អ្នកនាំពាក្យប្រចាំតំបន់របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា យូអេនអេចស៊ីអ (UNHCR) បញ្ជាក់ជំហរខ្លួនពុំជាប់ទាក់ទង ឬជាភាគីនៃគម្រោងការរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលមានបំណងបញ្ជូនជនភៀសខ្លួនដែលស្វែងរកសិទ្ធិជ្រកកោននៅប្រទេសនេះ អោយមកកម្ពុជា ទេ។
អ្នកនាំពាក្យរូបនោះបញ្ជាក់ថា ជនភៀសខ្លួនគួរតែទទួលបានអ្វីដែលពួកគេទាមទារចង់បាន និងបានឋិតនៅក្រោមកិច្ចការពារ ព្រមទាំងរស់នៅដោយរីករាយក្នុងកន្លែងដែលពួកគេទៅដល់។ មន្ត្រីកម្ពុជា អះអាងដែរថា នឹងមិនមានការរំលោភសិទ្ធិជនភៀសខ្លួនឡើយ ប្រសិនបើភាគីទាំង២ឈានដល់ការព្រមព្រៀងបញ្ជូនជនភៀសខ្លួនមែននោះ។
មន្ត្រីជាន់ខ្ពស់កម្ពុជា នៅអះអាងថា ការទទួលយកអ្នកស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី អោយមកកម្ពុជា ដោយឈរលើគោលការណ៍មនុស្សធម៌ និងស្ម័គ្រចិត្ត គឺជាប្រការត្រឹមត្រូវ ដែលមិនរំលោភលើសិទ្ធិអ្នកទាំងនោះឡើយ។
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស មានប្រសាសន៍នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ថា គម្រោងបង្កើតកិច្ចព្រមព្រៀងរវាងកម្ពុជា និងអូស្ត្រាលី នោះ គឺនឹងធានាថា គ្មានការរំលោភសិទ្ធិរបស់ជនស្វែងរកសិទ្ធិជ្រកកោន ដោយប្រការណាមួយឡើយ។ យ៉ាងនេះក្ដី លោក កុយ គួង បានបដិសេធការអធិប្បាយបន្ថែមទៀតចំពោះកិច្ចព្រមព្រៀងនោះ។
លោក កុយ គួង៖ «បើសិនជាយើងបង្ខិតបង្ខំគាត់ហ្នឹង វាប៉ះទៅលើសិទ្ធិរបស់គាត់។ គាត់ចង់ទៅត្រង់នេះ យើងបង្ខំអោយគាត់ទៅទីនោះម៉េចបាន។ គាត់ស្ម័គ្រចិត្តពិតប្រាកដគាត់សុខចិត្ត សុខកាយសប្បាយចិត្តពិតប្រាកដ យើងអាចទទួលគាត់បាន។ បើគាត់មិនសុខចិត្តទេ គឺគាត់ទៅនៅប្រទេសផ្សេង មិនមែនកម្ពុជា គឺយើងអត់ទទួលដាច់ខាត»។
ការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសនៅពេលនេះ គឺបន្ទាប់ពី អ្នកស្រី វី វីយ៉ាន តាន (Vivian Tan) អ្នកនាំពាក្យប្រចាំតំបន់របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិជនភៀសខ្លួន បានបញ្ជាក់ជាថ្មីថា អង្គការនេះកំពុងព្រួយបារម្ភចំពោះផលប៉ះពាល់ ដែលអាចកើតមានចំពោះប្រព័ន្ធជនភៀសខ្លួនរបស់សកលលោក។ ក្នុងចម្លើយរបស់អ្នកស្រី ដែលផ្ញើមកវិទ្យុអាស៊ីសេរី តាមសារអេឡិចត្រូនិក បញ្ជាក់ថា ជំហររបស់ យូអេនអេចស៊ីអ គឺអ្នកស្វែងរកសិទ្ធិជ្រកកោន គួរតែទទួលបាននូវអ្វីដែលពួកគេស្នើឡើង និងអាចរស់នៅដោយរីករាយក្នុងដែនដីដែលពួកគេបានទៅដល់។
ប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយច្បាប់របស់សមាគមអាដហុក (adhoc) លោក នី ចរិយា យល់ស្របចំពោះការបញ្ជាក់ជំហររបស់អ្នកនាំពាក្យប្រចាំតំបន់របស់ យូអេនអេចស៊ីអ។ លោក នី ចរិយា បញ្ជាក់ថា អ្នកស្វែងរកសិទ្ធិជ្រកកោន អាចនឹងជួបបញ្ហារំលោភសិទ្ធិមនុស្សបន្តទៀត នៅពេលដែលកម្ពុជា ជាប្រទេសក្រីក្រមួយនេះ ក៏ត្រូវចាត់ទុកថា មិនទាន់មានស្ថានភាពល្អក្នុងការគោរពសិទ្ធិមនុស្សនៅឡើយ។ លោក នី ចរិយា ស្នើរដ្ឋាភិបាលអូស្ត្រាលី ពិចារណាឡើងវិញក្នុងនាមជាប្រទេសដែលមានការរីកចម្រើន មិនគួរចូលរួមក្នុងការរំលោភសិទ្ធិជនស្វែងរកសិទ្ធិជ្រកកោននៅប្រទេសខ្លួន។
លោក នី ចរិយា៖ «ព្រោះថាគាត់បានសម្រេចចិត្តសុំសិទ្ធិជ្រកកោននៅអូស្ត្រាលី មិនមែននៅកម្ពុជា ទេ ហើយយើងនៅមានការរំលោភសិទ្ធិមនុស្សច្រើន។ ដូចនេះហើយ ការទទួលយកជនភៀសខ្លួននោះ អាចធ្វើអោយជនភៀសខ្លួនដែលគាត់ទទួលរងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសគាត់ ហើយមកទទួលរងការរំលោភនៅប្រទេសដែលគេបញ្ជូនមកទៀត»។
គម្រោងការបញ្ជូនជនស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី ប្រមាណ ១.០០០នាក់ ដែលកំពុងរស់នៅក្នុងជំរំណាវរូ (Nauru) ត្រូវទម្លាយអោយដឹងកាលពីខែកុម្ភៈ ឆ្នាំ២០១៤។ មកដល់ពេលនេះ រដ្ឋាភិបាលទាំង២កំពុងបន្តកិច្ចពិភាក្សា ដើម្បីបង្កើតកិច្ចព្រមព្រៀងរវាងគ្នា បន្ទាប់ពីបានព្រមព្រៀងជាគោលការណ៍។ ការផ្សព្វផ្សាយពីបណ្ដាញព័ត៌មាននានា ឲ្យដឹងថា ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី បានទទួលស្គាល់ជាលើកដំបូងថា ការចរចាជុំវិញផែនការដ៏ចម្រូងចម្រាស ក្នុងការបញ្ជូនជនភៀសខ្លួនដែលព្យាយាមចូលដែនសមុទ្រអូស្ត្រាលី មកកាន់ប្រទេសកម្ពុជា ថាជាការខកចិត្ត។ បណ្ដាញព័ត៌មានខ្លះថា ប្រទេសអូស្ត្រាលី នឹងផ្ដល់ប្រាក់ដល់ប្រទេសកម្ពុជា ជាច្រើនលានដុល្លារ ក្នុងការទទួលយកជនភៀសខ្លួនទាំងនោះ ខណៈប្រទេសទាំងពីរមិនចង់បញ្ចេញព័ត៌មានលម្អិតនៃផែនការនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
