ក្រសួងសុខាភិបាលថៃ កាលពីថ្ងៃទី២៧ ខែមិថុនា បានរៀបចំការិយាល័យប្រចាំខេត្តថៃ ចំនួនបួន រួមមាន ខេត្តស្រះកែវ ចាន់បុរី ត្រាត និងខេត្តសុរិន្ទ ដើម្បីផ្តល់សេវាកម្មពិនិត្យសុខភាព និងលក់ប័ណ្ណធានារ៉ាប់រងផ្នែកសុខភាពឲ្យពលករខ្មែរ ដែលនឹងវិលត្រឡប់ទៅធ្វើការនៅថៃ វិញ។
សារព័ត៌មានថៃ ឌឹ ណេសិន (The Nation) ដកស្រង់សម្ដីមន្ត្រីសុខាភិបាលថៃ ថា តម្លៃពិនិត្យសុខភាពសម្រាប់ពលករខ្មែរមានតម្លៃ ១៥ដុល្លារ និងធានារ៉ាប់រងសុខភាព មានតម្លៃប្រមាណ ៤៩ដុល្លារ សម្រាប់មនុស្សពេញវ័យ និង ១១ដុល្លារសម្រាប់កុមារ។ វិធានការនេះ ធ្វើឡើងបន្ទាប់ពីរបាយការណ៍ក្រសួងសុខាភិបាលថៃ រកឃើញថា ពលករប្រមាណពីរនាក់ កាលពីឆ្នាំ២០១២ រកឃើញថា មានផ្ទុកជំងឺរបេង។
រដ្ឋាភិបាលយោធាថៃ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា បើកការិយាល័យចំនួន៣ នៅតាមបណ្តោយព្រំដែនកម្ពុជាថៃ ដើម្បីធ្វើឯកសារស្របច្បាប់ដល់ពលករខ្មែរ ដែលទៅធ្វើការងារនៅប្រទេសថៃ ដើម្បីជៀសវាងការជួញដូរមនុស្ស និងកម្លាំងពលកម្ម។ រដ្ឋាភិបាលថៃ នឹងបើកការិយាល័យទី៤ទៀតនៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ។ ការិយាល័យទាំងបួននេះ រួមមាននៅខេត្តស្រះកែវ ចាន់បុរី ត្រាត និងខេត្តសុរិន្ទ។
ក្រុមប្រឹក្សាជាតិទទួលបន្ទុកផ្នែកសន្តិភាព និងសណ្ដាប់ធ្នាប់ បានឲ្យក្រសួងមហាផ្ទៃថៃ សហការនឹងរដ្ឋមន្ត្រីការងារ និងសុខាភិបាល និងការិយាល័យអន្តោប្រវេសន៍ ទទួលបន្ទុកចុះឈ្មោះពលករខ្មែរ។ រដ្ឋាភិបាលយោធាថៃ បានស្ដីបន្ទោសមន្ត្រីពុករលួយមួយចំនួនថា បានបង្កើតពាក្យចចាមអារ៉ាម ដើម្បីឲ្យពលករខ្មែរចាកចេញពីប្រទេសថៃ ដើម្បីទទួលបានប្រាក់ពុករលួយ។ ការិយាល័យទាំងបួននេះ នឹងគ្រប់គ្រងសេវាកម្មទាំងស្រុង រួមមាន ការចេញលិខិតធ្វើការងារបណ្ដោះអាសន្ន ដើម្បីទាក់ទាញពលករកម្ពុជា ទៅប្រទេសថៃ វិញ ហើយក៏ជាការដោះស្រាយវិបត្តិបាត់បង់កម្លាំងពលកម្មនៅប្រទេសថៃ បច្ចុប្បន្ន។
ពលករដែលនឹងចូលរកការងារតាមច្រកខេត្តទាំងបួននេះ នឹងដាក់ឲ្យស្នាក់នៅក្នុងមណ្ឌលបណ្ដោះអាសន្នអាចរហូតដល់ ៦០ថ្ងៃ រង់ចាំម្ចាស់ក្រុមហ៊ុនមកទទួលយកទៅធ្វើការងារ។ ក្នុងពេលរង់ចាំនោះ ពលករទាំងនោះនឹងទទួលសេវាពិនិត្យសុខភាព និងទិញប័ណ្ណធានារ៉ាប់រង។ មន្ត្រីសុខាភិបាលថៃ មិនទាន់បញ្ជាក់ឲ្យច្បាស់លាស់ថា តើប្រសិនបើពលករពិនិត្យឃើញថា មានបញ្ហាសុខភាព និងមិនទិញប័ណ្ណធានារ៉ាប់រង នឹងត្រូវអនុញ្ញាតឲ្យធ្វើការងារនៅប្រទេសថៃ ឬទេ?
មន្ត្រីថៃ អះអាងថា ពលករធ្វើការងារនៅប្រទេសថៃ មានចំនួនជាងពីរលាននាក់ ធ្វើការងារស្របច្បាប់។ ចំណែកពលករខុសច្បាប់ក៏មានចំនួនប្រមាណ ២លាននាក់ដែរ។ បច្ចុប្បន្ន រដ្ឋាភិបាលថៃ បានចំណាយប្រាក់ប្រមាណ ៩លានដុល្លារប្រចាំឆ្នាំ ដើម្បីផ្តល់សេវាសុខភាពដល់ពលករធ្វើការងារខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
