សំឡេង៖ «ខ្ញុំបារម្ភណាស់ ខ្ញុំបារម្ភភ័យខ្លាចរហូតតាំងពីថ្ងៃរាប់សន្លឹកឆ្នោតមក រហូតសព្វថ្ងៃហ្នឹងទៀត។ ហើយដល់ល្ងាចនេះ ដូចករណីភ្លើងឆេះភ្លើងអីហ្នឹង ខ្ញុំគ្រាន់តែបានអើតមើលទេ។ តែអត់ហ៊ានចេញទៅមើលទេ...»។
រយៈពេលជាង ៨ថ្ងៃកន្លងទៅហើយ គិតមកដល់ថ្ងៃទី៩ សីហា អំពីរយៈពេលនៃការដុតបំផ្លាញរោងចំបើងរបស់សកម្មជនគណបក្សសង្គ្រោះជាតិ នៅស្រុកជុំគីរី ខេត្តកំពត ខណៈដែលនគរបាលយុត្តិធម៌បញ្ជាក់ថា គេនៅតែពុំទាន់អាចកំណត់មុខសញ្ញាជនល្មើសបាននៅឡើយនោះ។
អនុប្រធានគណៈកម្មការប្រតិបត្តិខេត្តកំពត របស់គណបក្សសង្គ្រោះជាតិ លោក ជិន អឿន ឲ្យដឹងកាលពីថ្ងៃទី២ សីហា ថា រោងចំបើងរបស់លោកមានទំហំចំនួន ៤ គុណនិង ៥ម៉ែត្រ។ ហើយសម្ភារៈសំខាន់ៗមួយចំនួន លោកតែងរក្សាទុកនៅនឹងរោងចំបើងនេះទាំងអស់។ លោកបន្តថា អ្វីដែលគ្រួសាររបស់លោកបានសន្សំទុកជាយូរមកហើយ ដូចជាឈើធ្វើផ្ទះ កន្ទេលប្រើប្រាស់ប្រចាំថ្ងៃ និងសម្ភារៈមួយចំនួនទៀត ក៏ត្រូវរងការខូចខាតទាំងស្រុងដែរ៖ «សម្ភារៈដែលខ្ញុំទុកក្នុងរោងចំបើងនេះ ទីមួយចំបើងយើងនៅពេញ។ ហើយក្រៅពីនោះ មានសម្ភារៈប្រើប្រាស់មានឈើនោះប្រហែលជាឈើសម្រាប់ធ្វើផ្ទះប្រហែល ៥-៦សន្លឹកអ៊ីចឹងទៅ។ មានក្ដារប្រហែល ១០សន្លឹក កន្ទេលយើងសម្រាប់ប្រើប្រាស់កន្ទេលស្លឹកត្នោត កន្ទេលគេហៅកន្ទេលចចូត២ សុទ្ធតែកន្ទេលខ្ញុំប្រើប្រាស់រាល់រដូវរាល់ថ្ងៃ ដូចជាមានច្រូតកាត់បោកបែន គឺយើងយករបស់ហ្នឹងប្រើ។ តែឥឡូវហ្នឹង វាអស់ហើយមានអីទៀត...»។
លោក ជិន អឿន ជាអតីតអធិការរងប៉ូលិសស្រុកជុំគីរី និងជាអតីតសមាជិកគណបក្សប្រជាជនកម្ពុជា និយាយថា ដើមឡើយលោកពុំដឹងថាមានគេលួចដុតបំផ្លាញសម្ភារៈសោះឡើយ ព្រោះម៉ោងជាង ១០យប់ទៅហើយ។ ក្រោយពីមានសំឡេងលាន់ឮក្រោយផ្ទះ ដូចស្នូរទឹកភ្លៀងនោះ និងក្រោយពីការពិនិត្យមើលទើបដឹងថា រោងចំបើងរបស់លោកត្រូវភ្លើងឆាបឆេះ ដែលពុំអាចទប់ស្កាត់បានទៅហើយ៖ «ខ្ញុំអត់ទាន់សម្រាកទេ ខ្ញុំកំពុងតែដេកក្នុងផ្ទះ ហើយស្ដាប់វិទ្យុ។ ដល់ចប់វិទ្យុគ្រប់សព្វអីអ៊ីចឹង ដល់ម៉ោងប្រហែលជា ១០ អីហ្នឹង ខ្ញុំហ្នឹងបិទវិទ្យុថាគិតសម្រាន្ត។ គ្រាន់តែបិទវិទ្យុទៅ សម្រាន្តមិនទាន់លក់ ឮសូរដូចជាខ្យល់វូៗអ៊ីចឹង ខ្ញុំក៏ឆ្ងល់ៗក្រោកអង្គុយ។ ដល់ក្រោកអង្គុយទៅ អើតមើលជុំវិញផ្ទះទៅ វាមានពន្លឺភ្លើង។ ដល់ពេលពន្លឺភ្លើង ខ្ញុំក៏ស្ទុះបើកទ្វារចេញអើតមើលឃើញឆេះ»។
មេប៉ុស្តិ៍នគរបាលយុត្តិធម៌ស្នាយអន្ជិត លោក យិន ណាត ដែលបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ និយាយថា ផ្អែកតាមការសិក្សាបឋម គឺនៅមិនទាន់អាចកំណត់មុខសញ្ញាជនសង្ស័យបាននៅឡើយទេ។ បើទោះជាបែបណា លោក យិន ណាត អះអាងថា ឆ្លងការស្រាវជ្រាវ អង្គភាពជំនាញរបស់លោកនឹងតាមចាប់ខ្លួនអ្នកប្រព្រឹត្តិបទល្មើស ដើម្បីយកទៅផ្ដន្ទាទោស៖ «បាទ! អារឿងនេះខ្ញុំអត់បានដឹងពិតប្រាកដថាមូលហេតុអីទេបង។ ព្រោះអីកំពុងតែស៊ើបអង្កេត ព្រោះអីអត់ទាន់សន្និដ្ឋានថាជារឿងអីទេ។ កន្លងមកបើតាមខ្ញុំសួរគាត់ទៅ គាត់ថាដូចគំនុំអីនៅជុំវិញគ្រួសារគាត់អត់មានទេ។ ប៉ុន្តែអារឿងដែលថាដុតបំផ្លាញហ្នឹង មិនដឹងគេស្អប់គាត់ដោយរបៀបណា អាហ្នឹងខ្ញុំអត់បានដឹង ខ្ញុំមិនហ៊ានសន្និដ្ឋាន»។
អង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកសិទ្ធិមនុស្សក្នុងតំបន់ ចាត់ទុកថា នេះជាហិង្សាផ្នែកនយោបាយ ដែលកើតចេញពីការឈ្នានីសពីបក្សនយោបាយដែលមានឥទ្ធិពលទៅលើបក្សប្រឆាំង។
អ្នកស្រាវជ្រាវរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តកំពត ដែលបានចុះអង្កេតក្នុងសំណុំរឿងនេះ លោក យន់ ផល្លី ហៅការដុតបំផ្លាញនេះថា គឺជាគំនុំផ្នែកនយោបាយ។ លោកគិតថា ព្រោះនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត សកម្មជនរបស់គណបក្សសង្គ្រោះជាតិ តែងរងការគំរាមកំហែងជាបន្តបន្ទាប់ និងមួយចំនួនទៀត ត្រូវចាប់ខ្លួនដាក់ពន្ធនាគារដោយពុំទាន់បានបើកសវនាការជំនុំជម្រះនៅឡើយទេ គិតមកដល់ពេលនេះ៖ «យោងតាមការស៊ើបអង្កេតក្នុងករណីដែលមានការដុតរោងចំបើងរបស់សកម្មជនរបស់គណបក្សសង្គ្រោះជាតិ នេះ យើងយល់ឃើញថា នេះជាការគំរាមកំហែងទាក់ទិនបញ្ហានយោបាយ។ ព្រោះថា គាត់ជាអនុប្រធានប្រតិបត្តិរបស់ខេត្តនៃគណបក្សសង្គ្រោះជាតិ។ នៅក្នុងយុទ្ធនាការក្នុងការបោះឆ្នោតនេះ យើងឃើញថាមានការកើតឡើងទាក់ទិនបញ្ហាសកម្មជនគណបក្សជំទាស់ហ្នឹង ឃើញថាមានការចាប់ខ្លួន។ កន្លងមក ឃើញថា ៣ករណីផ្សេងៗគ្នាដែលមានការចាប់ខ្លួន»។
កាលពីថ្ងៃទី៥ សីហា អង្គការច្រាក (Chrac) ដែលជាស្ថាប័នបណ្ដុំទៅដោយអង្គការ និងសមាគម បានចេញសេចក្ដីថ្លែងការណ៍រួមមួយបង្ហាញពីក្តីបារម្ភក្រោយថ្ងៃបោះឆ្នោត។
លិខិតបន្តថា អង្គការសង្គមស៊ីវិល ព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាបំភិតបំភ័យ ការគុំគួន ការគំរាមកំហែង ក្នុងចំណោមប្រជាពលរដ្ឋមួយចំនួន និងបញ្ហាហិង្សាដោយពាក្យសម្ដីពីក្រុមគណបក្សនយោបាយមួយទៅគណបក្សនយោបាយមួយផ្សេងទៀត ជាពិសេស ពីមន្ត្រីថ្នាក់មូលដ្ឋាន ដូចជាមេភូមិ មេឃុំ និងអាជ្ញាធរដែលមាននិន្នាការគាំទ្រគោលនយោបាយគណបក្សកំពុងគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ដៃឆ្វេងកំពុងឆ្កឹះកកាយរកមើលឯកសារក្នុងថង់ប្លាស្ទិក ដោយយកជើងទាំងពីរជួយទ្រផង បុរសពិការដៃស្ដាំត្រឹមខ្លៀក កាលពីជាង ២០ឆ្នាំមុន ដោយសារសង្គ្រាម លោក ជិន អឿន ឲ្យដឹងថា ការដុតបំផ្លាញរោងចំបើងរបស់លោកនេះ ទំនងជាហិង្សាផ្នែកនយោបាយជាជាងគំនុំបុគ្គល។ លោកបញ្ជាក់ថា ព្រោះគ្រួសាររបស់លោកពុំធ្លាប់មានវិវាទជាមួយពលរដ្ឋ ឬមានជម្លោះជាមួយអ្នកជិតខាងនោះម្ដងទេ៖ «ខ្ញុំសូមឲ្យបក្សហ្នឹងជួយដល់សុវត្ថិភាពផង ក្រែងលោថ្ងៃមុខថ្ងៃក្រោយទៅមិនដឹងជាយ៉ាងណាទេ។ ព្រោះថាលទ្ធផលឆ្នោតរបស់យើងនេះកំពុងប្រទង់ប្រទាញ។ ហើយម្យ៉ាង ការឈ្នះ និងការចាញ់ បើនិយាយការឈ្នះនៅជុំគីរីនេះ ឈ្នះជិត ២ពាន់សំឡេង។ ដល់ឈ្នះអ៊ីចឹង មិនដឹងថាគេឲ្យទុក្ខឲ្យទោសយើងយ៉ាងម៉េច។ អ៊ីចឹង សូមឲ្យខាងលើខាងបក្សហ្នឹង ចេះតែជួយខាងសុវត្ថិភាពជួយតាមរយៈណាអីអាហ្នឹងតាមស៊ីសងខាងលើ។ មានលទ្ធភាពជួយតាមរបៀបណាអី ខ្ញុំម្នាក់ឯងចេះតែការពារ ចេះតែប្រុងប្រយ័ត្នហើយ ប៉ុន្តែថាបើមានបញ្ហាមានស្អីទៅតទល់ មានតែដៃៗមួយចំហៀងទៀតទៅធ្វើអីកើត»។
បើទោះជាបែបណា មន្ត្រីអង្គការការពារសិទ្ធិមនុស្សលីកាដូ ក្នុងតំបន់ រកឃើញថា ហិង្សាផ្នែកនយោបាយនៅក្នុងអាណត្តិទី៥ នេះ ហាក់មានស្ថានភាពយ៉ាប់យ៉ឺនជាងអាណត្តិកន្លងទៅ។ នៅក្នុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោតបានចាប់ផ្ដើម សកម្មជនគាំទ្រគណបក្សប្រឆាំងចំនួន ៦នាក់ ក្នុងខេត្តកំពត មកពីតំបន់ខុសៗគ្នា ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋាភិបាលចាប់ឃុំខ្លួនដាក់ពន្ធនាគារ និងមិនទាន់ដោះស្រាយនៅឡើយ។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការអត្ថាធិប្បាយពីមន្ត្រីជំនាញរបស់រដ្ឋាភិបាលនៅខេត្តកំពត ដើម្បីបំភ្លឺជុំវិញសំណុំរឿងទាំងនេះបានភ្លាមៗទេ ដោយទូរស័ព្ទពុំមានអ្នកទទួល។
ក៏ប៉ុន្តែ ប្រធានប៉ុស្តិ៍ស្នាយអន្ជិត លោក យិន ណាត សន្យាថា លោកនឹងស្វែងរកយុត្តិធម៌ក្នុងជម្លោះនេះ ដើម្បីផ្ដល់ភាពត្រឹមត្រូវ និងសុក្រឹតមួយសម្រាប់អ្នករងគ្រោះ៖ «ខ្ញុំនឹងខំស្រាវជ្រាវរកមុខជនល្មើស រកមុខជនល្មើស ដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ ការស៊ើបអង្កេតហ្នឹង ខ្ញុំបន្តរហូតដល់អស់ពីសមត្ថភាពខ្ញុំដែលខ្ញុំខំរក»។
ទន្ទឹមនឹងនេះ គណបក្សប្រឆាំងចាត់ទុកថា មន្ត្រីគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងគំរាមកំហែងសកម្មជនរបស់ខ្លួននៅតាមមូលដ្ឋានគ្រប់រូបភាព ទាំងមុន និងក្រោយថ្ងៃបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
