មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង អះអាងថា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ហ្វាម ក្វាង វិញ (Pham Quang Vinh) ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី១១ កញ្ញា សន្យាថានឹងដកមន្ត្រីនាំពាក្យស្ថានទូតវៀតណាម លោក ត្រឹង វ៉ាន់ ថុង (Tran Van Thong) បន្ទាប់ពីមន្ត្រីនាំពាក្យរូបនោះ បានធ្វើអត្ថាធិប្បាយពាក់ព័ន្ធបញ្ហាទឹកដីខ្មែរកម្ពុជាក្រោម។
លោក កុយ គួង ប្រាប់អ្នកសារព័ត៌មានថា ក្រោយជំនួបរវាង លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា និងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ហ្វាម ក្វាង វិញ នៅទីស្ដីការក្រសួងការបរទេស កាលពីថ្ងៃទី១១ កញ្ញា មន្ត្រីការទូតវៀតណាម បានសន្យាថា ស្ថានទូតវៀតណាម នឹងធ្វើកំណត់ហេតុទូតមួយច្បាប់ទៅក្រសួងការបរទេសកម្ពុជា ដើម្បីដកមន្ត្រីនាំពាក្យ លោក ត្រឹង វ៉ាន់ ថុង ទៅវៀតណាម វិញ។
កាលពីខែមិថុនា លោក ត្រឹង វ៉ាន់ ថុង បានអះអាងប្រាប់វិទ្យុអាស៊ីសេរី ថា បារាំង មិនបានកាត់ទឹកដីឲ្យខ្មែរកម្ពុជាក្រោម ទៅឱ្យវៀតណាម ឡើយ គឺវៀតណាម បានគ្រប់គ្រងទឹកដីខ្មែរកម្ពុជាក្រោម តាំងពីយូរយារណាស់មកហើយ។ អត្ថាធិប្បាយនេះ បណ្ដាលឲ្យខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរផ្សេងទៀត ផ្ទុះកំហឹងធ្វើបាតុកម្មទាមទារឲ្យស្ថានទូតវៀតណាម សុំទោសជាសាធារណៈ និងដកអ្នកនាំពាក្យវៀតណាម រូបនេះចេញ រហូតដល់ឈានទៅដល់ការដុតទង់ជាតិវៀតណាម ថែមទៀតផង។
លោក កុយ គួង មិនបានបញ្ជាក់ថា ពេលណាទើប លោក ត្រឹង វ៉ាន់ ថុង នឹងវិលត្រឡប់ទៅប្រទេសវៀតណាម ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
