ចំណែកអ្នកជំនាញផ្នែកវិស័យសារព័ត៌មាននៅកម្ពុជា វិញ ព្រមានថា ប្រសិនប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅមិនកែទម្រង់ឲ្យស្ថិតនៅអព្យាក្រឹត្យជាងបច្ចុប្បន្ននេះទេ ការកសាងជំនឿចិត្តពីអ្នកស្ដាប់ អ្នកអាន និងអ្នកទស្សនា នឹងស្ថិតលើផ្លូវដ៏លំបាកបំផុតទៅខាងមុខទៀត។
ក្រុមអ្នកឯកទេសផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា មួយចំនួន យល់ឃើញថា ប្រព័ន្ធឃោសនាមានព្រឹត្តិបត្រ ទស្សនាវដ្ដី វិទ្យុ និងទូរទស្សន៍ ហាក់មានភាពអសកម្មក្នុងការផ្សព្វផ្សាយឲ្យបានស៊ីជម្រៅ ដោយផ្អែកលើមូលដ្ឋាននៃវិជ្ជាជីវៈរបស់ខ្លួន ដោយចាត់ទុកការបន្តផ្ដល់ព័ត៌មានតែពីភាគីម្ខាង ឬបក្សនយោបាយមួយអាចជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងនោះត្រូវបាត់បង់ជំនឿទុកចិត្តកាន់តែធ្ងន់ធ្ងរ។
ការថ្លែងដូចនេះរបស់អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា នៅសណ្ឋាគារសាន់វេ (Sunway Hotel) រាជធានីភ្នំពេញ។
លោក ពុយ គា អ្នកឆ្លើយឆ្លងសារព័ត៌មានក្យូដូជប៉ុន (Kyodo) ប្រចាំកម្ពុជា រិះគន់ថា ប្រព័ន្ធឃោសនារបស់ឯកជនមួយចំនួន ដូចជាវិទ្យុ កាសែត និងទូរទស្សន៍ ដែលកំពុងដំណើរការផ្សព្វផ្សាយសព្វថ្ងៃ ត្រូវរងការស្ដីបន្ទោសថា មានភាពលម្អៀង និងមិនអព្យាក្រឹត្យ។ លោកបន្តថា ដើម្បីទាក់ទាញការជឿទុកចិត្តពីអ្នកអាន អ្នកស្ដាប់ និងអ្នកទស្សនា គេគួរកែទម្រង់ឲ្យមានភាពជឿនលឿនជាងនេះបន្តិច។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា ប្រតិកម្មប្រឆាំងនឹងការអត្ថាធិប្បាយ ដែលរកឃើញពីកំហុសរបស់ប្រព័ន្ធផ្សព្វផ្សាយគាំទ្ររដ្ឋាភិបាលថា ហាក់មានភាពអសកម្មទៅលើបញ្ហាកំពុងប្រឈមនៅក្នុងសង្គម។ លោកគិតថា ប៉ុន្តែប្រព័ន្ធឃោសនាដែលមកពីបក្សម្ខាងទៀត បែរជាត្រូវលើកលែង និងមិនខ្វាយខ្វល់ទៅវិញ។
បើទោះជាបែបណា ប្រព័ន្ធផ្សព្វផ្សាយ និងព្រឹត្តិបត្រ ទាំងរដ្ឋ និងឯកជន ត្រូវរងការរិះគន់យ៉ាងចាស់ដៃពីអ្នកស្ដាប់ និងអ្នកអាន ថាមានទំនោរទៅរកគណបក្សកាន់អំណាច ហើយផ្សព្វផ្សាយសេចក្ដីរាយការណ៍ពុំអាចជឿទុកចិត្តបាន។ ដោយឡែក ប្រជាពលរដ្ឋដែលប្រើប្រាស់ប្រព័ន្ធបណ្ដាសង្គមហ្វេសប៊ុក (Facebook) ដ៏ពេញនិយមវិញ ចាត់ទុកថា ប្រព័ន្ធបណ្ដាញព័ត៌មានបច្ចុប្បន្ន បានគាំទ្រផ្កាប់មុខទៅលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ហើយការរិះគន់នេះ នៅពុំទាន់រាប់ពីអ្នកធ្វើអត្ថាធិប្បាយនៅតាមបណ្ដាស្ថានីយវិទ្យុ និងទូរទស្សន៍មួយចំនួនផងទេ។
លោក ប៉ែន បូណា ជានិពន្ធនាយកវិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរ ព្រមានថា បើប្រព័ន្ធឃោសនាដែលបម្រើឲ្យគោលនយោបាយបក្សម្ខាងៗនៅតែបន្តបេសកកម្មរបស់ខ្លួន ដោយមិនកែទម្រង់ពីពេលនេះទេ អាចប្រឈមនឹងការបាត់បង់ប្រជាប្រិយភាពជាងនេះបន្ថែមទៀត។ ជាងនេះទៀត ឆ្លងកាត់បទពិសោធន៍ក្នុងពេលកន្លងទៅ លោកអះអាងថា ប្រព័ន្ធព័ត៌មានឯករាជ្យ និងប្រកាន់គោលការណ៍វិជ្ជាជីវៈ ហាក់ទទួលបានការគាំទ្រក្នុងដំណាក់កាលចុងក្រោយនេះ។
ប៉ុន្តែ ថ្លែងទៅកាន់សមាជិករដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ កាលពីថ្ងៃទី២៥ ខែកញ្ញា នៅទីស្ដីការគណៈរដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងធ្វើកំណែទម្រង់ឲ្យបានស៊ីជម្រៅ ជាពិសេស បើកចំហជើងមេឃលើប្រព័ន្ធផ្សព្វផ្សាយឲ្យបានទូលំទូលាយ។
ចំណែក លោក ប៉ែន បូណា គិតថា អ្វីដែលធ្វើឲ្យគណបក្សសង្គ្រោះជាតិ ទទួលបានគាំទ្រដ៏ច្រើនលើសលប់នៅនីតិកាលទី៥ ព្រោះតែបក្សនយោបាយមួយនេះចេះប្រើប្រាស់ប្រព័ន្ធឃោសនាយ៉ាងមានប្រសិទ្ធភាពជាងបក្សកាន់អំណាច។ ដោយឡែក គណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងបដិសេធរាល់ការលើកឡើងរបស់ក្រុមអ្នកសារព័ត៌មាន ឬអះអាងថា នៅពុំទាន់បានទទួលសេចក្ដីរាយការណ៍ពិស្ដារជាដើមអំពីសំណួរណាដែលធ្វើឲ្យរដ្ឋាភិបាលរសើប។ ស្ថិតក្រោមហេតុផលនេះ អ្នកជំនាញផ្នែកសារព័ត៌មានគិតថា នេះទំនងជាជារឿងដែលធ្វើឲ្យគណបក្សកាន់អំណាចត្រូវបាត់បង់កៅអីនៅក្នុងសភាជាលើកដំបូង ដែលពុំធ្លាប់មាន ចាប់តាំងពីក្រោយឆ្នាំ១៩៩៣ មក។
ភ្លាមៗក្រោយពីប្រកាសសុពលភាពរដ្ឋាភិបាលថ្មី លោក ហ៊ុន សែន បានដាក់ចេញដាវអាជ្ញាសឹកដ៏មានសារសំខាន់ ក្នុងចំណោមកំណែទម្រង់ដទៃទៀតនោះ គឺច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន។ លោកនាយករដ្ឋមន្ត្រីទាមទារពន្លឿនឲ្យច្បាប់នេះត្រូវចេញដោយចៀសពុំបាន។ ភាពចម្រូងចម្រាសច្បាប់នេះហើយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ត្រូវរងការរិះគន់ជាខ្លាំងពីអង្គការសង្គមស៊ីវិលម្ដងជាពីរដង ថាបានព្យាយាមពន្យារអស់រយៈពេល ៤អាណត្តិមកហើយ អំពីច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
