ប្រពន្ធរបស់អ្នកជាប់ពន្ធនាគារជាសមាជិករបស់ចលនាអំណាចពលរដ្ឋខ្មែរ ស្នើសុំទៅប្រមុខរដ្ឋាភិបាលកម្ពុជា ឲ្យលើកលែងទោសប្ដីរបស់ពួកគេ។ ការស្នើសុំនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីព្រះមហាក្សត្រ បានព្រះរាជទានទោសដល់ លោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ។ បញ្ហានេះ លោក សួន សេរីរដ្ឋា អះអាងថា លោកកំពុងសម្របសម្រួលផ្នែកនយោបាយជាមួយរដ្ឋាភិបាល ដើម្បីឲ្យអ្នកជាប់ឃុំទាំងបីនាក់នោះ ទទួលបានសិទ្ធិសេរីភាព។
ភាពលំបាកវេទនាតស៊ូចិញ្ចឹមកូនគ្មានប្ដីថែរក្សា ព្រោះកំពុងជាប់ពន្ធនាគារនោះ ជំរុញឲ្យស្ត្រីបីរូបទទូចឲ្យប្រមុខរដ្ឋាភិបាល ស្នើទៅព្រះមហាក្សត្រ ដើម្បីលើកលែងឲ្យប្ដីរបស់ពួកគាត់។ ក្រុមស្ត្រី និងមន្ត្រីសង្គមស៊ីវិល លើកឡើងថា ការចាប់ឃុំអ្នកទាំងនោះ ជារឿងអយុត្តិធម៌ និងជាហេតុផលនយោបាយប៉ុណ្ណោះ។
លោកស្រី មួន កៅហ៊ីម ភរិយារបស់ លោក អ៊ុំ ភិរុណ ដែលកំពុងជាប់ឃុំ ថ្លែងឲ្យវិទ្យុអាស៊ីសេរី ដឹងពីប្រទេសថៃ ថា លោកស្រីចង់ឃើញស្វាមីរបស់ខ្លួនមានសេរីភាពឡើងវិញ។ ស្ត្រីមានកូនតូចពីរក្នុងបន្ទុកទាំងប្ដីកំពុងជាប់ពន្ធនាគាររូបនេះ បន្តទៀតថា លោកស្រីតស៊ូលំបាកចិញ្ចឹមកូនតែម្នាក់ឯង ដូច្នេះលោកស្រីចង់បានជីវិតថ្មីមួយដែលមានប្ដីជួយរកប្រាក់ចិញ្ចឹមជីវិត៖ «សុំឲ្យសម្ដេច ហ៊ុន សែន ដោះលែងប្ដីខ្ញុំឆាប់ៗ។ ខ្ញុំចង់រស់នៅក្នុងជីវភាពសាមញ្ញមួយមានប្ដីនៅជួយមើលថែរកប្រាក់»។
នៅថ្ងៃទី១២ ខែកក្កដា ប្រពន្ធអ្នកជាប់ឃុំទាំង ៣នាក់ កំពុងជួបប្រជុំជាមួយ លោក សួន សេរីរដ្ឋា នៅប្រទេសថៃ ដើម្បីស្វែងរកមធ្យោបាយឲ្យអ្នកជាប់ឃុំទាំងបីនាក់ដែលជាស្វាមីរបស់គាត់នោះ ទទួលបានការលើកលែងទោស។
សាលាដំបូងរាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ២០១៥ បានប្រកាសសាលក្រមដោយផ្ដន្ទាទោសសមាជិក ៣នាក់របស់ចលនាអំណាចពលរដ្ឋខ្មែរ ឲ្យជាប់ពន្ធនាគារពាក់ព័ន្ធពីបទរួមគំនិតក្បត់ជាតិ។ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសអ្នកទាំងបីនាក់ រួមមាន លោក សេរី ប៊ុនឡុង និងលោក សេង សុខម៉េង ត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៦ឆ្នាំ និងលោក អ៊ុំ ភិរុណ ត្រូវផ្ដន្ទាទោស ៥ឆ្នាំ និងពិន័យប្រាក់ក្នុងម្នាក់ៗ ៥លានរៀល និងត្រូវដកហូតសិទ្ធិក្នុងការបោះឆ្នោត។ អ្នកទាំង ៣នាក់នោះ ត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅខេត្តបន្ទាយមានជ័យ រយៈពេលមួយខែមុនពេលបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ២០១៣ បន្ទាប់ពីបានចែកចាយនាឡិកា វិទ្យុ ឌីវីឌី (DVD) និងអាវយឺតដែលមានរូបសញ្ញាចលនាអំណាចពលរដ្ឋខ្មែរ និងអំពាវនាវដល់ពលរដ្ឋកុំឲ្យចូលរួមការបោះឆ្នោត។
មន្ត្រីជាន់ខ្ពស់ឃ្លាំមើលផ្នែកសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា អ្នកទាំងបីនាក់នោះ រងគ្រោះដោយសារអ្នកនយោបាយប៉ុណ្ណោះ។ លោក អំ សំអាត បន្តទៀតថា ស្ថិតក្នុងស្ថានភាពនេះ រដ្ឋាភិបាលកម្ពុជា គួរតែលើកលែងទោសអ្នកទាំងបីនាក់ ព្រោះ លោក សួន សេរីរដ្ឋា ជាមេខ្លោងត្រូវបានលើកលែងទោសរួចហើយ៖ «ដល់ពេលដែលអ្នកនយោបាយទាំងអស់ឈប់យកប្រជាពលរដ្ឋខ្លួនឯងធ្វើកូនអុកនយោបាយហើយ ព្រោះឲ្យពួកគាត់ជាប់ពន្ធនាគារដោយមិនបានធ្វើអីខុស»។
ប្រពន្ធអ្នកជាប់ឃុំលើកឡើងដូចៗគ្នាថា ប្រសិនបើប្ដីពួកគេទទួលបានការលើកលែងទោស ពួកគេមិនចង់ឲ្យប្ដីខ្លួនចូលរួមធ្វើការងារសង្គម និងមិនឲ្យបម្រើប្រយោជន៍នយោបាយទៀតទេ។ ប៉ុន្តែពួកគាត់ក៏មិនជំទាស់ការសម្រេចចិត្តរបស់ស្វាមីពួកគាត់ដែរ។
អ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មានពីការសម្រេចយ៉ាងណារបស់ប្រមុខរដ្ឋាភិបាល រឿងលើកលែងទោសអ្នកជាប់ឃុំទាំងបីនាក់នោះទេ។ ទោះបែបនេះក្តី មន្ត្រីរដ្ឋាភិបាលរូបនេះប្រាប់ទៅក្រុមសាច់ញាតិអ្នកជាប់ឃុំ ថាគួរតែដាក់លិខិតស្នើសុំទៅរដ្ឋាភិបាលពីការស្នើសុំនេះ៖ «សេចក្តីសម្រេចស្ថិតនៅលើសម្ដេច តេជោ ពីព្រោះលោកជាអ្នកស្នើដើម្បីឲ្យគេរួចផុតពីទោសទណ្ឌហ្នឹងឯង»។
ប្រធានចលនាអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា ឲ្យវិទ្យុអាស៊ីសេរី ដឹងពីប្រទេសថៃ ថា លោកកំពុងរិះរកមធ្យោបាយស្នើសុំទៅរដ្ឋាភិបាល ដើម្បីឲ្យដោះលែងសកម្មជនរបស់លោកឲ្យមានសេរីភាពតាមច្រកនយោបាយ។ ក្រៅពីនេះ លោក សួន សេរីរដ្ឋា បន្តទៀតថា មេធាវីរបស់លោកកំពុងសហការរៀបចំឯកសារ ដើម្បីឲ្យក្រុមគ្រួសារអ្នកជាប់ឃុំធ្វើបែបបទស្នើសុំតាមនីតិវិធី៖ «ការចោទប្រកាន់កន្លងមកសំដៅសំខាន់លើខ្ញុំទេ ចំណែកសកម្មជនរបស់ខ្ញុំទាំងបីនាក់ គ្រាន់តែជាអ្នកធ្វើការឲ្យចលនាអំណាចពលរដ្ឋខ្មែរ ដូច្នេះកាលណាខ្ញុំទទួលបានការលើកលែងទោសហើយ មានន័យថា ចំណងនេះស្រាលហើយ»។
ទោះបែបនេះក្តី មេធាវីការពារក្ដីអ្នកទាំង ៣នាក់ ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោកមេធាវី សុក សំអឿន ប្រាប់ថា លោកមិនទាន់បានដឹងពីរឿងនេះនៅឡើយទេ ហើយលោកក៏មិនទាន់ធ្វើអ្វីនៅឡើយ ព្រោះកូនក្តីរបស់លោកស្វែងរកដំណោះស្រាយនយោបាយជាជាងផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
