តំណាងរាស្ត្រសហរដ្ឋអាមេរិក ពីខាងគណបក្សប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) លើកទឹកចិត្តដល់គណបក្សប្រឆាំងនៅកម្ពុជា ឲ្យបន្តការតស៊ូរបស់ខ្លួនបន្ថែមទៀត ខណៈមានការគាបសង្កត់ខាងផ្នែកនយោបាយ និងខណៈស្ថានការណ៍រំលោភសិទ្ធិមនុស្សកំពុងមានសភាពតានតឹង។
តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ពីខាងគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម ថ្លែងជាសាធារណៈថា លោក អាឡាន់ ឡូវ៉ិនថល បានទូរស័ព្ទផ្ទាល់ទៅលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ថា សហរដ្ឋអាមេរិក កំពុងឃ្លាំមើលយ៉ាងយកចិត្តទុកអំពីស្ថានការណ៍នៅកម្ពុជា។
លោក អាឡាន់ ឡូវ៉ិនថល ជាអ្នកផ្ដួចផ្ដើមធ្វើសេចក្ដីសម្រេចលេខ H.RES 728 ស្តីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ សេចក្ដីសម្រេចនេះមានសារសំខាន់ណាស់ក្នុងការថ្កោលទោសគ្រប់ទម្រង់នៃការប្រើអំពើហិង្សាខាងផ្នែកនយោបាយ ដាក់ទណ្ឌកម្មកម្ពុជា នៃការរំលោភសិទ្ធិមនុស្សដែលកំពុងកើតមានឡើង ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា គោរពសេរីភាពខាងសារព័ត៌មាន សិទ្ធិក្នុងការជួបប្រជុំ ការធ្វើបាតុកម្ម ការហ៊ាននិយាយរិះគន់រដ្ឋាភិបាល និងគាំទ្រការកែទម្រង់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ដោយមានការចូលរួមសង្កេតការណ៍ពីសហគមន៍អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
