មេទ័ព​ជាន់​ខ្ពស់​ថៃ​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ចុង​ខែ​សីហា

មេបញ្ជាការ​ជាន់​ខ្ពស់​យោធា​ថៃ លោក ថាណាសាក់ ប៉ាទីម៉ាប្រាឃន (Tanasak Patimapragorn) នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​៣០ ដល់​ថ្ងៃ​ទី​៣១ សីហា ដំណាច់​ខែ​នេះ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ថាណាសាក់ ប៉ាទីម៉ាប្រាឃន នឹង​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ភាគី​ទាំង​ពីរ​នឹង​អាច​ពិភាក្សា​គ្នា​អំពី​ជម្លោះ​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ទៀត​ផង ក្រៅ​ពី​ជជែក​គ្នា​អំពី​បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​កសាង​ផ្លូវ​គមនាគមន៍​ជាដើម នេះ​បើ​តាម​កាសែត​ថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ សីហា។

ទស្សនកិច្ច​របស់​ភាគី​ថៃ នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ខាង​ភាគី​កម្ពុជា ដឹក​នាំ​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ ទៀ បាញ់ ទៅ​ប្រទេស​ថៃ នៅ​ដើម​ខែ​សីហា កន្លង​ទៅ​នេះ ដែល​ភាគី​កម្ពុជា ចង់​លើក​អំពី​បញ្ហា​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ទៅ​ពិភាក្សា​ដែរ តែ​ភាគី​ថៃ ឆ្លើយ​ថា ពេល​នោះ​មិន​មែន​ជា​ពេល​វេលា​ល្អ​សម្រាប់​ជជែក​គ្នា​អំពី​រឿង​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។