អង្គការពិភពលោកប្រឆាំងទារុណកម្ម និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពាវនាវឲ្យអង្គការសហប្រជាជាតិថ្កោលទោសរដ្ឋាភិបាលកម្ពុជា ចំពោះការប្រើអំពើហិង្សាទៅលើអ្នកការពារសិទ្ធិមនុស្ស សមាជិកសហជីព និងអ្នកសារព័ត៌មាន។
ការអំពាវនាវនេះធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំលើកទី១១៣ របស់គណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វ៊ីស (Switzerland) ចាប់ពីថ្ងៃទី១៦ ខែមីនា រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥។
អង្គការទាំងពីរជំរុញឲ្យអង្គការសហប្រជាជាតិស្នើទៅរដ្ឋាភិបាលកម្ពុជា បើកការស៊ើបអង្កេតករណីប្រើប្រាស់កម្លាំងហួសហេតុ និងអមនុស្សធម៌របស់មន្ត្រីអនុវត្តច្បាប់ និងកម្លាំងសន្តិសុខឯកជនដែលបានបង្ក្រាបបាតុកម្មដែលបណ្ដាលឲ្យមនុស្សបាត់បង់ជីវិតកាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៤។
អង្គការទាំងពីរក៏បានទាមទារឲ្យមានការដោះលែងអ្នកការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំឃាំងដោយសារហេតុផលនយោបាយដោយគ្មានលក្ខខណ្ឌ និងត្រូវកែប្រែសេចក្ដីព្រាងច្បាប់បោះឆ្នោតដែលរឹតបន្តឹងដល់សេរីភាពបញ្ចេញមតិក្នុងអំឡុងពេលបោះឆ្នោត។
សង្គមស៊ីវិលក៏ស្នើឲ្យលុបចោល ឬត្រូវធ្វើវិសោធនកម្មច្បាប់ចំនួនបី ដែលទើបអនុម័តកាលពីពេលថ្មីៗនេះ រួមមានច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់តុលាការ និងព្រះរាជអាជ្ញា ច្បាប់ស្ដីពីការធ្វើវិសោធនកម្មឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងច្បាប់ស្ដីពីលក្ខន្តិកៈរបស់ចៅក្រម និងព្រះរាជអាជ្ញា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
