តំណាងរាស្ត្រជាប់ឆ្នោតដែលធ្លាប់មានតួនាទីចាប់ពីថ្នាក់អភិបាលខេត្ត រដ្ឋលេខាធិការ តំណាងរាស្ត្រ រហូតដល់រដ្ឋមន្ត្រី ត្រូវបានគណបក្សកាន់អំណាចសម្រេចលុបចោលបេក្ខភាព ដោយជំនួសវិញដោយអ្នកជំនាន់ថ្មីជាអតីតអភិបាលខេត្ត ភរិយាអ្នកមានឥទ្ធិពលក្នុងបក្ស និងយុវជនជាកូនប្រុសមន្ត្រីជាន់ខ្ពស់ជាដើម។
ការបោះឆ្នោតលើកនេះ គណបក្សប្រជាជនកម្ពុជា បានរៀបចំកែទម្រង់ ដោយមិនអនុញ្ញាតឲ្យមន្ត្រីជាន់ខ្ពស់មួយចំនួន ដែលត្រូវជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រ បានធ្វើជាអ្នកតំណាងរាស្ត្របន្តទៀតទេ។ មណ្ឌលមួយចំនួនដែលបក្សកាន់អំណាចបានកែប្រែសមាសភាពបេក្ខភាពអ្នកតំណាងរាស្ត្រច្រើន គឺមណ្ឌលបាត់ដំបង មណ្ឌលកំពង់ចាម មណ្ឌលកំពង់ស្ពឺ មណ្ឌលកំពត មណ្ឌលកណ្ដាល មណ្ឌលរាជធានីភ្នំពេញ និងមណ្ឌលព្រៃវែង។
មណ្ឌលបាត់ដំបង គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតចំនួន ៥អាសនៈ។ បេក្ខជនដែលត្រូវជាប់ជាអ្នកតំណាងរាស្ត្រ ហើយគណបក្សឲ្យជាប់ជាអ្នកតំណាងរាស្ត្រមានចំនួន ៣នាក់ គឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រធានរតនាគារជាតិ លោក ងិន ឃន និងអតីតអ្នកតំណាងរាស្ត្រ អ្នកស្រី លី គឹមលៀង។ អ្នកដែលឈរឈ្មោះលេខរៀងបន្ទាប់ មានដូចជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា ឈរឈ្មោះលេខរៀងទី៣ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក នឹម ថូត ឈរឈ្មោះលេខរៀងទី៤ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ លោក លេង វី ឈរឈ្មោះលេខរៀងទី៦ និងអតីតអ្នកតំណាងរាស្ត្រ អ្នកស្រី ជួញ ស៊ុនឆៃ ឈរឈ្មោះលេខរៀងទី៧។ ប៉ុន្តែ អ្នកទាំង ៤នាក់នេះ មិនត្រូវបានគណបក្សអនុញ្ញាតឲ្យកាន់តំណែងជាអ្នកតំណាងរាស្ត្រទេ។ គណបក្សកាន់អំណាចបញ្ចូលឈ្មោះអ្នកតំណាងរាស្ត្រឈរឈ្មោះលេខរៀងទី៨ ដែលប៉ិនខាងវាយប្រហារបក្សប្រឆាំងក្នុងសភា លោក ឈាង វុន និងអ្នកតំណាងរាស្ត្រទី៤ អ្នកស្រី ឡោក ហ៊ួរ។
មណ្ឌលខេត្តកំពង់ចាម គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតចំនួន ៨អាសនៈ។ បេក្ខជនដែលត្រូវជាប់ឆ្នោត ហើយមិនមានការកែប្រែមាន ៤នាក់ គឺប្រធានរដ្ឋសភា លោក ហេង សំរិន រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង និងអតីតអភិបាលខេត្តកំពង់ចាម និងជាបងប្រុសបង្កើតរបស់ លោក ហ៊ុន សែន គឺ លោក ហ៊ុន ណេង។ ចំណែកឯបេក្ខភាពដែលឈរលេខរៀងជាបន្តបន្ទាប់ ត្រូវជាប់ឆ្នោត តែមិនបានកាន់តំណែងជាតំណាងរាស្ត្រ មានដូចជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ឈរលេខរៀងទី៤ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ជា សុផារ៉ា ឈរឈ្មោះលេខរៀងទី៥ រដ្ឋមន្ត្រីក្រសួងការងារ លោក វង សូត ឈរឈ្មោះលេខរៀងទី៦ និងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន ឈរលេខរៀងទី៨។ ទោះបីមន្ត្រីធំៗទាំង៤ មិនត្រូវបានជ្រើសរើសក្តី បេក្ខជនលេខរៀងទី៩ គឺលោក ខែក សំអុន និងបេក្ខជនលេខរៀងទី១០ ដែលជាកូនប្រុស លោក សាយ ឈុំ គឺ លោក សាយ សំអាល់ ក៏មិនត្រូវបានជ្រើសរើសទេ។ គណបក្សកាន់អំណាចបានជ្រើសរើសយកអតីតអ្នកតំណាងរាស្ត្រចំនួន ៤នាក់ជំនួសវិញ។
មណ្ឌលកំពង់ស្ពឺ បក្សកាន់អំណាចឈ្នះឆ្នោតបាន ៣អាសនៈ។ គណបក្សប្រជាជនកម្ពុជា មិនអនុញ្ញាតឲ្យបេក្ខជនលេខរៀងទី១ ជាអនុប្រធានព្រឹទ្ធសភា លោក សាយ ឈុំ និងបេក្ខជនលេខរៀងទី២ រដ្ឋមន្ត្រីក្រសួងផែនការ លោក ឆាយ ថន កាន់តំណាងជាអ្នកតំណាងរាស្ត្រទេ។ ហើយអ្នកដែលជាប់ឆ្នោតតាមលេខរៀងទី៣ គឺអតីតអភិបាលខេត្ត លោក កង ហ៊ាង។ កៅអីតំណាងរាស្ត្រពីរទៀត ត្រូវបានទៅកូនប្រុស លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានី និងអតីតអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហែម ខន។
ចំណែកខេត្តកំពត វិញ បក្សប្រជាជនកម្ពុជា ឈ្នះបានកៅអីសភាចំនួន ៣អាសនៈ។ ប៉ុន្តែ បេក្ខជនលេខរៀងទី១ អតីតអ្នកតំណាងរាស្ត្រ លោក នៃ ប៉េណា បេក្ខជនលេខរៀងទី២ ប្រធានគយ លោក ប៉ែន ស៊ីម៉ន និងបេក្ខជនលេខរៀងទី៣ រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ចាយ សាំងយុន។ តំណែងតំណាងរាស្ត្របានទៅលើអតីតអ្នកតំណាងរាស្ត្រ លោក សោម ចិន ដែលឈរលេខរៀងទី៤។ ប្អូនថ្លៃលោក ហ៊ុន សែន គឺ លោក នឹម ចន្ទតារា ដែលឈរលេខរៀងទី៥ និងភរិយាអភិបាលខេត្តកំពត លោក ឃួយ ឃុនហួ គឺអ្នកស្រី អ៊ុន សុគន្ធា។
មណ្ឌលកណ្ដាល គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតចំនួន ៥អាសនៈ។ បេក្ខជនដែលមិនផ្លាស់ប្ដូរតំណែងពីអ្នកតំណាងរាស្ត្រ រួមមាន លោក ហ៊ុន សែន ឈរលេខរៀងទី១។ អនុប្រធានទី២ រដ្ឋសភាជាតិ អ្នកស្រី ឃួន សុដារី ឈរលេខរៀងទី២ អតីតអ្នកតំណាងរាស្ត្រ លោក ម៉ុម ជីមហ៊ុយ ឈរលេខរៀងទី៣ និងអតីតអ្នកតំណាងរាស្ត្រ អ្នកស្រី ហូ ណូន ឈរលេខរៀងទី៤។ ចំណែកឯមន្ត្រីជាន់ខ្ពស់ ៤នាក់ផ្សេងទៀត ដែលឈរលេខរៀងទី៥ ទី៦ ទី៧ និងទី៨ មិនត្រូវបានគណបក្សជ្រើសរើសជាតំណាងរាស្ត្រទេ។ អ្នកទាំងនោះមានដូចជា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល និងផ្កាយបួនប៉ូលិសជាតិ គឺលោក ឌុល គឿន។ គណបក្សកាន់អំណាច បែរជាយកមន្ត្រីដែលឈរលេខរៀងបន្ទាប់ឲ្យធ្វើតំណាងរាស្ត្រជំនួសវិញ។
មណ្ឌលរាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតចំនួន ៥អាសនៈ។ អ្នកដែលជាប់ឆ្នោតហើយ ត្រូវគណបក្សមិនឲ្យតំណែងតំណាងរាស្ត្រមានដូចជា រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក អ៊ិត សំហេង ឈរលេខរៀងទី៤ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង។ ចំណែកឯរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ប្រាក់ សុខុន ឈរលេខរៀងទី៦ និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ្នកស្រី អ៊ឹង កន្ថាផាវី ឈរលេខរៀងទី៧ ក៏មិនត្រូវជ្រើសរើសដែរ។ អ្នកដែលជាប់ជាតំណាងរាស្ត្រជាបេក្ខជនធ្លាប់ជាតំណាងរាស្ត្រអាណត្តិមុនដែលឈរលេខរៀងទី៨ លោក ហ៊ូ ស្រ៊ី បេក្ខជនឈរលេខរៀងទី៩ លោក គ្រួច សំអាន និងបេក្ខនារីឈរលេខរៀងទី១០ អ្នកស្រី ឡោក ខេង។
មណ្ឌលព្រៃវែង គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត ៥អាសនៈ។ បេក្ខជនដែលបក្សកាន់អំណាចមិនអនុញ្ញាតឲ្យជាប់ជាអ្នកតំណាងរាស្ត្រ រួមមាន បេក្ខជនលេខរៀងទី៤ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ព្រំ សុខា និងប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា ដែលឈរលេខរៀងទី៥ ជំនួសវិញដោយកូនប្រុសរបស់ លោក ស ខេង គឺលោក ស សុខា និងអតីតអ្នកតំណាងរាស្ត្រ លោក សុខ ឥសាន។
ទាក់ទងនឹងការដោះដូរតំណែងអ្នកតំណាងរាស្ត្រនេះ មន្ត្រីអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន និងលោក ជាម យៀប សុទ្ធតែបានអះអាងប្រាប់អ្នកកាសែតថា ជាកំណែទម្រង់ដ៏ស៊ីជម្រៅរបស់គណបក្សកាន់អំណាច បន្ទាប់ពីបក្សនេះធ្លាក់សំឡេងឆ្នោតអស់ ២២អាសនៈរួចមក។ លោក ជាម យៀប ថែមទាំងបង្ហើបប្រាប់អ្នកកាសែតថា មន្ត្រីមួយចំនួនដែលធ្លាប់កាន់តំណែងជារដ្ឋមន្ត្រី មិនអាចធ្វើជាអ្នកតំណាងរាស្ត្របានទេ។
អ្នកតាមដានបញ្ហានយោបាយមួយចំនួនលើកឡើងថា រដ្ឋមន្ត្រីដែលជាប់ជាអ្នកតំណាងរាស្ត្រ ដូចជា រដ្ឋមន្ត្រីការបរទេស លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងអប់រំ លោក អ៊ឹម សិទ្ធី ទំនងជាត្រូវបក្សកាន់អំណាចមិនអនុញ្ញាតឲ្យធ្វើរដ្ឋមន្ត្រីនៅអាណត្តិបន្ទាប់ទៀតទេ។ ទោះយ៉ាងណាក្តី មន្ត្រីគណបក្សប្រជាជនកម្ពុជា អះអាងថា គណបក្សប្រជាជនកម្ពុជា មិនទាន់សម្រេចរៀបចំគណៈរដ្ឋមន្ត្រីនៅឡើយ។
ទោះជាបែបណាក៏ដោយ អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី យល់ថា ការដោះដូរកៅអីតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដោយសារករណីសិក្សាមួយចំនួន ដូចជា ការបែងចែកអំណាចគ្នាបំណងចង់ដាក់បេក្ខភាពកូនប្រុសលោកធំចូលក្នុងសភា និងបំណងចង់ឲ្យការប្រជុំសភាដំណើរការបានល្អ។ លោកបន្តថា បើសិនជាគណបក្សប្រជាជនកម្ពុជា ចង់កែទម្រង់មែន គណបក្សកាន់អំណាចត្រូវធ្វើយ៉ាងណាឲ្យរដ្ឋសភា និងរាជរដ្ឋាភិបាលឯករាជ្យពីគ្នា ហើយនាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី មិនចាំបាច់មានឈ្មោះជាអ្នកតំណាងរាស្ត្រឡើយ។ លោកបញ្ជាក់ថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈឲ្យបានស៊ីជម្រៅ នឹងនាំមកនូវប្រសិទ្ធភាពការងារខ្ពស់បំផុត។ ឧទាហរណ៍ដូចជា មន្ត្រីជាន់ខ្ពស់មិនត្រូវកាន់តំណែងច្រើនម្នាក់ឯង តំណែងរដ្ឋលេខាធិការមិនត្រូវមានច្រើនពេក កាត់បន្ថយចំនួនទីប្រឹក្សារបស់មន្ត្រីធំៗ និងលើកទឹកចិត្តមន្ត្រីមានសមត្ថភាពជាដើម។
លោក កែម ឡី បញ្ជាក់ថា ការផ្លាស់ប្ដូរតំណែងមន្ត្រីកាន់ការស្រុកទេស គឺត្រូវតែឈរលើគោលការណ៍សមត្ថភាពបំពេញការងារជាសំខាន់ មិនអាចធ្វើដោយការប្រថុយប្រថានបានទេ។
ទន្ទឹមនឹងនេះ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ យល់ថា ការរៀបចំរបស់បក្សប្រជាជនកម្ពុជា បែបនេះ ជាការវិវត្តន៍មួយបន្ទាប់ពីធ្លាក់សំឡេងឆ្នោតអស់ ២២អាសនៈ។ លោកបន្តថា រាជរដ្ឋាភិបាលត្រូវតែធ្វើកំណែទម្រង់លើវិស័យសំខាន់ៗ ដើម្បីប្រយោជន៍ជាតិ ដូចជាវិស័យការទូត សេដ្ឋកិច្ច ជាដើម។ លោកបញ្ជាក់ថា ការបោសសម្អាតបក្ខពួកនិយម និងពុករលួយតាមក្រសួងនីមួយៗ ក៏ត្រូវតែធ្វើជាដាច់ខាតមិនអាចអល់អែកបានទេ។
ការផ្លាស់ប្ដូរតំណែងអ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា មុនពេលប្រកាសលទ្ធផលឆ្នោតផ្លូវការបែបនេះ គឺធ្វើឡើងជាលើកទី១ ហើយក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។ ក្រុមសង្គមស៊ីវិលយល់ថា ការបង្កើនតំណែងក្នុងជួរស្ថាប័នរដ្ឋ ដែលដឹកនាំដោយបក្សប្រជាជនកម្ពុជា នាពេលកន្លងមក ធ្វើឡើងភាគច្រើនដើម្បីផលប្រយោជន៍នយោបាយ ជាជាងផលប្រយោជន៍ជាតិ។ មកទល់ពេលនេះ មិនមានរបាយការណ៍ណាមួយបង្ហាញច្បាស់លាស់ថា មានមនុស្សប៉ុន្មាននាក់ដែលមានងារជាឯកឧត្តមនោះទេ ហើយអ្នកទាំងអស់នោះចាយលុយថវិកាជាតិប៉ុន្មាន ក៏មិនមានអ្នកដឹងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។