រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ចន ឃែរី (John Kerry) នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមករា។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៦ មករា ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ លោក ចន ឃែរី មកកម្ពុជា គឺធ្វើឡើងតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ក្នុងបំណងពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ចន ឃែរី នឹងជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង។
នេះ គឺជាលើកទី១ ដែល លោក ចន ឃែរី មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់តាំងពីលោកត្រូវបានប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) តែងតាំងឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០១៣ មក។
ចំណែកសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ចុះថ្ងៃទី១៥ មករា ឲ្យដឹងថា ក្នុងអំឡុងទស្សនកិច្ចរបស់ លោក ចន ឃែរី នៅភ្នំពេញ លោកនឹងពិភាក្សាជាមួយថ្នាក់ដឹកនាំកម្ពុជា អំពីកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលគ្រោងធ្វើឡើងនៅទីក្រុងសាន់នីឡែន្តស៍ (Sunnylands) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក នៅពាក់កណ្ដាលខែកុម្ភៈ ខាងមុខ។ លើសពីនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏នឹងពិភាក្សាស្វែងរកមធ្យោបាយពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរដែរ។
សហរដ្ឋអាមេរិក គឺជាប្រទេសមហាអំណាចមួយដែលតែងរិះគន់ការរំលោភសិទ្ធិមនុស្ស និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
