អតីតសមាជិកគណបក្ស សម រង្ស៊ី ដែលបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា បានប្ដឹងសកម្មជនគណបក្សសង្គ្រោះជាតិ នៅខេត្តកំពត ចំនួន ២នាក់ ទៅតុលាការពីបទថា បានលួចសម្ភារៈប្រើប្រាស់ពីក្នុងផ្ទះដោយពុំមានការអនុញ្ញាត។
ការប្ដឹងនេះ ធ្វើឡើងភ្លាមៗក្រោយពីសមាជិកគណបក្សសង្គ្រោះជាតិ បានដឹកតុឈើពីផ្ទះអតីតសមាជិកគណបក្ស សម រង្ស៊ី មកដល់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៩ សីហា។ សកម្មជនក្នុងគណបក្សសង្គ្រោះជាតិ ចាត់ទុកថា នេះជាគម្រោងរៀបចំទុកជាមុនជាប្រព័ន្ធរបស់មន្ត្រីថ្នាក់ខេត្តនៃគណបក្សប្រជាជនកម្ពុជា។
សកម្មជនរបស់គណបក្សសង្គ្រោះជាតិ នៅក្រុងកំពត លោក លីម ហួរ និយាយនៅថ្ងៃទី១០ សីហា ថា លោក និងក្រុមការងារម្នាក់ទៀត បានទទួលបញ្ជាពីថ្នាក់លើដើម្បីទៅដឹកតុឈើ និងទូដែក ជាទ្រព្យសម្បត្តិរបស់គណបក្សប្រឆាំង ពីផ្ទះឈ្មោះ ធន់ វុឌ្ឍី អតីតសកម្មជនគណបក្ស សម រង្ស៊ី ដែលបានខ្ចីប្រើប្រាស់កាលពីបម្រើគោលនយោបាយបក្សជាមួយគ្នា។
លោក លីម ហួរ ដែលពេលនេះកំពុងជ្រកកោនទីសុវត្ថិភាព គេចចេញពីការចាប់ខ្លួន បន្តថា ក្រោយពីពិភាក្សារួច និងបានអនុញ្ញាតពីម្ចាស់ផ្ទះ លោកបានដឹកតុឈើមកមុន។ ចំណែកទូដែក លោកអះអាងថា ចាំមកលើកនៅពេលក្រោយទៀត។ ក៏ប៉ុន្តែ លោកបញ្ជាក់ថា លោក និងក្រុមការងារម្នាក់ទៀត ឈ្មោះ ពិន រ៉ុងដំរ៉ុង បែរជាត្រូវរងការចោទថា បានលួចទ្រព្យសម្បត្តិទៅវិញ។
ប្រតិកម្មតបនឹងការលើកឡើងនេះ លោក ធន់ វុឌ្ឍី អតីតសកម្មជនគណបក្ស សម រង្ស៊ី ទទួលបន្ទុកផ្នែកច្បាប់ ច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថា លោកពុំបានអនុញ្ញាតឲ្យសកម្មជនបក្សប្រឆាំងទាំងពីរនេះ យកចេញពីផ្ទះរបស់លោកឡើយ។ លោកអះអាងថា តុឈើ និងទូដែកនេះ គឺជាកម្មសិទ្ធិផ្ដាច់មុខរបស់គ្រួសារថែមទៀតផង។
ចំណែក លោក ជា ប៉ូច បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពត និយាយថា តុឈើ និងសម្ភារៈដទៃទៀត គឺជាកម្មសិទ្ធិរបស់គណបក្សសង្គ្រោះជាតិ។ ហើយសម្ភារៈទាំងនេះ លោក ធន់ វុឌ្ឍី បានខ្ចីប្រើប្រាស់កាលពីនៅក្នុងគណបក្សប្រឆាំង។ ហើយលោកទើបតែបានបញ្ជាឲ្យសកម្មជនរបស់បក្សទៅដឹកយកមករក្សាទុកវិញ កាលពីថ្ងៃទី៩ សីហា។ លោកចាត់ទុកថា នេះ គឺជាគំនុំផ្នែកនយោបាយ ដែលបានរៀបចំទុកជាមុន។
មេធាវីការពារក្ដីរបស់សមាគមអាដហុក (Adhoc) ការពារក្ដីឲ្យគណបក្សសង្គ្រោះជាតិ ប្រចាំតំបន់ អ្នកស្រី ទ្រី ឈូន អះអាងថា អ្នកស្រីហាក់មានការពិបាកក្នុងការដាក់ពាក្យទៅអធិការនគរបាលក្រុងកំពត ដើម្បីការពារឲ្យកូនក្ដីរបស់ខ្លួន។ អ្នកស្រីព្រមានថា នឹងប្ដឹងទាស់ករណីនេះនៅដើមសប្ដាហ៍ក្រោយ ប្រឆាំងស្នងការក្រុងកំពត ទៅគណៈមេធាវី បើសិននីតិវិធីនេះនៅតែបន្តស្មុគស្មាញ។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការអត្ថាធិប្បាយបានភ្លាមៗទេពីអធិការនគរបាលក្រុងកំពត លោក ងឹម វ៉េត ដែលរងការចោទថា មិនព្រមសហការជាមួយមេធាវីរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ដោយទូរស័ព្ទចូល ហើយលោកព្យាយាមកាត់ផ្ដាច់ទៅវិញ។
ចំណែកអ្នកស្រាវជ្រាវអង្គការលីកាដូ (Licadho) ប្រចាំខេត្តកំពត លោក យន់ ផល្លី ចាត់ទុកថា នេះគឺជាហិង្សាផ្នែកនយោបាយ ជាជាងផ្នែកបច្ចេកទេស។ លោកថា ព្រោះដើមបណ្ដឹងធ្លាប់បម្រើឲ្យគោលនយោបាយបក្សប្រឆាំង ហើយក្រោយមកទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា វិញ។
របាយការណ៍របស់អង្គការលីកាដូ រកឃើញថា រហូតមកដល់ពេលនេះ សកម្មជនរបស់គណបក្សសង្គ្រោះជាតិ ចំនួន ៧នាក់ហើយដែលត្រូវបានចាប់ខ្លួន និងបន្តដាក់ពន្ធនាគារខេត្តកំពត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
