ប៉ូលិសព្រហ្មទណ្ឌនៃអធិការដ្ឋានក្រុងសំរោង បានកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំក្រុងសំរោង និងសង្កាត់បន្សាយរាក់ ចំនួន ៥រូប ឲ្យទៅឆ្លើយបំភ្លឺពេញមួយថ្ងៃច័ន្ទ ទី៦ ខែមិថុនា ជុំវិញករណីប្ដឹងមេភូមិដែលគាំទ្រគណបក្សកាន់អំណាច ២នាក់ ថាបានទៅដកបំផ្លាញស្លាកសញ្ញាគណបក្សប្រឆាំងកន្លងមក។
សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ កំពុងតាមឃ្លាំមើលការហៅសកម្មជនគណបក្សប្រឆាំងទៅសាកសួរនោះ ខ្លាចក្រែងមានការគាបសង្កត់ និងគំរាមកំហែង ជាដើម។
សកម្មជននៃគណបក្សសង្គ្រោះជាតិ ក្នុងខេត្តឧត្តរមានជ័យ ចង់ឃើញមន្ត្រីប៉ូលិសនៃអធិការដ្ឋាននគរបាលក្រុងសំរោង អនុវត្តច្បាប់បានត្រឹមត្រូវ និងយុត្តិធម៌ ជុំវិញករណីដែលមេភូមិគាំទ្រគណបក្សកាន់អំណាច ២នាក់ បានទៅដកបំផ្លាញស្លាកសញ្ញារបស់គណបក្សប្រឆាំងនៅក្នុងសង្កាត់បន្សាយរាក់ អស់ចំនួន ៣ផ្ទាំងនោះ។
ការចង់ឃើញយុត្តិធម៌នេះ បានបង្ហាញឲ្យដឹងបន្ទាប់ពីប៉ូលិសព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសំរោង កោះហៅសកម្មជនគណបក្សសង្គ្រោះជាតិ នៅសង្កាត់បន្សាយរាក់ និងនៅក្រុងសំរោង ចំនួន ៥រូបឲ្យទៅឆ្លើយបំភ្លឺជុំវិញរឿងនេះ។
សកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំសង្កាត់បន្សាយរាក់ ម្នាក់ក្នុងចំណោមសកម្មជនចំនួន ៤រូបផ្សេងទៀត គឺលោក ម៉ក់ វ៉ាន់វុទ្ធី។ លោកមានប្រសាសន៍នៅរសៀលថ្ងៃច័ន្ទ ទី៦ ខែមិថុនា ថា រូបលោក និងសកម្មជន ៤នាក់ទៀត ត្រូវប៉ូលិសព្រហ្មទណ្ឌក្រុងសំរោង កោះហៅឲ្យទៅឆ្លើយបំភ្លឺជុំវិញបណ្ដឹងចោទប្រកាន់មេភូមិ ២នាក់ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ថាបានបំផ្លាញស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ ចំនួន ៣ផ្ទាំងនោះ។ ចាប់តាំងពីព្រឹករហូតដល់ល្ងាចថ្ងៃច័ន្ទ រូបលោក និងសកម្មជន ៣នាក់ទៀត បានចូលទៅឆ្លើយបំភ្លឺជាបន្តបន្ទាប់។
សកម្មជនគណបក្សសង្គ្រោះជាតិ ដដែលបញ្ជាក់ថា បន្ទាប់ពីក្រុមរបស់គាត់ឆ្លើយបំភ្លឺប្រាប់ប៉ូលិសហើយនោះ គឺពួកគាត់ចង់ឃើញប៉ូលិសចាត់ការសំណុំរឿងនេះឲ្យមានយុត្តិធម៌៖ « ខ្ញុំចង់ឲ្យមានចំណាត់ការ៣ ( ខ ) ។ ទី១ ឲ្យមេភូមិហ្នឹងគាត់យកស្លាកមកដាំឲ្យវិញ។ ទី២ ស្លាកដែលបាត់ គឺរកមកសងវិញដែរ »។
សកម្មជនគណបក្សសង្គ្រោះជាតិ នៅសង្កាត់បន្សាយរាក់ និងនៅក្រុងសំរោង ចំនួន ៤នាក់ឈ្មោះ ម៉ក់ វ៉ាន់វុទ្ធី ឈ្មោះ ធួក ធឿយ ឈ្មោះ ឆម អាង និងឈ្មោះ កាត គាន បានចូលខ្លួនទៅឆ្លើយបំភ្លឺនៅអធិការដ្ឋាននគរបាល នៅថ្ងៃច័ន្ទ ទី៦ ខែមិថុនា។ ចំណែកឯសកម្មជនម្នាក់ទៀតឈ្មោះ កាក នឿន មិនបានចូលទៅឆ្លើយបំភ្លឺទេ ដោយសារតែប៉ូលិសជូនលិខិតយឺតពេល បណ្ដាលឲ្យគាត់ចេញទៅធ្វើចម្ការបាត់។
គណបក្សសង្គ្រោះជាតិ នៅសង្កាត់បន្សាយរាក់ បានចោទប្រកាន់មេភូមិអូរបាត់ដាវ ឈ្មោះ ភួង ភឿន និងមេភូមិត្រពាំងត្រាវ ឈ្មោះ ម៉ោន គឹមយ៉ាន ថាបានទៅដកបំផ្លាញស្លាកសញ្ញាចំនួន ២ផ្ទាំង។ ចំណែក ១ផ្ទាំងផ្សេងទៀត បានបាត់កាលពីថ្ងៃទី២៩ ខែឧសភា កន្លងទៅ។
អធិការនគរបាលក្រុងសំរោង លោក ស៊ុន សាន មានប្រសាសន៍ថា កម្លាំងរបស់លោកបានកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ៥រូបទៅសាកសួរជុំវិញបណ្ដឹងដែលចោទប្រកាន់មេភូមិទាំងពីរនេះ ដើម្បីជាការចាប់ផ្ដើមស៊ើបអង្កេត៖ « រឿងដកស្លាកដកអីហ្នឹង ខ្ញុំសួរពួកគាត់ហើយ នឹងហៅអ្នកចុងបណ្ដឹងមកសាកសួរម្ដង »។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន គាំទ្រចំពោះចំណាត់ការរបស់ប៉ូលិសជុំវិញរឿងនេះ ហើយសមាគមការពារសិទ្ធិមនុស្សអាដហុក នៅតែបន្តឃ្លាំមើលខ្លាចក្រែងមានការគាបសង្កត់ ឬក៏គំរាមកំហែងទៅលើសកម្មជននៃគណបក្សប្រឆាំងដោយប្រការណាមួយ។
ចំណែកនៅឯខេត្តសៀមរាប វិញ នៅថ្ងៃច័ន្ទ ដដែល គឺប៉ូលិសឃុំចាន់ស នៃស្រុកសូទ្រនិគម បានឃាត់ខ្លួនសកម្មជននៃគណបក្សសង្គ្រោះជាតិ ម្នាក់ឈ្មោះ វួន វ៉យ នៅពេលដែលសកម្មជនរូបនោះកាន់ក្រដាសដើរផ្ដិតមេដៃប្រជាពលរដ្ឋនៅតាមភូមិ ដើម្បីធ្វើញត្តិបញ្ជូនទៅថ្នាក់ជាតិ។ ប៉ូលិសបានសាកសួរសកម្មជននៃគណបក្សប្រឆាំងរូបនោះរយៈពេលខ្លី ហើយបានដោះលែងវិញបន្ទាប់ពីបានដកហូតយកក្រដាសស្នាមមេដៃទាំងអស់រួចមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
