អង្គការ​សហប្រជាជាតិ​បារម្ភ​ពី​ការ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នៅ​កម្ពុជា

ដោយ យាង សុជាមេត្តា
2016.05.30
បាន គីមូន ៨៥៥ ២០១៦ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៃ​កិច្ចប្រជុំ​កំពូល​មនុស្សធម៌​ពិភពលោក កាល​ពី​២៤ ខែ​ឧសភា ឆ្នាំ​២០១៦ នា​ទីក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​ទួរគី (Turkey)។
AFP

មន្ត្រី​គណបក្ស​កាន់​អំណាច​លើក​ឡើង​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា មិន​មាន​បញ្ហា​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។ ការ​លើក​ឡើង​ដូចនេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ដែល​បាន​សម្ដែង​ការ​បារម្ភ​ពី​ស្ថានភាព​នយោបាយ​កំពុង​តានតឹង​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​នៅ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន។

អស់​ពី​មន្ត្រី​ជំនាញ​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​រិះគន់​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នោះ ឥឡូវ​នេះ​ប្រមុខ​អង្គការ​សហប្រជាជាតិ ក៏​កំពុង​បារម្ភ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ទៀត​ដែរ។

បើ​ទោះ​បី​ជា​មាន​ការ​ព្រួយ​បារម្ភ​របស់​សហគមន៍​អន្តរជាតិ​បែប​ណា​ក្តី សម្រាប់​បក្ស​កាន់​អំណាច​ហាក់​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​ឡើយ។

តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា បច្ចុប្បន្ន គ្មាន​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​លោក​ថា រដ្ឋាភិបាល​កំពុង​ខិតខំ​ដើរ​ឲ្យ​ត្រឹមត្រូវ​តាម​គន្លង​ប្រជាធិបតេយ្យ និង​ពង្រឹង​នីតិរដ្ឋ ដែល​លោក​ថា​គោលការណ៍​ទាំងអស់​នេះ គឺ​ជា​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក សុខ ឥសាន ថា​អ្វី​ដែល​កំពុង​កើត​ឡើង​ចំពោះ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង​បច្ចុប្បន្ន មិន​មែន​ជា​ទំនាស់​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​នោះ​ទេ តែ​វា​ជា​រឿង​របស់​បុគ្គល​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៖ «រឿង​នេះ​មិន​មែន​គណបក្ស និង​គណបក្ស​ប្រកួត​ប្រជែង​ទាស់​គ្នា​ទេ តែ​ជា​រឿង​បុគ្គល​ឯកឧត្តម កឹម សុខា។ អ៊ីចឹង​ទេ​ខ្ញុំ​យល់​ថា ការ​ប្រឆាំង​ចំណាត់​ការ​របស់​តុលាការ ក៏ដូចជា​សមត្ថកិច្ច​ចំពោះ​ករណី​ឯកឧត្តម កឹម សុខា មិន​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​ខ្លាំង​ទេ»

សារព័ត៌មាន​រ៉យទ័រ (Reuters) កាល​ពី​ថ្ងៃ​ទី​២៩ ឧសភា បាន​ផ្សព្វផ្សាយ​ដោយ​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ ដែល​លើក​ឡើង​ថា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន កំពុង​ព្រួយ​បារម្ភ​ពី​ស្ថានភាព​នយោបាយ​តានតឹង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ពិសេស​គឺ​បារម្ភ​ពី​ការ​ចាប់​ខ្លួន និង​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង។

ប្រមុខ​អង្គការ​សហប្រជាជាតិ ក៏​ទទូច​ឲ្យ​បក្ស​នយោបាយ​ទាំង​ពីរ វិល​ទៅ​រក​ការ​សន្ទនា​ប្រកប​ដោយ​ប្រជាធិបតេយ្យ និង​គ្មាន​ការ​គំរាម​កំហែង ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នយោបាយ និង​សុខ​សន្តិភាព​ក្នុង​សង្គម។

គណបក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ទី​៤ ឧសភា បាន​ផ្ញើ​លិខិត​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន សុំ​អន្តរាគមន៍​ឲ្យ​លោក ជំរុញ​ទៅ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កោះ​ប្រជុំ​ជា​បន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​កម្ពុជា ពិសេស​គឺ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​បក្ស​កាន់​អំណាច​មក​លើ​បក្ស​ប្រឆាំង។

មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង លោក សុន ឆ័យ ថ្លែង​នៅ​ថ្ងៃ​ទី​៣០ ឧសភា ថា ពេល​នេះ​មន្ត្រី​បក្ស​ប្រឆាំង​កំពុង​ធ្វើ​ការ​ដើម្បី​ជំរុញ​ឲ្យ​អង្គការ​សហប្រជាជាតិ ជួយ​ពី​បញ្ហា​នេះ។

កាល​ពី​ថ្ងៃ​ទី​១២ ឧសភា មន្ត្រី​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ធ្វើ​បាប​ទៅ​លើ​មន្ត្រី​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង។ ពួក​គេ​បាន​ទទូច​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ បញ្ឈប់​នូវ​ការ​ចោទ​ប្រកាន់ ការ​កោះ​ហៅ​សាកសួរ និង​ដំណើរ​ការ​តុលាការ​ទៅ​លើ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស។

ចំណែក​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​វិញ អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ជេ រ៉ាម៉េន (Jay Raman) ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក (Email) នៅ​ថ្ងៃ​ទី​៣០ ឧសភា ថា សហរដ្ឋ​អាមេរិក កំពុង​តាម​ដាន​យ៉ាង​ដិតដល់​ចំពោះ​ព្រឹត្តិការណ៍​ដែល​កំពុង​កើត​ឡើង​នៅ​រាជធានី​ភ្នំពេញ។ ស្ថានទូត​សហរដ្ឋ​អាមេរិក ក៏​ទទូច​ឲ្យ​បក្ស​ទាំង​ពីរ បង្ហាញ​ការ​អត់ធ្មត់ និង​ត្រូវ​ធានា​ថា សិទ្ធិ​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​ត្រូវ​បាន​គោរព។

ស្ថានទូត​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ចៀស​នូវ​ការ​ប្រើ​កម្លាំង​សមត្ថកិច្ច​មិន​ចាំបាច់ និង​មិន​សមាមាត្រ​លើ​បក្ស​ប្រឆាំង។ ការ​ទទូច​នេះ គឺ​បន្ទាប់​ពី​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ស្ទាក់​រថយន្ត​លោក កឹម សុខា និង​បាន​សម្រុក​ចូល​ទីស្នាក់ការ​បក្ស​ប្រឆាំង​ប៉ុនប៉ង​ចាប់​ខ្លួន​លោក កឹម សុខា។ សកម្មភាព​របស់​សមត្ថកិច្ច​ពេល​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​ដូចជា​សមត្ថកិច្ច​កំពុង​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ភេរវកម្ម​នៅ​ចំ​កណ្ដាល​ទីក្រុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។