ជំទប់ទីមួយនៃស្រុកពញាក្រែក ខេត្តកំពង់ចាម មកពីគណបក្ស សម រង្ស៊ី លោក គង់ ចន្ថា ឲ្យដឹងនៅថ្ងៃទី២០ មិថុនា ថា លោកទើបទទួលបានពាក្យបណ្ដឹងដើម្បីឲ្យជួយអន្តរាគមន៍ពីពលរដ្ឋជាង ១៥នាក់ កាលពីថ្ងៃទី១៩ មិថុនា។ លោកបន្តថា ពលរដ្ឋបានចោទប្រកាន់ប្រធានភូមិមកពីគណបក្សប្រជាជនកម្ពុជា លោក សុវណ្ណ ថា បានធ្វើឲ្យបាត់ប័ណ្ណសម្រាប់អ្នកបោះឆ្នោតរបស់ពួកគេ។ ហើយទាមទារឲ្យប្រធានភូមិត្រូវទទួលខុសត្រូវចំពោះបញ្ហានេះ៖ «ប័ណ្ណព័ត៌មានប្រជាពលរដ្ឋនៅភូមិច្រករំដេង គាត់មេភូមិនោះ គាត់ទុកលាក់មិនចែកឲ្យប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋណាមិនគាំទ្រគណបក្សប្រជាជនហ្នឹង គាត់ទុកទាំងអស់ គាត់មិនចែកឲ្យទេអាហ្នឹង។ ថ្ងៃមុនគេនាំខ្ញុំទៅដែរ ខ្ញុំទៅដល់ផ្ទះមេភូមិហ្នឹង ហើយមេភូមិហ្នឹងគេថាយកឈ្មោះហ្នឹងទៅលិចអស់ហើយ។ ពួកហ្នឹងតាមទៅមើលលិច ក៏អត់មានឃើញដែរ។ គាត់បង្វែងដានទាំងអស់»។
លោក គង់ ចន្ថា បញ្ជាក់ថា លោកបានផ្ទៀងផ្ទាត់ឈ្មោះពលរដ្ឋចំនួន១៥ ដែលបាត់រួចហើយនៅសាលាឃុំ និងគណៈកម្មាធិការបោះឆ្នោតឃុំ តែបញ្ជីឈ្មោះរបស់ពលរដ្ឋទាំងនេះមិនបានបាត់ឡើយ។ ជំទប់ទីមួយមកពីគណបក្ស សម រង្ស៊ី រូបនេះចាត់ទុកថា នេះគឺជាការរើសអើងផ្នែកនយោបាយរបស់មន្ត្រីនៅថ្នាក់ក្រោមជាតិរបស់គណបក្សប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
