អនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន អ្នកស្រី ខាតធឺរីន ណូវីលី (Catterine Novelli) ដែលជាមន្ត្រីជាន់ខ្ពស់បំផុតផ្នែកសេដ្ឋកិច្ចនៃក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៩ និងទី១០ ខែមិថុនា។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក នៅថ្ងៃទី៦ ខែមិថុនា ឲ្យដឹងថា មុនពេលមកដល់កម្ពុជា អ្នកស្រី ខាតធឺរីន ណូវីលី បានចូលរួមកិច្ចប្រជុំលើកទី៨ នៅប្រទេសចិន ផ្នែកសេដ្ឋកិច្ច ជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងចិន។
នៅថ្ងៃទី៩ ខែមិថុនា អ្នកស្រីនឹងទៅមើលតំបន់ជម្រកសត្វព្រៃនៅព្រៃឡង់ ហើយជួបនឹងក្រុមអនុរក្សព្រៃឈើក្នុងមូលដ្ឋាន ដើម្បីនិយាយពីការអនុវត្តច្បាប់ព្រៃឈើ និងសកម្មភាពដែលមានបំណងកាត់បន្ថយការបរបាញ់សត្វដោយខុសច្បាប់ ការជួញដូរសត្វព្រៃ និងការកាប់ឈើខុសច្បាប់ ដើម្បីបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងការការពារទីជម្រកសត្វព្រៃដែលប្រឈមនឹងការហិនហោចព្រៃ។ ក្រៅពីនេះទៀត អ្នកស្រីនឹងជួបប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសុភា និងរដ្ឋមន្ត្រីស្ដីទីក្រសួងពាណិជ្ជកម្ម លោក កឹម ស៊ីថន ដើម្បីពិភាក្សាពីបញ្ហានានាផ្នែកវិនិយោគ និងពាណិជ្ជកម្ម។
សម្រាប់នៅថ្ងៃទី១០ ខែមិថុនា អ្នកស្រី ណូវីលី នឹងចូលរួមក្នុងក្រុមពិភាក្សាដើម្បីគូសបញ្ជាក់ពីនយោបាយស្ថាប័ន និងភាពជាដៃគូចាំបាច់សម្រាប់កសាងសេដ្ឋកិច្ចដែលមានវិស័យចម្រុះច្រើននៅកម្ពុជា។ បន្ទាប់មកទៀត អ្នកស្រីនឹងធ្វើដំណើរទៅកាន់ខែត្រសៀមរាប ដើម្បីពិនិត្យមើលការជួសជុលប្រាសាទភ្នំបាក់ខែង និងប្រាសាទដទៃទៀត ក្រោមជំនួយថវិការបស់សហរដ្ឋអាមេរិក នៅក្នុងសួនឧទ្យានអង្គរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
