គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិ នឹងបើកកិច្ចប្រជុំពិភាក្សាគ្នាជុំវិញការជ្រើសរើសអនុប្រធានទាំង ៣រូប ដែលត្រូវបានក្រសួងមហាផ្ទៃ ចាត់ទុកថា ធ្វើឡើងខុសលក្ខន្តិកៈបក្ស។ រីឯក្រសួងមហាផ្ទៃ បញ្ជាក់ថា ខ្លួនស្វាគមន៍ជានិច្ច ប្រសិនបើបក្សប្រឆាំងចង់ជួបជជែកគ្នាម្ដងទៀត ដើម្បីដោះស្រាយរឿងលក្ខន្តិកៈបក្សនេះ។
ថ្វីត្បិតតែថ្នាក់ដឹកនាំគណបក្សនយោបាយធំៗទាំងពីរហាក់ស្ងប់ស្ងាត់មិនសូវវាយប្រហារគ្នាធ្ងន់ៗក្នុងឱកាសរៀបចំទទួលទេវតាឆ្នាំថ្មីក្ដី ប៉ុន្តែគេសង្កេតឃើញថា គណបក្សប្រឆាំងនៅតែមានឧបសគ្គត្រូវពុះពារ ក្រោយពីក្រសួងមហាផ្ទៃ នៅតែមិនទទួលស្គាល់ការជ្រើសរើសអនុប្រធានបក្សទាំង ៣រូប និងទទួលស្គាល់តែលោក កឹម សុខា ជាប្រធានបក្ស។ ពាក់ព័ន្ធនឹងរឿងនេះ គណបក្សប្រឆាំងថានឹងកោះប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស ប៉ុន្តែមិនទាន់កំណត់ពេលជាក់លាក់ឡើយ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី៩ មេសា ថា មូលហេតុដែលមិនទាន់ដឹងអំពីពេលជាក់លាក់ ដោយសារបច្ចុប្បន្ន ក្រុមមន្ត្រីបក្សប្រឆាំងមិនទាន់ជួបជុំគ្នានៅឡើយ។ លោកបន្តថា ការសម្រេចយ៉ាងណា នឹងដឹងក្រោយកិច្ចប្រជុំនាពេលនោះ៖ « ប្រជុំវាមិនមែនមានតែមួយរឿងទេ វាមានច្រើនរឿង អ៊ីចឹងដល់ពេលប្រជុំ យើងក៏អាចលើករឿងនេះទៅជជែកគ្នាដែរដើម្បីធ្វើអ្វីទៀត » ។
នៅថ្ងៃទី៥ មេសា ក្រសួងមហាផ្ទៃ បានផ្ញើលិខិតឆ្លើយតបទៅគណបក្សប្រឆាំង បន្ទាប់ពីគណៈកម្មាធិការនាយកគណបក្សនេះ កាលពីថ្ងៃទី២ មេសា បានរក្សាទុកក្បាលម៉ាស៊ីនដឹកនាំបក្សឲ្យនៅដដែល តែសម្រេចលុបចោលពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ដ្រ» តាមការចង់បានរបស់បក្សកាន់អំណាច និងក្រសួងមហាផ្ទៃ។ ក្នុងលិខិតដដែលនេះ ក្រសួងមហាផ្ទៃ មិនទទួលស្គាល់ការជ្រើសរើសអនុប្រធានរបស់គណបក្សសង្គ្រោះជាតិ ទាំង ៣រូប ដែលមានសមាសភាពរបស់អ្នកស្រី មូរ សុខហួរ លោក ប៉ុល ហំម និងលោក អេង ឆៃអ៊ាង។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់ថា មូលហេតុដែលក្រសួងមហាផ្ទៃ មិនទទួលស្គាល់សមាសភាពអនុប្រធានបក្សប្រឆាំងទាំង ៣រូបនោះ ដោយសារការជ្រើសរើសនេះធ្វើឡើងលើសពី ៣០ថ្ងៃ បន្ទាប់ពីការលាលែងពីតំណែងប្រធានបក្សរបស់លោក សម រង្ស៊ី ដែលខុសគ្នានឹងលក្ខន្តិកៈគណបក្សនេះតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ លោកបន្ថែមថា ក្រសួងគ្មានសិទ្ធិអំណាចតម្រូវឲ្យគណបក្សនយោបាយណាមួយធ្វើតាមខ្លួនឡើយ ផ្ទុយទៅវិញ ក្រសួងគ្រាន់តែមានតួនាទីត្រួតពិនិត្យនូវអ្វីដែលគណបក្សនោះនិយាយ និងធ្វើប៉ុណ្ណោះ៖ « គាត់ជ្រើសរើសថ្ងៃទី២ មីនា វាខុសទៅហើយ ព្រោះលក្ខន្តិកៈមិនតម្រូវឲ្យជ្រើសរើស ៣នាក់ទេម្ដងហើយ។ ដល់ពេលគាត់ធ្វើវិសោធនកម្មជ្រើសរើសទៀតក្នុងរយៈ ៣០ថ្ងៃ ក្រោយប្រធានលាលែង វារឹតតែខុសទៀត ខុសជាន់លើខុស » ។
លោក ខៀវ សុភ័គ បញ្ជាក់ថា ប្រសិនបើមានសំណើចង់ជួបជជែកគ្នាម្ដងទៀត ក្រសួងនឹងរៀបចំតាមការចង់បានរបស់បក្សប្រឆាំង។ កាលពីថ្ងៃទី២៩ ខែមីនា ក្រសួងមហាផ្ទៃ និងគណបក្សសង្គ្រោះជាតិ បានជួបពិភាក្សាម្ដងរួចមកហើយ បន្ទាប់ពីក្រសួងមិនទទួលស្គាល់ការធ្វើសមាជវិសាមញ្ញរបស់បក្សប្រឆាំងនៅថ្ងៃទី២ មីនា ដែលមានការជ្រើសរើសប្រធាន និងអនុប្រធានបក្សឡើងវិញ បន្ទាប់ពីលោក សម រង្ស៊ី បានលាលែងនៅថ្ងៃទី១១ កុម្ភៈ។
រឿងរ៉ាវស្មុគស្មាញតាមយាយីបក្សប្រឆាំងមកដល់ពេលនេះ បន្ទាប់ពីលោក សម រង្ស៊ី ដែលជាប់ពាក្យបណ្ដឹងជាច្រើននៅតុលាការ បានសម្រេចលះបង់តំណែងខ្ពស់បំផុតក្នុងបក្ស ដើម្បីការពារគណបក្សសង្គ្រោះជាតិ កុំឲ្យគេរំលាយចោល ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយទាំងប្រញាប់ប្រញាល់ ដែលការកែប្រែច្បាប់នេះ បានផ្ដល់សិទ្ធិដ៏ធំធេងឲ្យក្រសួងមហាផ្ទៃ យកទៅរំលាយគណបក្សនយោបាយចោល ប្រសិនបើប្រធាន ឬអនុប្រធានបក្សនោះត្រូវបានតុលាការរកឃើញប្រព្រឹត្តបទល្មើសណាមួយ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្ដាប់ធ្នាប់ក្នុងសង្គម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងឈ្នះក្ដីរាល់សំណុំរឿងជាច្រើនជាមួយលោក សម រង្ស៊ី នៅតុលាការក្រុងភ្នំពេញ ក្រៅពីស្នើឲ្យធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ លោកក៏ព្រមានរឹបអូសយករាល់ទ្រព្យសម្បត្តិទាំងអស់របស់លោក សម រង្ស៊ី ចាប់តាំងពីផ្ទះ ដី រហូតទីស្នាក់ការធំរបស់គណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅសង្កាត់ចាក់អង្រែលើ ផងដែរ ដើម្បីធ្វើជាសំណងសងថ្លៃខូចខាតមកលើរូបលោក។
ទោះជាយ៉ាងនេះក្ដី មន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា ការមិនទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំអនុប្រធានបក្សប្រឆាំងទាំង ៣រូប មិនធ្វើឲ្យប៉ះពាល់ដល់សុពលភាពគណបក្សប្រឆាំងនោះទេ ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅពេលខាងមុខ។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថា និកហ្វិច (NICFEC) លោក សំ គន្ធាមី យល់ថា ប្រសិនបើគណបក្សមួយគ្មានអនុប្រធានច្បាស់លាស់ អាចធ្វើឲ្យបក្សនោះជួបភាពលំបាកមួយចំនួន ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងធ្វើឲ្យប៉ះពាល់ផ្ទៃក្នុងបក្ស ព្រមទាំងការស្វែងរកថវិកា ជាដើម៖ « វាមានការរអាក់រអួលខ្លះដែរក្នុងការចាត់ចែង គ្រប់គ្រង ចែកគ្នាគ្រប់គ្រង អនុប្រធានមួយៗទទួលបន្ទុកផ្នែករៀងៗខ្លួន » ។
លោក សំ គន្ធាមី មើលឃើញថា ការមិនទទួលស្គាល់អនុប្រធានបក្សទាំង ៣រូបរបស់បក្សប្រឆាំងពីសំណាក់ក្រសួងមហាផ្ទៃ នៅពេលនេះ ហាក់មិនសូវជាស្មុគស្មាញសោះ ព្រោះគណបក្សប្រឆាំងអាចជួបជជែកគ្នាជាមួយក្រសួងមហាផ្ទៃ ម្ដងទៀត ដើម្បីស្វែងរកចំណុចខ្វះខាតពាក់ព័ន្ធនឹងឯកសារច្បាប់ រួចហើយរៀបចំបែបបទបំពេញបន្ថែមតាមអ្វីដែលក្រសួងមហាផ្ទៃ ចង់បាន ដូច្នោះរឿងនេះនឹងចប់សព្វគ្រប់មិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
