អាមេរិក​សោកស្ដាយ​ចំពោះ​រដ្ឋាភិបាល​បន្ត​យក​បញ្ហា​មនុស្សធម៌​មក​ធ្វើ​ជា​រឿង​នយោបាយ

ដោយ មួង ណារ៉េត
2017.10.19
វីល្លៀម ហៃដ្ត ៦២២ លោក វីល្លៀម ហៃដ្ត (William Heidt) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​នា​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ២០១៧។
RFA

សហរដ្ឋអាមេរិក​សំដែង​ការ​សោកស្ដាយ ចំពោះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បន្ត​យក​បញ្ហា​មនុស្សធម៌ មក​ធ្វើជា​រឿង​នយោបាយ ពាក់ព័ន្ធ​នឹង​គ្រាប់បែក​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក និង យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​របស់​អាមេរិក ដែល​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម យក​មក​ធ្វើជា​បញ្ហា​ធំ​សម្រាប់​កម្ពុជា ហើយ​បន្ត​ផ្សព្វផ្សាយ​ឥត​ឈប់ឈរ។ អ្នកវិភាគ​ស្នើ​ថា បើ​លោក ហ៊ុន សែន និយាយ​ពី​សំណល់​សង្គ្រាម គាត់​គួរ​និយាយ​អំពី​គ្រាប់មីន ដែល​វៀតណាម និង​ចិន ដាក់​រាយប៉ាយ ស្ទើរ​គ្រប់កន្លែង​នៅ​កម្ពុជា​ផង។

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ចាត់​ទុក​ការ​ខំប្រឹង​យក​បញ្ហា​មនុស្សធម៌ មក​ធ្វើជា​រឿង​នយោបាយ គឺជា​ការគួរ​ឲ្យ​សោកស្ដាយ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញ​កាលពី​ថ្ងៃ​ទី១៩ ខែ​តុលា ស្ថានទូត​សហរដ្ឋអាមេរិក អះអាង​ថា អាជ្ញាធរ​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ស៊ីម៉ាក់ (CMAC) បាន​ដឹង​ថា មាន​គ្រាប់បែក​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក នៅ​ទីតាំង​ក្នុង​ខេត្ត​ស្វាយរៀង តាំងតែ​ពី​យូរយារ​ណាស់​មក​ហើយ។ ហើយ​ជឿជាក់​ថា អាជ្ញាធរ​កម្ពុជា ពិត​ជា​មាន​សមត្ថភាព និង​ធនធាន​ក្នុង​ការ​ដោះ និង​បំផ្លាញ​គ្រាប់បែក​ទាំងនោះ បាន​ដោយ​សុវត្ថិភាព និង​មិន​ប្រើ​ពេល​យូរ​ទេ ព្រោះ​អ្នក​ជំនាញ​ផ្នែក​យោធា​អាមេរិក បាន​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ក្នុង​ផ្នែក​គ្រាប់បែក​ឧស្ម័ន​នេះ ដល់​មន្ត្រី​ខ្មែរ រហូត​ដល់​ទៅ​ពីរ​លើក​ឯណោះ គឺ​លើក​ទី​១ នៅ​ឆ្នាំ​២០១៥ និង​លើក​ទី​២ ក្នុង​ឆ្នាំ ២០១៦។ មិន​តែ​ប៉ុណ្ណោះ មន្ត្រី​យោធា​អាមេរិក បាន​ប្រគល់​ឧបករណ៍​មួយ​ឈុត​គ្រប់គ្រាន់ ដើម្បី​ប្រតិបត្តិការ​ដោះ និង​បំផ្លាញ​គ្រាប់បែក​ឧស្ម័ន​ប្រភេទ​នេះ ទៅដល់​កង​យោធពល​ខេមរភូមិន្ទ រួច​ហើយ​ដែរ។

ប្រតិកម្ម​របស់​ស្ថានទូត​អាមេរិក​នៅ​ពេល​នេះ ធ្វើឡើង​ភ្លាមៗ ជា​ការ​ឆ្លើយតប ទៅ​នឹង​សារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បន្ត​វាយប្រហារ​ខ្លាំងៗ និង​ឥត​ឈប់ឈរ មក​លើ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ ដែល​បាន​កើតឡើង​នៅ​កម្ពុជា​តាំងពី​ជាង ៤០​ឆ្នាំមុន។ ថ្លែង​នៅ​ក្នុង​យុទ្ធនា​ការឃោសនា រក​សំឡេងឆ្នោត​ពី​កម្មករ​រោងចក្រ​កាត់ដេរ នៅមុន​រដូវ​កាល​យុទ្ធនាការ​បោះឆ្នោត​ចូល​មក​ដល់ លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី ១៧ ខែ​តុលា ចាត់​ទុក​គ្រាប់បែក​ឧស្ម័ន បង្ហៀរ​ទឹកភ្នែក​ទាំ​ង​នោះ ថា ជា​គ្រាប់បែក​គីមី ដែល​ប៉ះពាល់​ដល់​សុខភាព​កុមារ ក្នុង​តំបន់​នោះ៖ «ជា​សោកនាដកម្ម នៅ​ស្រុក​ខ្មែរ តើ​គេ​មាន​ដែល​គិត​ពី​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឬទេ?»

កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា បាន​រក​ឃើញ​មនុស្ស​ចំនួន ១៩​នាក់ មាន​រោគសញ្ញា​រមាស់​លើ​ដងខ្លួន និង​មាន​ភាព​មិនប្រក្រតី​លើ​រាយ​កាយ ហើយ​ពួកគេ​ត្រូវ​បាន​បញ្ជូន​ភ្លាមៗ​ទៅ​មន្ទីរពេទ្យ។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ថា បាន​រក​ឃើញ​ក្មេង ៣​នាក់ កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​កើត​មក​ខុស​ប្រក្រតី ហើយ​លោក​អះអាង​ថា អាច​បណ្ដាលមកពី​ផល​ប៉ះពាល់​ពី​ការ​សាយភាយ​គ្រាប់បែក ដែល​លោក​ហៅថា​ជា​គ្រាប់បែក​គីមី​ទាំងនេះ។

ទោះ​បី​ជា លោក ហ៊ុន សែន និង​លោក ម៉ម ប៊ុនហេង ចាត់​ទុក​គ្រាប់បែក​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​ទាំង​នោះ ថា ជា​អាវុធ​គីមី​យ៉ាង​ណា​ក្តី ស្ថានទូត​សហរដ្ឋអាមេរិក បំភ្លឺ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល​នេះ ថា​គ្មាន​ភស្តុតាង​ឯណា​មួយ រក​ឃើញ​ថា គ្រាប់​បែក​ឧស្ម័ន​ទាំងនេះ មាន​ផល​ប៉ះពាល់ ដល់​សុខភាព​យូរអង្វែង ឬ​ធ្វើ​ឲ្យ​ទារក​កើតមក​មិន​គ្រប់​លក្ខណៈ​នោះ​ទេ។ ប្រសិនបើ​ប៉ះពាល់​ដល់​សុខភាព​មែន អាជ្ញាធរ​នៅ​ប្រទេស​ជាច្រើន រួម​ទាំង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក​ផង ច្បាស់​ជា​មិន​អនុញ្ញាត ឲ្យ​ប្រើប្រាស់​គ្រាប់បែក​ឧស្ម័ន​ប្រភេទ​នេះ​ទេ។ ស្ថានទូត​សហរដ្ឋអាមេរិក អះអាង​ទៀត ថា​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​នេះ ទោះជា​មានការ​ខ្វែងយោបល់​គ្នា ក្នុង​ការ​ប្រើប្រាស់​វា​យ៉ាង​ណា​ក្ដី ក៏​គេ​មាន​នីតិវិធី​ច្បាស់លាស់ ត្រឹមត្រូវ ដើម្បី​ដោះ ឬ​បំផ្លាញ​វា​ចោល​ដោយ​សុវត្ថិភាព។

លោក ហ៊ុន សែន កាលពី​ថ្ងៃទី១១ ខែ​តុលា ពេល​ចុះ​ជួប​កម្មករ​រោងចក្រ​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ក៏​មិន​ភ្លេច​ចំអក​ដាក់​សហរដ្ឋអាមេរិក ថា មិនដែល​ជួយ​យក​គ្រាប់បែក​ទៅវិញ​ទេ។ លោក​ឆ្លៀត​យក​ឱកាស​នោះ ផ្ដល់​ភាព​យុត្តិធម៌​ដល់​រូបលោក និង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង ដោយ​ចាត់​ទុក​ការ​ចាប់​ចង​លោក កឹម សុខា និង​ការប៉ុនប៉ង​រំលាយ​គណ​បក្ស​ប្រឆាំង​បែប​នេះ ថា មិន​អាក្រក់​ដូច​អ្វី ដែល​អាមេរិក ធ្លាប់​ធ្វើ​មក​លើ​ប្រទេស​កម្ពុជា កាលពី​ជាង ៤០​ឆ្នាំមុន​នោះ​ទេ៖ «កុំ​មក​គិតតែ​ទារ​យក​ឆ្អឹង​ខ្មោច គិត​ពី​យក​គ្រាប់បែក​គីមី​ទៅវិញ​ផង។ យើង​ប្រើ​ច្បាប់​ការពារ​ជាតិ និង​សន្តិសុខ​ជាតិ គេ​ថា​យើង​រំលោភ​សិទ្ធិមនុស្ស»

មន្ត្រី​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា ធ្លាប់​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មិនបាន​ស្នើ​ឲ្យ​អាមេរិក​ជួយ​ដោះស្រាយ​បញ្ហា​គ្រាប់បែក​នេះ​ទេ ហើយ​ថា កម្ពុជា​អាច​ប្រើប្រាស់​ថវិកា របស់​អាមេរិក ដែល​ត្រៀម​សម្រាប់​ដោះ​មីន ដើម្បី​យក​ទៅ​ដោះស្រាយ​បញ្ហា​គ្រាប់​បែប​ទាំងនេះ​បាន។

ពាក់ព័ន្ធ​នឹង​បញ្ហា​ទម្លាក់​គ្រាប់បែក ដោយ​សហរដ្ឋអាមេរិក​នេះ​ដែរ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​អះអាង​ប្រាប់​អាស៊ីសេរី​ថា រដ្ឋាភិបាល​នៃ​របប​រាជានិយម ដែល​ដឹកនាំ​ដោយ​អតីត​ព្រះមហាវីរៈក្សត្រ ព្រះបាទ នរោត្តម សីហនុ ក្នុង​ទសវត្ស​ឆ្នាំ​១៩៦៩ ក៏​ធ្លាប់​ជា​អ្នក​បើកដៃ ឲ្យ​សហរដ្ឋអាមេរិក​ទម្លាក់ គ្រាប់បែក​មក​លើ​ទាហាន​កុម្មុយនិស្ត​យៀកកុង វៀតណាម​ខាងជើង ដោយសារតែ​ពេលនោះ ពួកគេ​មិន​ព្រម​ទទួលស្គាល់​អាជ្ញាធរ​ខ្មែរ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន នៅ​ភូមិភាគ​ឦសាន ដូចជា​ខេត្ត​រតនគិរី មណ្ឌលគិរី ក្រចេះ ឬ​ខេត្ត​ស្ទឹងត្រែង ដែល​ជាប់​ព្រំដែន​ជាមួយ​វៀតណាម។ ចំណែក​នៅ​ឆ្នាំ​១៩៧០ រដ្ឋាភិបាល​របស់​លោក​សេនាប្រមុខ លន់ ណុល ក៏បាន​បើកដៃ អោយ​សហរដ្ឋអាមេរិក ទម្លាក់​គ្រាប់បែក លើ​កងទ័ព​វៀតណាម​កុម្មុយនិស្ត​យៀកកុង របស់​វៀតណាម​ខាងជើង ដែល​ចូល​មក​ផ្ដួល​រំលំ របប​ដឹកនាំ​របស់​លោក លន់ ណុល ដែរ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា ការ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក​នៅ​ពេល​នោះ សុទ្ធតែ​មានការ​អនុញ្ញាត ដោយ​រដ្ឋាភិបាល​កម្ពុជា​ទាំងអស់។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល​នេះ ស្ថានទូត​អាមេរិក​បញ្ជាក់​ថា ខ្លួន​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​ដោះស្រាយ​បញ្ហា ដែល​ជា​កេរដំណែល​របស់​ខ្លួន ដែល​បន្សល់ទុក​ពី​សម័យ​សង្គ្រាម និង​បញ្ជាក់​អំពី​ឆន្ទៈ​ដែល​ឥត​ប្រែប្រួល​របស់​សហរដ្ឋអាមេរិក ក្នុង​ការ​ទទួល​យក​មក​ពិចារណា នូវ​សំណើ​ដែល​ប្រកបដោយ​ភាព​ស្មោះ​ស ពី​រដ្ឋាភិបាល​កម្ពុជា ប្រសិនបើ​ចង់​សុំ​ឲ្យ​សហរដ្ឋអាមេរិក​ជួយ​ពិតមែន​នោះ​។

ជា​ចុងក្រោយ សហរដ្ឋអាមេរិក​បញ្ជាក់​ថា ក្នុង​រយៈពេល​ជាង ២០ ឆ្នាំ​កន្លង​មក​នេះ រដ្ឋាភិបាល​អាមេរិក បាន​ចំណាយ​ថវិកា មិន​តិច​ជាង ១៣១ លាន​ដុល្លារ​សហរដ្ឋអាមេរិក​នោះ​ទេ ដើម្បី​ជួយ​រុករក និង​សម្អាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែល​បន្សល់ទុក​ពី​សម័យ​សង្គ្រាម។ ថវិកា​មួយ​ភាគ​ធំ បាន​យក​ទៅ​ប្រើប្រាស់ សម្រាប់​ដោះ​មីន​របស់​ចិន សូវៀត និង​វៀតណាម នៅ​ភាគ​ខាងលិច​ប្រទេស គឺ​នៅ​តាម​ចម្ការ​មីន​ដែល​មាន​គ្រោះថ្នាក់ ១០​ដង​លើស​គ្រាប់បែក ដែល​ទម្លាក់​ដោយ​អាមេរិក​ទៅទៀត។ ប្រតិបត្តិការ​នេះ បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ជាច្រើន និង​ជួយ​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ផង​ដែរ។ សហរដ្ឋអាមេរិក សង្ឃឹមថា អាច​វិលត្រឡប់​ទៅ​រក​កិច្ចសហការ​ក្នុង​កិច្ចការ​នេះ ជា​បន្ត​ទៀត ក្នុង​ពេល​ឆាប់ៗ​នេះ។

អ្នកវិភាគ​លើក​ឡើង​ថា ការ​បន្ត​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល ស្រប​ពេល​ដែល​លោក ហ៊ុន សែន តែងតែ​ប្រកាស អំពី​គ្រាប់បែក​ឧស្ម័ន​របស់​សហរដ្ឋអាមេរិក​ដូច្នេះ គឺជា​ផែនការ​មួយ របស់​លោក​ហ៊ុន សែន ដែល​ឥលូវ​នេះ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ថ្កោលទោស និង​ចាត់ទុកជា​មេដឹកនាំ​ផ្ដាច់ការ​នោះ កំពុង​ធ្វើ​យុទ្ធនាការ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្អប់​សហរដ្ឋអាមេរិក ខណៈ​ដែល​លោក​កំពុងតែ​ងាក​ទៅ​រក​ប្រទេស​កុម្មុយនិស្ត​ចិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។