វៀតណាម​ស្នើ​ជា​ថ្មី​ឲ្យ​កម្ពុជា​ចាត់​វិធានការ​បញ្ឈប់​សកម្មភាព​ខុស​ឆ្គង​របស់​បាតុករ​ខ្មែរ

0:00 / 0:00

ក្រសួង​ការ​បរទេស​វៀតណាម ស្នើ​ជា​ថ្មី​ទៀត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​បញ្ឈប់​សកម្មភាព​ខុស​ឆ្គង​របស់​បាតុករ​ខ្មែរ។ ការ​ស្នើ​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ពលរដ្ឋ​ខ្មែរ គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​មន្ត្រី​ស្ថានទូត​វៀតណាម នៅ​ដើម​ខែ​តុលា ខាង​មុខ ប្រសិន​បើ​រដ្ឋាភិបាល​វៀតណាម មិន​ឆ្លើយ​តប​ផ្លូវ​ការ​តាម​ការ​ទាមទារ​របស់​ពួក​គេ។

ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ពុំ​ទាន់​បញ្ជាក់​ថា​យ៉ាង​ណា ចំពោះ​សំណើ​របស់​ក្រសួង​ការ​បរទេស​វៀតណាម គឺ​គ្រាន់​តែ​អះអាង​ថា កម្ពុជា មាន​តួនាទី​ធានា​សុវត្ថិភាព​ដល់​គ្រប់​ស្ថានទូត​ទាំងអស់​នៅ​កម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ កញ្ញា ថា ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា មាន​ភារកិច្ច​ការពារ​សុវត្ថិភាព​ដល់​គ្រប់​ស្ថានទូត​បរទេស​ទាំងអស់​ដែល​ប្រចាំ​នៅ​កម្ពុជា មិន​ថា​ស្ថានទូត​នោះ​ជា​របស់​ប្រទេស​ណា​មួយ​ឡើយ។ លោក កុយ គួង អះអាង​បន្ត​ថា ចំណែក​សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី គឺ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា។

លោក កុយ គួង៖ «រាល់​ការ​ធ្វើ​បាតុកម្ម​ផ្សេងៗ​ហ្នឹង គឺ​យើង​មិន​អនុញ្ញាត​ដល់​បាតុកម្ម​ណា​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​ខុស​ច្បាប់ ឬ​ឯ​បាតុកម្ម​ប្រព្រឹត្ត​ទៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ អា​ហ្នឹង​វា​មិន​ជា​បញ្ហា​ទេ ឲ្យ​តែ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ ព្រោះ​សិទ្ធិ​ធ្វើ​បាតុកម្ម​យើង​ដឹង​ហើយ ថា​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ណា ហើយ​យើង​មាន​ច្បាប់​ធ្វើ​បាតុកម្ម​ទៀត ច្បាប់​បាតុកម្ម​សំដៅ​ទៅ​លើ​បាតុកម្ម​ដោយ​សន្តិវិធី ដូច្នេះ​យើង​មិន​អនុញ្ញាត​ដល់​បាតុកម្ម​ណា​ដែល​ខុស​ច្បាប់ ហើយ​បាតុកម្ម​ខុស​ច្បាប់ ភាគ​ច្រើន​យើង​សំដៅ​លើ​បាតុកម្ម​ណា​ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នោះ គឺ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ជា​ដាច់​ខាត»

បណ្ដាញ​សារព័ត៌មាន​ចិន ស៊ិនហួ (Xinhua) បាន​ផ្សាយ​ដោយ​ស្រង់​សម្ដី​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម លោក ឡេ ហាយ បិញ (Le Hai Binh) ដែល​បាន​ថ្លែង​នៅ​ទីក្រុង​ហាណូយ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ថា វៀតណាម ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​មាន​ប្រសិទ្ធភាព ដើម្បី​បញ្ឈប់​សកម្មភាព​ខុស​ឆ្គង​របស់​បាតុករ​ខ្មែរ​ប្រឆាំង​វៀតណាម។ លោក ឡេ ហាយ បិញ ថ្លែង​បន្ត​ថា សកម្មភាព​ខុស​ឆ្គង​របស់​បាតុករ​នេះ មិន​ស្រប​ទៅ​នឹង​មិត្តភាព​ជា​ប្រពៃណី និង​ទំនាក់ទំនង​ល្អ​ប្រសើរ​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ឡើយ។

ការ​ថ្លែង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម នៅ​ថ្ងៃ​ទី​១១ កញ្ញា នោះ គឺ​ចំ​ថ្ងៃ​ដែល​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម លោក ហ្វាម ក្វាង វិញ (Pham Quang Vinh) ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា និង​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង។ លោក កុយ គួង បាន​អះអាង​ថា នៅ​ក្នុង​ជំនួប​នោះ លោក ហ្វាម ក្វាង វិញ សន្យា​ថា ស្ថានទូត​វៀតណាម នឹង​ធ្វើ​កំណត់​ទូត​ទៅ​ក្រសួង​ការ​បរទេស​កម្ពុជា ដើម្បី​ដក​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាំង ថុង ទៅ​វៀតណាម វិញ។

យ៉ាង​ណា​ក៏ដោយ បណ្ដាញ​សារព័ត៌មាន​វៀតណាម ឈ្មោះ វៀតណាម​ផ្លាស (Vietnamplus) បាន​ផ្សាយ​ថា ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​មុខ​ស្ថានទូត​វៀតណាម នា​ពេល​កន្លង​មក លោក ហ្វាម ក្វាង វិញ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​ចាំបាច់​គ្រប់​បែប​យ៉ាង ដើម្បី​រារាំង​កុំ​ឲ្យ​សកម្មភាព​ដដែល​នោះ​កើត​ឡើង​ជា​ថ្មី​ទៀត។

នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ក្រសួង​ការ​បរទេស​វៀតណាម ស្នើ​ឲ្យ​កម្ពុជា ចាត់​វិធានការ​ចំពោះ​បាតុករ​ខ្មែរ។ ការ​លើក​ឡើង​របស់​វៀតណាម ជា​បន្តបន្ទាប់​នេះ ត្រូវ​បាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ចាត់​ទុក​ថា រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម កំពុង​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា ការ​ស្នើសុំ​របស់​រដ្ឋាភិបាល​វៀតណាម គឺ​ជា​សិទ្ធិ​របស់​ពួក​គេ ប៉ុន្តែ​លោក​ថា វៀតណាម គួរ​បញ្ឈប់​តាំង​ខ្លួន​ឯង​ជា​បង​ធំ​របស់​ខ្មែរ​ទៀត​ទៅ។ លោក​មាន​ប្រសាសន៍​បន្ត​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា ការពារ​សិទ្ធិ​ធ្វើ​បាតុកម្ម​អហិង្សា​របស់​ពលរដ្ឋ​ខ្មែរ ហើយ​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​តាម​រដ្ឋាភិបាល​វៀតណាម មែន​នោះ នោះ​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា នៅ​តែ​ទទួល​ឥទ្ធិពល​ពី​ប្រទេស​វៀតណាម ដូច​ការ​ចោទ​ប្រកាន់​ដដែល។

លោក​បណ្ឌិត រស់ រ៉ាវុធ៖ «ក្នុង​ករណី​ការ​ធ្វើ​បាតុកម្ម​របស់​ខ្មែរ​ក្រោម​ហ្នឹង គឺ​ជា​សិទ្ធិ​របស់​ខ្មែរ​ក្រោម ប៉ុន្តែ​ការ​ស្នើ​នេះ​ប្រសិន​ណា​ប្រទេស​កម្ពុជា ចាត់​វិធានការ​ណា​មួយ​ចំពោះ​បាតុកម្ម​របស់​ខ្មែរ​ក្រោម​អហិង្សា​នោះ វា​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ អ៊ីចឹង​គេ​អាច​ចោទ​រដ្ឋាភិបាល​កម្ពុជា ថា នៅ​ចំណុះ​វៀតណាម ដដែល អ៊ីចឹង​ការ​ស្នើ​របស់​វៀតណាម គឺ​ជា​សំណើ​ផ្លូវ​ទូត​មួយ ប៉ុន្តែ​ការ​ចាត់​វិធានការ​ណា​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា នោះ អា​ហ្នឹង​ជា​សិទ្ធិ​របស់​រដ្ឋាភិបាល​កម្ពុជា»

លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា ជម្លោះ​ប្រវត្តិសាស្ត្រ​នេះ គឺ​ជា​ជម្លោះ​ផ្លូវ​ទូត​រវាង​កម្ពុជា និង​វៀតណាម។ លោក​ថា នៅ​ពេល​ដែល​វៀតណាម សន្យា​ដក​មន្ត្រី​នាំ​ពាក្យ​របស់​គេ​ទៅ​វិញ​នោះ នោះ​បាតុករ​ក៏​គួរ​ថយ​មួយ​ជំហាន​ដែរ ដើម្បី​ពិចារណា​ដែរ។

ទោះ​យ៉ាង​ណា​ក៏ដោយ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ធ្លាប់​បាន​អះអាង​ហើយ​ថា បើ​ទោះ​ជា​រដ្ឋាភិបាល​វៀតណាម ដក លោក ត្រឹង វ៉ាំង ថុង ត្រឡប់​ទៅ​វៀតណាម វិញ​ក៏ដោយ វៀតណាម ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​ថា តើ​ការ​ដក​នោះ​ដោយសារ​តែ លោក ត្រឹង វ៉ាំង ថុង ត្រូវ​ផុត​អាណត្តិ​ត្រឡប់​ទៅ​វិញ ឬ​ក៏​ដោយសារ​តែ​ការ​ថ្លែង​ខុស​ឆ្គង​អំពី​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម។ លោក​ថា ប្រសិន​បើ​រដ្ឋាភិបាល​វៀតណាម យល់​ថា លោក ត្រឹង វ៉ាំង ថុង ពិត​ជា​មាន​កំហុស​មែន​នោះ វៀតណាម ត្រូវ​តែ​សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ឬ​ត្រូវ​ទទួល​ស្គាល់​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម នៅ​ដើម​ខែ​តុលា បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។