មានប្រជាពលរដ្ឋជាច្រើននាក់បានចាត់ទុកថា បញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំនោះ គ្មានភាពត្រឹមត្រូវ គួរឲ្យជឿទុកចិត្តបានទេ។ តើគេអាចដូររបៀបចុះឈ្មោះអ្នកបោះឆ្នោតប្រចាំឆ្នាំនោះឬទេ?
មនុស្សជាច្រើននាក់បាត់ឈ្មោះ មិនអាចបោះឆ្នោតបាន ហើយពួកគេក៏មានកំហឹង និងចាប់ផ្ដើមរករឿងមន្ត្រីការិយាល័យបោះឆ្នោតនៅកន្លែងពួកគេបោះឆ្នោត។ កំហឹងកើតមានខ្លាំង ហើយមនុស្សជាច្រើននាក់យល់ថា មានបញ្ហាដូចគ្នា។ ដូច្នេះ អំពើហិង្សាបានកើតឡើងបណ្ដាលឲ្យរថយន្តល្បាតរបស់កងរាជអាវុធហត្ថខណ្ឌចំការមន ចំនួន ២គ្រឿង ត្រូវបានដុតកម្ទេចនៅក្បែរគល់ស្ពានស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ កក្កដា ជាថ្ងៃបោះឆ្នោត។ នេះគ្រាន់តែជាហេតុការណ៍មួយក្នុងចំណោមរឿងរ៉ាវជាច្រើនផ្សេងទៀត ដែលកើតមានឡើងទាក់ទងជាមួយភាពមិនត្រឹមត្រូវ និងយកជាការបាននៃបញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។
វាជាអំពើហិង្សាមួយនៅក្នុងចំណោមអំពើហិង្សាទាំងឡាយទាក់ទងជាមួយបញ្ជីឈ្មោះបោះឆ្នោតនោះ ដោយសារវាមិនបានបណ្ដាលឲ្យមានមនុស្សស្លាប់ឡើយ ហើយវាជាសញ្ញាល្អមួយបង្ហាញថា ទោះបីអ្នកបាត់ឈ្មោះ បាត់សិទ្ធិបោះឆ្នោត មានចំនួនច្រើនមែន ប៉ុន្តែពួកគេមិនបានប្រមូលគ្នាដើម្បីធ្វើការតវ៉ាទូទៅទេ។ មានជនជាតិវៀតណាម មានអត្តសញ្ញាណប័ណ្ណជាច្រើននាក់ ត្រូវក្រុមប្រជាពលរដ្ឋហាមមិនឲ្យបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតមួយចំនួន។ មានអ្នកខ្លះបានរកឃើញឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែឈ្មោះនោះមានការចុះបញ្ជាក់ក្នុងបញ្ជីថា បានបោះឆ្នោតរួចទៅហើយ។
លោក ទេព នីថា អគ្គលេខាធិការរបស់ គ.ជ.ប បានទទួលស្គាល់ថា ក្នុងបញ្ជីបោះឆ្នោតប្រចាំឆ្នាំមានឈ្មោះស្ទួនចំនួន ២៧ម៉ឺនឈ្មោះ ដែលទើបរកឃើញ និងត្រូវផ្ទៀងផ្ទាត់លុបចោលខ្លះ។ លោក ទេព នីថា បានបញ្ជាក់ថា នៅក្នុងឈ្មោះស្ទួន ២៧ម៉ឺននាក់នោះ មានឈ្មោះ ១៣ម៉ឺនឈ្មោះ ដែលត្រូវលុបចេញពីបញ្ជីឈ្មោះ ដោយសារពួកគេបានស្លាប់ ផ្លាស់ប្ដូរទីលំនៅ និងគ្មានសិទ្ធិបោះឆ្នោតជាដើម។ លោកអគ្គលេខាធិការរបស់ គ.ជ.ប បានបង្ហាញថា កំហុសនេះកើតឡើងដោយសារប្រជាពលរដ្ឋខ្លួនឯងផង និងដោយសាររបៀបធ្វើការរបស់មន្ត្រីថ្នាក់ក្រោម គឺពួកស្មៀនឃុំ-សង្កាត់ផង និងដោយសារបច្ចេកទេសនីតិវិធីក្នុងការចុះឈ្មោះបោះឆ្នោតផង។
លោក ទេព នីថា៖ «ដោយសារការចុះឈ្មោះបោះឆ្នោតស្រុកយើង វាជាការស្ម័គ្រចិត្ត វាមិនមែនជាកាតព្វកិច្ចទេ។ ហើយប្រជាពលរដ្ឋ ឧទាហរណ៍ដូចជា កម្មករ មុនមកធ្វើកម្មករនៅភ្នំពេញ នៅឯស្រុកគាត់នោះ គាត់មានឈ្មោះហើយ។ ហើយគាត់មកនៅភ្នំពេញ គាត់ជួលផ្ទះគេ មានសិទ្ធិចុះឈ្មោះនៅភ្នំពេញទៀត។ អីចឹងទេ យើងសុំឲ្យអ្នកចុះឈ្មោះថ្មីក្នុងករណីគាត់ចុះឈ្មោះ ហើយសុំឲ្យគាត់រាយការណ៍ឲ្យស្មៀន ដើម្បីលុបឈ្មោះចាស់នៅឃុំ-សង្កាត់នៅស្រុកចេញ។ តែគេអត់បានធ្វើរឿងនេះទេ។ ទី២ អ្នកផ្លាស់ទីលំនៅពីឃុំមួយទៅឃុំមួយទៀត។ យើងសុំឲ្យគាត់រាយការណ៍ ដើម្បីលុបឈ្មោះចាស់ តែគាត់មិនបានធ្វើដែរ។ នេះវាបង្កឲ្យមានការស្ទួនឈ្មោះ។ ហើយនៅក្នុងឃុំសង្កាត់នោះ ស្មៀនក៏មិនអាចរកឃើញឈ្មោះស្ទួនដែរ ពីព្រោះពេលចុះឈ្មោះសរសេរនឹងដៃ ស្មៀនអត់ចាំទាំងអស់ទេ។ អីចឹងដល់ពេលដាក់ចូលកុំព្យូទ័រ បានវារកឃើញឈ្មោះស្ទួន»។
ទាក់ទងជាមួយបញ្ជីឈ្មោះអ្នកបោះឆ្នោតនេះ អង្គការសង្កេតការណ៍បោះឆ្នោតមួយឈ្មោះ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (COMFREL) និងអង្គការអន្តរជាតិអាមេរិកមួយឈ្មោះ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ធ្លាប់បានចេញផ្សាយរបាយការណ៍មួយ មុនមានការនិយាយថា មានចំនួនមនុស្សរហូតដល់ ១លាននាក់ ដែលបានបាត់ឈ្មោះបោះឆ្នោត ទាក់ទងជាមួយរឿងបញ្ជីឈ្មោះបោះឆ្នោត។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការ ខុមហ្វ្រែល ពន្យល់ឲ្យដឹងថា បើគេចង់ឲ្យមានភាពច្បាស់លាស់ មានតម្លាភាព និងការចុះឈ្មោះបោះឆ្នោត មានភាពត្រឹមត្រូវនោះ គេគួរតែដូរប្រព័ន្ធ ឬរបៀបចុះឈ្មោះបោះឆ្នោតបច្ចុប្បន្នចេញ និងប្រើប្រព័ន្ធដែលមានការបញ្ជាក់អត្តសញ្ញាណច្រើនយ៉ាង ដូចជាគេអាចផ្ទៀងផ្ទាត់ឈ្មោះ រូបថត ថ្ងៃខែឆ្នាំកំណើត ដើម្បីចៀសវាងភាពស្ទួន និងការខុសអក្ខរាវិរុទ្ធជាដើម។
លោក គល់ បញ្ញា៖ «ប្រព័ន្ធយើងនេះវាអត់មានតម្លាភាព អត់មានការទទួលខុសត្រូវច្បាស់លាស់ អោយទៅ គ.ជ.ប ផង ឲ្យទៅស្មៀនឃុំសង្កាត់ធ្វើការងារនេះផង។ ហើយរបៀបធ្វើការងារ វាអត់ស៊ីគ្នា គឺថ្នាក់ក្រោមសរសេរដៃ ហើយ គ.ជ.ប ប្រើកុំព្យូទ័រ។ ដល់អ៊ីចឹងទៅ ទិន្នន័យនោះវាអត់ត្រូវគ្នា ម៉្លោះហើយបន្ទោសគ្នា»។
នៅក្នុងលទ្ធផលបោះឆ្នោតដែលប្រកាសដោយ គ.ជ.ប កាលពីថ្ងៃទី១២ សីហា បានបង្ហាញឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងគាំទ្រប្រមាណ ៣លាន ២សែនសំឡេង ចំណែកគណបក្សសង្គ្រោះជាតិ បានទទួលសំឡេងគាំទ្រប្រមាណ ២លាន ៩សែនសំឡេង។ ភាពខុសគ្នារវាងសំឡេងគាំទ្ររបស់គណបក្សទាំង២ គឺប្រមាណ ៣០ម៉ឺនសំឡេងប៉ុណ្ណោះ។ ហើយមន្ត្រីគណបក្សសង្គ្រោះជាតិ បានរិះគន់ថា បើសិនជាគេមានបញ្ជីឈ្មោះអ្នកបោះឆ្នោតត្រឹមត្រូវនោះ គណបក្សសង្គ្រោះជាតិ អាចឈ្នះ។ ទោះបីមានការប្រកាសលទ្ធផលបែបនេះក្តី ក៏គណបក្សសង្គ្រោះជាតិ មិនទាន់ទទួលស្គាល់លទ្ធផលនេះនៅឡើយ និងបានទាមទារឲ្យបង្កើតគណៈកម្មាធិការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីធ្វើការស្រាវជ្រាវផ្ទៀងផ្ទាត់ឡើងវិញ ដើម្បីរកឲ្យឃើញថា តើលទ្ធផលបោះឆ្នោតនោះមានភាពត្រឹមត្រូវឬទេ?
មន្ត្រីគណបក្សសង្គ្រោះជាតិ បាននិយាយថា ការរៀបចំពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រចាំឆ្នាំនៅខែតុលា នេះ មិនមែនជាពេលវេលាសមរម្យទេ ពីព្រោះទឹកកំពុងតែជន់លិចតំបន់ និងខេត្តខណ្ឌមួយចំនួន ក្នុងប្រទេស។ ដូច្នេះ គណបក្សនេះសុំឲ្យពន្យារពេលសិន។ ប៉ុន្តែ មន្ត្រីរៀបចំការបោះឆ្នោតនិយាយថា គេមិនអាចដូរបានទេ ពីព្រោះច្បាប់បានកំណត់ដូច្នេះទៅហើយ។ បើចង់ដូរ គេត្រូវដូរច្បាប់សិន។
តើគេអាចកែប្រែរបៀបពិនិត្យ និងការចុះឈ្មោះប្រចាំឆ្នាំបានឬទេ? ឆ្លើយតបចំពោះចម្ងល់នេះ លោក ទេព នីថា បានពន្យល់ថា គ.ជ.ប គ្រាន់តែជាស្ថាប័នមួយអនុវត្តច្បាប់ប៉ុណ្ណោះ ប៉ុន្តែបើសិនជាច្បាប់តម្រូវឲ្យប្រើប្រព័ន្ធចុះឈ្មោះបោះឆ្នោតណាមួយដែលគេយល់ថា មានប្រសិទ្ធភាព និងមានភាពត្រឹមត្រូវជាងប្រព័ន្ធបច្ចុប្បន្ននោះ គ.ជ.ប នឹងអនុវត្តតាម៖ «ត្រូវពង្រឹងថែមទៀតដើម្បីឲ្យអ្នកចុះឈ្មោះច្រើនកន្លែង លុបឈ្មោះចេញពីកន្លែងចាស់។ នេះបើផ្អែកលើប្រព័ន្ធយើងអនុវត្តរាល់ថ្ងៃ។ ហើយបើយើងដូរប្រព័ន្ធចុះឈ្មោះ ឧទាហរណ៍ យើងប្រើប្រព័ន្ធអត្រានុកូលដ្ឋានវិញ អាហ្នឹងមិនអាចមានឈ្មោះស្ទួនទេ ពីព្រោះគេបញ្ចូលទិន្នន័យតែម្តងគត់។ អ៊ីចឹង ដល់ថ្ងៃបោះឆ្នោត ក្រសួងមហាផ្ទៃ គេបញ្ជូនអ្នកគ្រប់អាយុបោះឆ្នោតមក គ.ជ.ប យកទៅបិទនៅឃុំ-សង្កាត់តែម្តង»។
លោក គល់ បញ្ញា យល់ស្របចំពោះការប្រើប្រព័ន្ធតាមបែបធ្វើអត្តសញ្ញាណប័ណ្ណ ដើម្បីកំណត់បញ្ជីឈ្មោះអ្នកបោះឆ្នោត ពីព្រោះវាអាចមានប្រសិទ្ធភាពក្នុងការរាំងស្កាត់ឈ្មោះស្ទួននៅក្នុងបញ្ជីឈ្មោះអ្នកមានសិទ្ធិបោះឆ្នោត។
នៅក្នុងសេចក្តីប្រកាសរួម ក្រោយពេលមានកិច្ចប្រជុំកំពូលរវាង លោក ហ៊ុន សែន និង លោក សម រង្ស៊ី កាលពីថ្ងៃទី១៦ កញ្ញា កន្លងទៅ ក៏មានលើកឡើងអំពីការកែទម្រង់ការបោះឆ្នោតនាពេលខាងមុខដែរ។ ប៉ុន្តែ គេមិនបាននិយាយលម្អិតថា តើគេប្រុងកែទម្រង់ គ.ជ.ប និងប្រព័ន្ធបោះឆ្នោត រួមទាំងរូបមន្តគណនាសន្លឹកឆ្នោត និងរបៀបចុះឈ្មោះអ្នកបោះឆ្នោតដោយរបៀបណានៅឡើយ?
ការបាត់ឈ្មោះអ្នកបោះឆ្នោតពីក្នុងបញ្ជីឈ្មោះបោះឆ្នោត ការមានឈ្មោះស្ទួន និងឈ្មោះអ្នកស្លាប់នៅតែមាននៅក្នុងបញ្ជីឈ្មោះបោះឆ្នោត កើតមានរាល់ពេលមានការរៀបចំការបោះឆ្នោត គឺទាំងក្នុងឱកាសបោះឆ្នោតរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្នុងឱកាសបោះឆ្នោតរើសអ្នកតំណាងរាស្ត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
