ថៃ​ដោះ​លែង​ពលករ​ខ្មែរ​១៤​នាក់​និង​បញ្ជូន​មក​កម្ពុជា​ថ្ងៃ​​ស្អែក​

0:00 / 0:00

មន្ត្រី​ទំនាក់ទំនង​ការងារ​ព្រំដែន​កម្ពុជា-​ថៃ ឲ្យ​ដឹង​ថា តុលាការ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ បើក​សវនាការ​ជំនុំជម្រះ​ក្តី​លើ​ករណី​ពលករ​ខ្មែរ ១៤​នាក់ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ស្នើ​សុំ​ឲ្យ​ដោះលែង​យ៉ាង​ប្រញាប់​នៅ​ថ្ងៃ​ទី​៣ កក្កដា។

សវនាការ​នេះ​បាន​បញ្ចប់​រួច​ហើយ ដោយ​តុលាការ​រក​ឃើញ​ថា ពួកគេ​ទាំង ១៤​នាក់​នោះ ពិតជា​បាន​ប្រើប្រាស់​នូវ​ឯកសារ​ឆ្លង​ដែន​ក្លែងក្លាយ។ ប៉ុន្តែ​តុលាការ​ថៃ លើកលែង​ការ​ចោទ​ប្រកាន់​ទៅ​លើ​ពួកគេ ដោយ​យល់​ឃើញ​ថា ពលករ​ខ្មែរ​ទាំង​នោះ​ចាញ់​បោក​មេខ្យល់ និង​បាន​សម្រេច​ដោះលែង​ពួកគេ​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ។

នាយការិយាល័យ​ទំនាក់ទំនង​ការងារ​ព្រំដែន​កម្ពុជា-​ថៃ លោក ពេជ្រ វណ្ណា ឲ្យ​ដឹង​ថា ពលករ​ខ្មែរ ១៤​នាក់ ត្រូវ​បាន​ដោះលែង​ភ្លាមៗ បន្ទាប់ពី​សវនាការ​បញ្ចប់ និង​ត្រូវ​ភាគី​ថៃ បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​សុក្រ ទី​៤ កក្កដា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។ ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ម៉ោង​ពេល​ច្បាស់​លាស់​នៅ​ឡើយ។

​លោក ពេជ្រ វណ្ណា៖ «ពលករ ១៤​នាក់ ដែល​ថៃ​ចាប់​ថ្ងៃ​មុន​ចោទ​ប្រកាន់​ថា ធ្វើ​លិខិត​ឆ្លងដែន​ក្លែងក្លាយ​ហ្នឹង គឺ​គេ (តុលាការ​ថៃ) បាន​កាត់​ក្តី​ហើយ គេ​រក​កំហុស​ទៅ​ពួកគាត់​មិន​ដឹង​ដែរ ដោយសារ​មេខ្យល់​នាំ តែ​ឥឡូវ​គេ​កាត់​ក្តី ហើយ​គេ​ដោះលែង​ឲ្យ​មក​ខ្មែរ​វិញ​នៅ​ថ្ងៃ​ស្អែក»

​សវនាការ​ដោះលែង​ពលករ​ខ្មែរ ១៤​នាក់​នេះ ធ្វើ​ឡើង​រយៈពេល ២​ថ្ងៃ បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​ស្នើ​សុំ​ឲ្យ​ព្រះមហាក្សត្រ​ប្រទាន​ការ​លើកលែង​ទោស​ដល់​សកម្មជន​អាវ​លឿង​ថៃ លោក វីរៈ ស៊ុំក្វាមឃីត (Veera Somkwamkid) កាល​ពី​ថ្ងៃ​ទី​១ កក្កដា។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​ថា ការ​ដោះលែង​លោក វីរៈ ស៊ុំក្វាមឃីត មិន​ជាប់​ពាក់ព័ន្ធ​បញ្ហា​នយោបាយ ហើយ​មិន​មែន​ជា​ការ​ដោះដូរ​ពលករ​ខ្មែរ ១៤​នាក់ ដែល​ត្រូវ​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​កាល​ពី​ខែ​មិថុនា នោះ​ទេ។

​យ៉ាងណា​ការ​ដោះលែង​សកម្មជន​អាវ​លឿង​ថៃ រូប​នេះ គឺ​ហាក់​ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពី​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​ការបរទេស​ថៃ លោក សីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាន​ស្នើ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះលែង​លោក វីរៈ ស៊ុំក្វាមឃីត។ ទន្ទឹម​គ្នា​នោះ ភាគី​កម្ពុជា ក៏​បាន​ស្នើ​សុំ​បក​ទៅ​វិញ ឲ្យ​ភាគី​ថៃ ដោះលែង​ពលករ​ខ្មែរ ១៤​នាក់ ដែល​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ពេល​ដែល​ពួកគេ​កាន់​លិខិត​ឆ្លង​ដែន​ខុស​ច្បាប់ ហើយ​ជា​លទ្ធផល​ភាគី​ថៃ ក៏​បាន​បើក​សវនាការ​លើ​ករណី​ពួកគេ​ភា្លមៗ ដោយ​មិន​បាច់​ចំណាយ​ពេល​ស៊ើប​អង្កេត​ច្រើន រួច​ក៏​សម្រេច​ដោះលែង​ពួកគេ​តាម​សំណើ។

​ដោយ​មាន​មន្ទិលសង្ស័យ​ពី​ព័ត៌មាន​ដោះដូរ​អ្នកទោស​រវាង​ភាគី​កម្ពុជា​និង​ថៃ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា គ្មាន​ការ​ដោះដូរ​វាង​លោក វីរៈ ស៊ុំក្វាមឃីត ជាមួយ​ពលករ​ខ្មែរ​ទេ។ ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវ​ការ​ដាក់​ឲ្យ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ពិការភាព​២០១៤-​២០១៨ នៅ​សាល​មហោស្រព​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​៣ កក្កដា។

​លោក ហ៊ុន សែន៖ «ឥឡូវ​មាន​ទូរទស្សន៍ វិទ្យុ ផ្សាយ ដោះលែង វីរៈ (វីរៈ ស៊ុំក្វាមឃីត) ទៅ​នេះ​ជា​ការ​ដោះដូរ។ អត់​មាន​ការ​ដោះដូរ​ទេ ខាង​ថៃ ក៏​គាត់​និយាយ​ត្រឹមត្រូវ។ អា​ហ្នឹង​គ្មាន​ការ​ដោះដូរ​ទេ។ ឯ​បញ្ហា​ដែល​ខ្ញុំ​ស្នើ​សុំ ឲ្យ ឬ​មិន​ឲ្យ ជា​សិទ្ធិ​របស់​ថៃ​តើ! ឯ​ខាង​នេះ ឲ្យ​ទៅ​អត់​មាន​លក្ខខណ្ឌ​អី​ទាំង​អស់ ទៅ​ដល់​បាងកក​ហើយ។ អ៊ីចេះ! ខាង​ផ្នែក​សារព័ត៌មាន​របស់​យើង ពេល​ខ្លះ​ធ្វើ​ឲ្យ​មាន​ការ​រំខាន​ទៅ​វិញ។ មិន​ត្រឹមតែ​មិន​បាន​ក្លាយ​ជា​ការ​ពិត អា​រឿង​ហ្នឹង​វា​ទៅ​ជា​យើង​ដោះដូរ។ បញ្ជូន​ទៅ​ម្នាក់​ឲ្យ​ដោះដូរ​ប៉ុន្មាន​នាក់​មក​វិញ? អត់​ទេ! អត់​មាន​ការ​ដោះដូរ​អី​ទេ»

​ទោះ​ជា​មាន​ការ​អះអាង​បែប​នេះ​ក្តី ក៏​អ្នក​វិភាគ​ស្ថានភាព​នយោបាយ ចាត់​ទុក​ការ​លើកលែង​ទោស​សកម្មជន​អាវ​លឿង​ថៃ​នេះ ថា​ជា​របត់​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​យោធា​ថៃ នៅ​ក្រោយ​ពេល​ដែល​ពលករ​ខ្មែរ​ជាង ២​សែន​នាក់​ត្រូវ​បញ្ជូន​មក​វិញ។

អ្នក​វិភាគ​គិត​ថា រាជរដ្ឋាភិបាល​កម្ពុជា កំពុងតែ​បង្ហាញ​ភាព​ទន់​ភ្លន់​ជាមួយ​រាជរដ្ឋាភិបាល​ថៃ គ្រប់គ្រង​ដោយ​យោធា ដែល​មាន​ក្រុម​អាវ​លឿង​គាំទ្រ និង​អាច​ជា​ការ​សម្របសម្រួល​មួយ ធ្វើ​យ៉ាង​ណា​អាច​ឲ្យ​ពលករ​ខ្មែរ​ដែល​អត់​ការងារ​ធ្វើ​ទាំង​នោះ​អាច​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ វិញ​បាន។

ទាក់ទិន​នឹង​ការ​ដោះលែង​សកម្មជន​អាវ​លឿង​ថៃ លោក វីរៈ ស៊ុំក្វាមឃីត នេះ​ដែរ ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ នៅ​ថ្ងៃ​ទី​៣ កក្កដា ដោយ​បដិសេធ​នូវ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​របស់​កាសែត​ថៃ ឌឹ ណេហ្សិន (The Nation) ដែល​ដក​ស្រង់​ខុស​នូវ​ប្រសាសន៍​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថា ការ​ដោះលែង​លោក វីរៈ ស៊ុំក្វាមឃីត ចេញ​ពី​ពន្ធនាគារ​កម្ពុជា គឺ​តាម​រយៈ​ការ​ទាក់ទង​តាម​ទូរស័ព្ទ​រវាង​លោក ប្រាយុទ្ធ ចាន់អួចា (Prayuth Chan-Ocha) ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា ខ្លឹមសារ​នោះ​មិន​មែន​ជា​ការ​ពិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។