញ្ជាក់​អំពី​កិច្ច​ព្រមព្រៀង​នានា​រវាង​បារាំង និង​វៀតណាម ដែល​ឈាន​ដល់​ធ្វើ​ច្បាប់​លេខ​៤៩/៧៣៣ ក្នុង​ការ​កាត់​ទឹក​ដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម នៅ​ឆ្នាំ​១៩៤៩។

ជា​ការ​ឆ្លើយ​តប ស្ថានទូត​បារាំង ប្រចាំ​កម្ពុជា កាល​ពី​ខែ​តុលា ឆ្នាំ​២០១៤ បាន​ផ្ញើ​លិខិត​ណែនាំ​ឲ្យ លោក ថាច់ សេដ្ឋា ធ្វើ​ដំណើរ​ទៅ​ស្វែងរក​ឯកសារ​ទាំងអស់​នោះ​នៅ​បណ្ណាសារ​ជាតិ​អូទ្រើមែ (Outre-Mer) នៅ​ខេត្ត​អេហ្សង់ប្រូវ៉ង់ (Aix-en-Provence) ប្រទេស​បារាំង។

លោក ថាច់ សេដ្ឋា ចាត់​ទុក​ការ​អនុញ្ញាត​របស់​រដ្ឋាភិបាល​បារាំង នៅ​ពេល​នេះ ថា​ជា​ឱកាស​ប្រវត្តិសាស្ត្រ​ដែល​ខ្មែរ​ក្រោម​មិន​ធ្លាប់​ទទួល​បាន​ពី​មុន​មក។ លោក​ថា លោក​នឹង​យក​ឯកសារ​ទាំង​នោះ​មក​សិក្សា​ឲ្យ​បាន​ច្បាស់លាស់ និង​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជាតិ​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។