ចៅក្រមជំនុំជម្រះនៃតុលាការកំពូល នឹងប្រកាសសាលដីកាករណីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្ន នៅថ្ងៃទី១៧ ខែសីហា។ ការឃុំខ្លួននេះ មានរយៈពេលជិត ៤ខែហើយ។
សេចក្ដីសម្រេចរបស់តុលាការកំពូល ដែលនឹងប្រកាសឲ្យដឹងនៅសប្ដាហ៍ក្រោយនេះ ធ្វើឡើងបន្ទាប់ពីក្រុមចៅក្រមជំនុំជម្រះស្ដាប់ក្រុមមេធាវីការពារក្ដីឲ្យលោក អ៊ុំ សំអាន លើកឡើងពីអង្គហេតុទាក់ទងនឹងការចាប់ខ្លួនកូនក្ដីរបស់ពួកគេ អស់ពេលជិតកន្លះម៉ោង។
ថ្លែងក្នុងបន្ទប់សវនាការ លោកមេធាវី ហែម សុជាតិ ស្នើសុំតុលាការកំពូល សម្រេចឲ្យកូនក្ដីលោកអាចនៅក្រៅឃុំបណ្ដោះអាសន្នបាន ដោយស្ថិតក្រោមការពិនិត្យតាមដានពីតុលាការ។ ដើម្បីបញ្ចៀសកុំឲ្យយល់ថាការសុំនៅក្រៅឃុំ ថាជាការគេចខ្លួនទៅក្រៅប្រទេសនោះ ក្រុមមេធាវីព្រមដាក់លិខិតឆ្លងដែនសញ្ជាតិខ្មែរ-អាមេរិក របស់លោក អ៊ុំ សំអាន ដាក់ប្រាក់តម្កល់នៅតុលាការ និងមានការធានាពីក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំង ៥៤រូប។
លោក ហែម សុជាតិ ជាមេធាវីម្នាក់ក្នុងចំណោម ៣នាក់និយាយថា ករណីលោក អ៊ុំ សំអាន ជាបទមជ្ឈិម មិនមែនជាបទល្មើសជាក់ស្ដែងដូចការចោទប្រកាន់របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញនោះទេ៖ « បទល្មើសជាក់ស្ដែងតាមអត្ថន័យមាត្រា៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ គឺបទល្មើសជាក់ស្ដែង។ បានន័យថា កើតភ្លាមចាប់ភ្លាម ប៉ុន្តែបទល្មើសរបស់គាត់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកឆ្នាំ២០១៥ ហ្នឹង តែចាប់នៅឆ្នាំ២០១៦។ ចឹងវាអត់មានភាពជាក់ស្ដែង។ មកដល់ពេលនេះ គឺអភ័យឯកសិទ្ធិរបស់គាត់អត់ទាន់ត្រូវបានដកទេ។ គាត់នៅតែជាតំណាងរាស្ត្រ។ ហើយមួយទៀត យើងបានពន្យល់ទៅតុលាការថា គាត់ជាអ្នកតំណាងរាស្ត្រដែលទទួលបានការបោះឆ្នោតពីរាស្ត្រ។ ចឹងគាត់មានសិទ្ធិបញ្ចេញមតិ ព្រោះតាមមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ អនុញ្ញាតឲ្យគាត់បញ្ចេញមតិ ព្រោះគាត់ជាតំណាងរាស្ត្រ គាត់អត់មានសិទ្ធិអំណាចអីក្រៅពីនិយាយទេ »។
ក្រោយពីបញ្ចប់សវនាការនៅព្រឹកថ្ងៃទី១០ ខែសីហា តំណាងរាស្ត្របក្សប្រឆាំងដែលនិយាយមិនសំចៃមាត់ពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម លោក អ៊ុំ សំអាន សង្ឃឹមថា តុលាការនឹងសម្រេចឲ្យលោកបាននៅក្រៅឃុំ៖ « លោក ហ៊ុន សែន និងគណបក្សប្រជាជន បានធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ដោយឃុំខ្លួនខ្ញុំជាតំណាងរាស្ត្រដែលកំពុងមានអភ័យឯកសិទ្ធិ។ អ្នកការពារព្រំដែនជាប់គុក អ្នកដែលកាត់ដីឲ្យយួន បែរជារួចខ្លួន »។
លោក អ៊ុំ សំអាន ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទញុះញង់នាំឲ្យមានការរើសអើង និងប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែមេសា។ ការចោទប្រកាន់នេះ ក្រោយពីលោកបានរិះគន់រឿងបញ្ហាព្រំដែនខ្មែរ-វៀតណាម ទាក់ទងនឹងការប្រើប្រាស់ផែនទីក្លែងក្លាយ។ ក្រោយមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការចាប់ខ្លួនអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន គឺត្រឹមត្រូវតាមច្បាប់ ព្រោះជំរុញឲ្យមានជម្លោះជាមួយប្រទេសជិតខាង ក្នុងការផ្សព្វផ្សាយផែនទី និងប្រើពាក្យសម្ដីក្នុងទិសដៅញុះញង់ បំផុសបំផុលឲ្យមានជម្លោះជាមួយប្រទេសជិតខាង និងមានទិសដៅទម្លាក់នាយករដ្ឋមន្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
