រដ្ឋមន្ត្រី​ថៃនឹង​​មក​កម្ពុជា​ដើម្បី​ពិភាក្សា​ពី​ការងារ​ពលករ​ខ្មែរ​នៅ​ថៃ

ព័ត៌មាន​ការិយាល័យ​ជាតិ​នៃ​ប្រទេស​ថៃ (National News Bureau of Thailand)​ រាយការណ៍ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) នឹង​មក​ទស្សនកិច្ច​កម្ពុជា ដើម្បី​សម្របសម្រួល​ឯកសារ​មួយ​ចំនួន​ជាមួយ​ភាគី​កម្ពុជា ក្នុង​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ថៃ។

​សារព័ត៌មាន​មិន​បាន​បញ្ជាក់​កាល​បរិច្ឆេទ​ទេ ប៉ុន្តែ​មន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ បង្ហើប​ឲ្យ​ដឹង​ថា លោក ស៊ីហាសាក់ ភួងកេតកែវ មក​ទស្សនកិច្ច នៅ​ថ្ងៃ​ទី​១ កក្កដា​នេះ។

ដំណើរ​ទស្សនកិច្ច​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ពលករ​ខ្មែរជាង ២​សែន​នាក់ ក្នុងនោះភាគច្រើនលើសលុប ត្រូវអាជ្ញាធរថាចាប់បញ្ជូនមកកម្ពុជាវិញ ​ក្នុង​អំឡុង​ខែ​មិថុនា ដោយអមនុស្សធ៌ម។

បើ​តាម​សារព័ត៌មាន​ដដែល ដំណើរ​ទស្សនកិច្ច​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ​លើក​នេះ នឹង​ជួប​ភាគី​កម្ពុជា​លោក​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ លោក ហោ ណាំហុង និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ពិភាក្សា​អំពី​ការ​សម្រួល​ឯកសារ​នានា ក្នុង​ការ​បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់​ទៅ​ធ្វើការ​នៅ​ថៃ​វិញ ដោយ​ស្របច្បាប់។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​ខ្មែរ លោក កុយ គួង បាន​ភ្លាមៗ​នៅ​ល្ងាច​ថ្ងៃ​ទី៣០ មិថុនា ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម ​ដោយ​លោក​ថា​ជាប់រវល់។

ស្រប​ពេល​នេះ​ដែរ នៅ​ប្រទេស​ថៃ​ឯនោះ​វិញ អាជ្ញាធរ​ថៃ​បាន​ជួយ​សម្រួល និង​ផ្ដល់​ឯកសារ​ការងារ​ដល់​ពលករ​បរទេស​ខុសច្បាប់​ជា​បណ្ដើរៗ​ហើយ​ដែរ។

កាសែត​ថៃ បាង​កក​ប៉ុស្តិ៍ ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៣០ មិថុនា ថា អាជ្ញាធរ​ថៃ​នៅ​ខេត្ត សមុទ្រសាខន (Samut Sakhon) បាន​សម្រួល​ការងារ​ចុះបញ្ជី​ដល់​ពលករ​ខុសច្បាប់​បរទេស មាន​ដូច​ជា​ពលករ​ខ្មែរ ឡាវ និង​ភូមា ឬ មីយ៉ាន់ម៉ា ក្នុង​មួយ​ថ្ងៃៗ​រាប់ពាន់​នាក់ ឲ្យ​ក្លាយ​ជា​ពលករ​ស្របច្បាប់ ដើម្បី​ធ្វើការ​នៅ​ទី​នោះ​បន្ត​ទៅទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។