លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៦ សីហា បានផ្ញើលិខិតថ្លែងអំណរគុណមួយច្បាប់ជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon)ដែលបានឲ្យរដ្ឋាភិបាលកម្ពុជាខ្ចីផែនទីប្រទេសកម្ពុជាមួយចំនួន។ទោះជាយ៉ាងណាផែនទីដែលអង្គការសហប្រជាជាតិយល់ព្រមឲ្យកម្ពុជាខ្ចីនោះមិនមែនជាផែនទីដែលផលិតឡើងនៅចន្លោះឆ្នាំ១៩៣៣ និង១៩៥៣ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន (Indo-china Geographic Service) ដែលត្រូវបានប្រគល់ជូនអង្គការសហប្រជាជាតិនៅឆ្នាំ១៩៦៤ ដែលកម្ពុជាស្នើខ្ចីនោះទេ។
លិខិតរបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូនផ្ញើលិខិតមួយច្បាប់ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ ជូនលោកប្រមុខរដ្ឋាភិបាលកម្ពុជាដោយមានខ្លឹមសារថា៖ «បន្ទាប់ពីបានទទួលលិខិតរបស់ឯកឧត្ដម (នាយករដ្ឋមន្ត្រី ហ៊ុន សែន) លេខាធិការដ្ឋានរបស់អង្គការសហប្រជាជាតិ បានស្រាវជ្រាវកំណត់ត្រានានារបស់ខ្លួន។ ខណៈពេលដែលយើង មិនអាចរកឃើញផែនទីទាំងឡាយដូចបានរៀបរាប់ក្នុងលិខិតរបស់ឯកឧត្ដម យើងបានរកឃើញផែនទីមួយចំនួនពីក្នុងកន្លែងផ្ទុកឯកសារបណ្ណាល័យ ដាក ហាម៉ាស្កូហ្សូល របស់អង្គការសហប្រជាជាតិ (United Nations Dag Hammarskejold Library) ទាំងក្នុងប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ចម្លងបោះពុម្ព ដែលអាចមានប្រយោជន៍ចំពោះរដ្ឋាភិបាលរបស់ឯកឧត្ដម។ ផែនទីទាំងអស់នេះមួយឈុតជាទម្រង់ឌីជីតាល់ ត្រូវបានប្រគល់ជូនឯកឧត្ដម ទុយ រី តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥។ សូមបញ្ជាក់ថា អង្គការសហប្រជាជាតិមិនត្រូវបានបកស្រាយ ក្នុងការគាំទ្រ ឬយល់ព្រមជាផ្លូវការចំពោះខ្សែបន្ទាត់ព្រំដែន និងឈ្មោះនានា ដែលបានបង្ហាញនៅលើផែនទីទាំងនោះទេ»។
ក្នុងលិខិតរបស់លោក ហ៊ុន សែន វិញ បញ្ជាក់ថារដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការមួយដែលដឹកនាំដោយ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសដើម្បីបំពេញភារកិច្ចក្នុងការទទួលផែនទីនិងធ្វើការផ្ទៀងផ្ទាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
