ពលរដ្ឋនៅខេត្តស្វាយរៀង ចោទអាជ្ញាធរវៀតណាម ថានៅតែបន្តសាងសង់ផ្លូវទន្ទ្រានចូលដីខ្មែររាប់រយហិកតារនៅតាមក្រវាត់ព្រំដែននាស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលផ្ទុយនឹងកិច្ចព្រមព្រៀងព្រំដែននៃភាគីទាំងពីរ គឺកម្ពុជា-វៀតណាម ដែលឲ្យផ្អាកសកម្មភាពឈូសឆាយធ្វើហេដ្ឋារចនាសម្ព័ន្ធនានាតាមព្រំដែន មុនមានដំណោះស្រាយ។
ជុំវិញរឿងនេះ គណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា ថាមិនទាន់ទទួលរបាយការណ៍ច្បាស់លាស់ទេ។ ចំណែកអាជ្ញាធរមូលដ្ឋានអះអាងថា បានបញ្ជូនសំណុំរឿងនេះទៅកាន់ថ្នាក់លើពិនិត្យជាយូរមកហើយ។
ទឹកដីខ្មែរនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ចំនួន ៤០០ហិកតារទៅ ៥០០ហិកតារ ដែលប្រជាពលរដ្ឋរស់នៅឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង អះអាងថា បានធ្លាក់ចូលក្នុងកណ្ដាប់ដៃវៀតណាម នោះ គឺចាប់ពីបង្គោលព្រំដែនលេខ១៩៤ ដល់បង្គោលលេខ១៩៨។
ពលរដ្ឋរស់នៅក្បែរព្រំដែនភូមិគោកតែក លោក ចន សាយ ថ្លែងទាំងបារម្ភពីសុវត្ថិភាពថា ទឹកដីកម្ពុជា បានបាត់បង់នៅពេលគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា-វៀតណាម បានចុះវាស់វែងបោះបង្គោលខណ្ឌសីមាពុះចែកប្រទេសទាំងពីរ កាលពីបីបួនឆ្នាំមុន និងការបន្តធ្វើផ្លូវខ្សែក្រវាត់ព្រំដែនពីសំណាក់ភាគីវៀតណាម រហូតមកទល់បច្ចុប្បន្ន។ បុរសរូបនេះបញ្ជាក់ថា ចំណុចដែលបាត់ដីជាច្រើនហិកតារនោះ គឺត្រង់ចំណុចចំពុះទាចន្លោះបង្គោលព្រំដែនលេខ១៩៤ ដល់លេខ១៩៨ ចាប់ពីឃុំទួលស្ដី រហូតដល់ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ លោកថា អាជ្ញាធរវៀតណាម ពុំបានធ្វើផ្លូវវាងតាមចំណុចចំពុះទានោះទេ គឺពួកគេបានធ្វើត្រង់ពុះកាត់ចូលដីស្រែពលរដ្ឋខ្មែរដោយសំដៅពីបង្គោលមួយទៅបង្គោលមួយទៀត៖ « ចូលច្រើនណាស់នៅចំពុះទារនោះ ប្រហែលខ្ទង់មួយគីឡូកន្លះអីណោះ គ្រាន់តែអារឿងអស់ ៣០០ហិកតារ »។
ពលរដ្ឋផ្សេងទៀតសក់ល្បាយអាចម៍ខ្លា រាងស្គមខ្មៅខ្ពស់ គឺលោក ឈួក សុខុម បានចង្អុលបង្ហាញប្រាប់ថា បង្គោលចាស់ដែលបោះក្នុងសម័យបារាំង គឺអ្នកភូមិធ្លាប់ឃើញនៅឆ្ងាយពីបង្គោលថ្មីជាង ១គីឡូដី។ មានវ័យជិត ៦០ឆ្នាំ លោកថា ខ្មែរមិនដែលចូលដីវៀតណាម សូម្បីមួយចង្អាមឡើយ ប៉ុន្តែផ្ទុយទៅវិញ លោកសង្កេតឃើញថា ស្ថានភាពព្រំដែន គឺមានការប្រែប្រួល ដោយបង្គោលព្រំដែនតែងតែរំកិលចូលមកដីខ្មែរបន្តិចម្តងៗ៖ « បង្គោលចាស់ហួសពីព្រំដែនថ្មីឆ្ងាយប្រហែលជាមួយគីឡូដីទៀត »។
ទន្ទឹមគ្នានេះ វៀតណាម ក៏បានធ្វើផ្លូវក្រវាត់ព្រំដែនចូលដីស្រែរបស់ពលរដ្ឋ ១គ្រួសារ ដែលរស់នៅជិតបង្គោលព្រំដែនលេខ១៩៨ ធ្វើឲ្យពួកគាត់បាត់បង់អស់ដីធ្លាប់អាស្រ័យផលជាង ២០ឆ្នាំកន្លងមកជិត ១ហិកតារដែរ។ ការធ្វើផ្លូវប៉ះពាល់ដីស្រែនេះ តាមលិខិតកំណត់ហេតុរួមជាភាសាខ្មែរ និងវៀតណាម ដែលវិទ្យុអាស៊ីសេរី ទទួលបាន ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ រវាងអាជ្ញាធរខ្មែរ គឺមេឃុំចន្ទ្រា លោក ក្លែង រុន និងអាជ្ញាធរវៀតណាម គឺលោក ឡេ វាំងហាយ មេឃុំតាំងហៀប ស្រុកថាន់វ៉ា ខេត្តឡុងអាង បានសម្រុះសម្រួលគ្នាផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋខ្មែររងគ្រោះ ដើម្បីអនុញ្ញាតឲ្យក្រុមធ្វើផ្លូវរបស់វៀតណាម បន្តធ្វើផ្លូវនោះទៅមុខទៀត។
ពលរដ្ឋខ្មែរម្ចាស់ដីរៀបរាប់ថា ការដែលលោកទាមទារសំណងនេះ ព្រោះលោកមិនសង្ឃឹមថា នឹងទទួលបានដីស្រែមកគ្រប់គ្រងវិញឡើយ។ មកទល់ពេលនេះ លោកក៏មិនទាន់ឃើញប្រាក់ឧបត្ថម្ភពីវៀតណាម ដែរ ប៉ុន្តែមេឃុំវៀតណាម ប្រាប់លោកថា កំពុងបញ្ជូនករណីនេះទៅអាជ្ញាធរថ្នាក់លើរបស់គេ ដើម្បីដោះស្រាយ៖ « បើមិនព្រម មិនដឹងថាទៅតវ៉ាម៉េចទៀត។ អ៊ីចឹងគ្រាន់តែសុំសំណងតិចតួច »។
ឆ្លើយតបចំពោះករណីនេះ មេឃុំចន្ទ្រា លោក ក្លែង រុន ប្រាប់វិទ្យុអាស៊ីសេរី ថា លោកពិតជាបានធ្វើកំណត់ហេតុរួមនេះជាមួយមេឃុំវៀតណាម មែន។ លើសពីនេះ លោកមេឃុំចន្ទ្រា បញ្ជាក់ថា ការទូទាត់ជាប្រាក់សំណងនេះ គឺសម្រាប់តែការខូចខាតពូជស្រូវដែលពលរដ្ឋខ្មែរសាបព្រោះនៅលើដីនោះទេ ហើយចំណែកដីវិញ គឺវៀតណាម មិនសងទេ ព្រោះជាតំបន់ស ឬតំបន់ហាមឃាត់។ ត្រង់នេះ លោកហាក់និយាយមិនច្បាស់ឡើយ ហើយបែរជាចុងក្រោយនិយាយថា ទុកឲ្យរដ្ឋាភិបាលដោះស្រាយនៅពេលខាងមុខ៖ « ពេលធ្វើផ្លូវមកដល់ហ្នឹងទៅ គេសម្របសម្រួលសងតម្លៃពូជ ប៉ុន្តែដីនោះគេគ្មានលក់ដូរអីទេ គឺលើរដ្ឋាភិបាល និងទូតសងខាងទេ ដោះស្រាយទៅមុខទៀត ប្រសិនបើមានការដោះស្រាយ។ ខ្ញុំធ្វើសាក្សី ព្រោះម្ចាស់ដីគាត់ឯកភាពហើយ បើមិនឯកភាពទេ នោះចាំចរចាគ្នាទៀត។ សំណួរ៖ គេសងតែពូជទេ ចុះដីវិញ បើគេឈូសហើយ ម្ដេចមិនផ្អាកសិន ? ចម្លើយ៖ ព្រោះថាដីនោះ គឺយើងមិនទាន់កំណត់ថា វាត្រឹមណា ឬក៏ពិតប្រាកដយ៉ាងម៉េចទេ ? ព្រោះគេទុកតំបន់សដូចគ្នា ប៉ុន្តែផែនទីគេអូសមកតាមហ្នឹង។ សំណួរ៖ ចុះបើតំបន់ស ហេតុម្ដេចវៀតណាម ធ្វើផ្លូវបាន ហើយចំណែកខ្មែរធ្វើស្រែមិនបាន ? ចម្លើយ៖ អារឿងនេះ គឺរដ្ឋាភិបាលទេ មិនមែនយើងថ្នាក់ក្រោមជាតិឲ្យគេធ្វើទេ រាជរដ្ឋាភិបាលគេមានបច្ចេកទេស គេវាស់វែង គេចរចាគ្នាយ៉ាងណានោះ ខ្ញុំមិនបានចូលរួមទេ »។
ផ្លូវដែលវៀតណាម ធ្វើនោះ គឺមានលក្ខណៈកាច់កោងដូចដានពស់វារ ហើយពលរដ្ឋថាកន្លែងខ្លះ គឺវៀតណាម ចូលដីខ្មែរយ៉ាងសម្ងាត់តែម្តង។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត កែម ឡី ដែលធ្លាប់ស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម នេះដែរ មានប្រសាសន៍ថា កន្លែងខ្លះមិនត្រឹមតែរំកិលព្រំដែននោះទេ ប៉ុន្តែកន្លែងខ្លះទៀត គឺពលរដ្ឋវៀតណាម ចូលរស់នៅលើដីខ្មែរតែម្តង តែអាជ្ញាធរខ្មែរហាក់ធ្វើមិនដឹងគ្មានវិធានការ។ លោកថា ការធ្វើផ្លូវចូលដីខ្មែរ គឺជាការរំលោភដែនអធិបតេយ្យភាពកម្ពុជា ហើយអាជ្ញាធរគួរតែមានវិធានការ មិនមែនទុកឲ្យពលរដ្ឋនៅបន្តរអ៊ូរទាំនោះទេ៖ « ប្រសិនបើឈូសផ្លូវពីវៀតណាម មកប៉ះពាល់ដីស្រែខ្មែរ ហើយមានសំណងនោះ មានការសម្របសម្រួលនោះ គឺជាការរំលោភអធិបតេយ្យ និងបូរណភាពទឹកដីធ្ងន់ធ្ងរណាស់ ហើយរដ្ឋាភិបាលគួរពិនិត្យរឿងនេះឡើងវិញ »។
មាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៣ ហើយត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៩។
ពលរដ្ឋរស់នៅជិតខ្សែបន្ទាត់ព្រំដែនស្រុកចន្ទ្រា ម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ថា អាជ្ញាធរកម្ពុជា តាំងពីថ្នាក់ក្រោមដល់លើ ហាក់ស្តាប់តាមបង្គាប់របស់វៀតណាម ហើយព្យាយាមបិទបាំងព័ត៌មានផ្សេងៗ ដោយមិនហាមឃាត់សកម្មភាពរបស់វៀតណាម ដែលបន្តរំលោភអធិបតេយ្យភាពកម្ពុជា ដោយមិនគោរពកិច្ចព្រមព្រៀងនានាឡើយ៖ « ថ្ងៃមុខថ្ងៃក្រោយបើបាត់បង់ដីយើងទៀត ក៏រដ្ឋាភិបាលមិនទទួលស្គាល់ដែរ គឺបានតែប្រកាសឲ្យប្រជាពលរដ្ឋសប្បាយចិត្តប៉ុណ្ណោះ មិនបានប្រកាសឲ្យប្រជាពលរដ្ឋមានទំនុកចិត្តនោះទេ។ បើរដ្ឋាភិបាលចង់ឲ្យពលរដ្ឋទុកចិត្ត សូមចុះមកមើលទឹកដីដែលវៀតណាម កំពុងឈូសធ្វើផ្លូវ និងចាក់កៅស៊ូរាល់ថ្ងៃនេះ សូមអើតមើលផង »។
ប្រជាពលរដ្ឋនៅតំបន់នោះក៏បានប្រតិកម្មចំពោះលោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចុះស្រាវជ្រាវការបោះបង្គោលព្រំដែននៅតំបន់នោះដែរ។ ពលរដ្ឋអះអាងថា លោក សុខ ទូច មិនបានសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ ដើម្បីដោះស្រាយវិវាទ ឬមន្ទិលសង្ស័យលើបញ្ហាព្រំដែននៅតំបន់នោះឡើយ ប៉ុន្តែបែរជា លោក សុខ ទូច ទៅដើម្បីទទួលស្គាល់ថា ព្រំដែននោះត្រឹមត្រូវទៅវិញ៖ « គាត់នៅតែលើទូក មិនបានដើរមើលកន្លែងណាបាត់បង់នោះទេ។ អ៊ីចឹងគាត់មិនដឹងអ្វីទេ »។
ជុំវិញរឿងនេះ លោក សុខ ទូច ហាក់មិនចង់តបតទៅពលរដ្ឋវិញទេ ប៉ុន្តែលោកថា ពេលចុះទៅពិនិត្យនៅតំបន់ គឺមិនបានជួបពលរដ្ឋខ្មែរទេ គឺភាគច្រើនបានឃើញ និងបានជួបតែពលរដ្ឋវៀតណាម កំពុងធ្វើស្រែនៅលើដីខ្មែរ។ លោកបណ្ឌិត សុខ ទូច ដែលធ្លាប់ជិះលើផ្លូវដែលវៀតណាម ធ្វើនោះលើកឡើងថា ផ្លូវនោះមានចម្ងាយប្រមាណ ៥០ម៉ែត្រពីបង្គោល ហើយភាគីកម្ពុជា ក៏អាចធ្វើផ្លូវដូចគ្នាបានដែរ៖ « ផ្លូវនេះ គឺមានច្បាប់វា គេក៏ធ្វើបាន យើងក៏ធ្វើបាន គឺនៅចម្ងាយពីបង្គោលប្រមាណ ៥០ម៉ែត្រទី១ ហើយទី២ គាត់ថាបាត់ដីស្រែគាត់ ៥០០ ទៅ ៦០០ហិកតារ គាត់អាងទៅលើអី ? ហើយពេលដែលបោះបង្គោលនោះ ម្ដេចមិនចេញមកតវ៉ា »។
ការលើកឡើងរបស់ លោក សុខ ទូច នេះ គឺផ្ទុយពីការអះអាងរបស់ប្រជាពលរដ្ឋ ដែលថា ផ្លូវក្រវាត់ព្រំដែនរបស់វៀតណាម នោះ គឺមានចម្ងាយពី ៥ម៉ែត្រទៅ ១០ម៉ែត្រប៉ុណ្ណោះពីបង្គោលធំ ហើយការដែលមិនហ៊ានតវ៉ានោះ ព្រោះពលរដ្ឋតែងតែរងការគំរាមកំហែងចាប់ចងដាក់គុកម្តងហើយម្តងទៀត។ លើសពីនេះ វាក៏ផ្ទុយពីការលើកឡើងរបស់អនុប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា អ្នកស្រី កុយ ពិសី កន្លងមកដែលថា ភាគីកម្ពុជា-វៀតណាម មិនអាចធ្វើសកម្មភាពសាងសង់អ្វីដែលថ្មីនៅតាមខ្សែបន្ទាត់ព្រំដែន ពោលគឺត្រូវរក្សាស្ថានភាពដដែលយោងតាមស្មារតីនៃសេចក្តីប្រកាសព័ត៌មានរួមឆ្នាំ១៩៩៥។ មិនត្រឹមតែប៉ុណ្ណោះ ភាគីវៀតណាម ក៏ធ្លាប់សន្យាថា នឹងផ្អាកការសាងសង់ផ្លូវក្រវាត់ព្រំដែននៅស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង តាមការតវ៉ារបស់កម្ពុជា ទៀតផង។
ថ្មីៗនេះ គណៈកម្មាធិការព្រំដែនខ្មែរប្រចាំប្រទេសបារាំង ហៅការសិក្សាពីការបោះបង្គោលព្រំដែនរបស់ក្រុមស្រាវជ្រាវអំពីបង្គោលព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា ថាមិនមានលក្ខណៈវិទ្យាសាស្ត្រទេ។
រីឯប្រធានគណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា លោក វ៉ា គឹមហុង មានប្រសាសន៍កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅថា ព្រំដែននៅខេត្តស្វាយរៀង ទោះបីជាកន្លែងខ្លះមានបង្គោលធំក្តី ប៉ុន្តែនៅមិនទាន់បោះបង្គោលព្រំខណ្ឌសីមានៅឡើយ។
ចំពោះបញ្ហាវៀតណាម ធ្វើផ្លូវចូលដីខ្មែរនោះ គឺលោក វ៉ា គឹមហុង ឆ្លើយថា លោកនៅមិនទាន់ទទួលបានរបាយការណ៍ជាក់លាក់ពីមន្ត្រីព្រំដែន ហើយលោកបញ្ជាក់ថា ការដោះដូរផ្នែកណាមួយតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម អាចធ្វើទៅបានលុះត្រាតែការកំណត់ព្រំខណ្ឌសីមារវាងប្រទេសទាំងពីរ ត្រូវបញ្ចប់ជាស្ថាពរជាមុនសិន៖ « យើងមិនទាន់ដឹងថា ព័ត៌មាននេះពិត ឬមិនពិតទេ ហើយបើយើងមិនទាន់បោះព្រំខណ្ឌសីមា អ្វីដែលគេកាន់កាប់ យើងមិនអាចដេញគេបានទេ ដោះដូរបានទេ។ រក្សាស្ថានភាពដដែល ព្រោះមានសេចក្តីប្រកាសព័ត៌មានរួម »។
ដោយឡែក លោក កែម ឡី វិញយល់ថា ការដែលអនុញ្ញាតឲ្យវៀតណាម ធ្វើផ្លូវសិនទៅ ហើយរង់ចាំដោះស្រាយទូទាត់ចែកដីគ្នាតាមក្រោយនេះ គឺនឹងមានជោគវាសនាអាក្រក់។ លោកថា នៅពេលពលរដ្ឋវៀតណាម ចូលមករស់នៅតាមព្រំដែនកាន់តែច្រើន ហើយសំណង់ និងហេដ្ឋារចនាសម្ពន្ធចាក់គ្រឹះរឹងមាំនោះ គឺកម្ពុជា មិនអាចបណ្ដេញពួកគេឲ្យថយក្រោយវិញបានទេ ហើយអាចនឹងមានវិវាទព្រំដែនធ្ងន់ធ្ងរទៀតផង៖ « កាលណាដេញ គេថាជាការរើសអើងជាតិសាសន៍ ឬមួយជាការបង្កើតជម្លោះនៅតាមព្រំដែន។ អ៊ីចឹងវាកើតហេតុទៅជាបិទព្រំដែន ផ្អាកព្រំដែន។ ខ្ញុំគិតថា យើងមិនគួរប្រថុយប្រថានឲ្យឈូសឆាយ ហើយចាំដោះស្រាយយើងមកវិញ អាហ្នឹងវាជាអកុសលហើយ »។
ជាទូទៅ ប្រជាពលរដ្ឋអះអាងថា តំបន់ស គឺមានតែនៅខាងកម្ពុជា ចំណែកខាងវៀតណាម វិញ គឺគ្មានតំបន់សឡើយ ហើយវៀតណាម តែងតែអភិវឌ្ឍស្ទើរគ្រប់បែបយ៉ាងនៅតាមបន្ទាត់ព្រំដែនដែលមើលទៅខុសឆ្ងាយពីពលរដ្ឋខ្មែរ ដែលតែងតែប្រឈមមុខផ្លូវច្បាប់ និងការហាមឃាត់សព្វបែបយ៉ាង ប្រសិនបើហ៊ានអភិវឌ្ឍអ្វីមួយនោះ។
ប្រជាពលរដ្ឋនៅទីនោះ ហាក់មិនចង់អំពាវនាវឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ជួយដោះស្រាយឡើយ ដ្បិតអីពួកគេដឹងថា លោក ហ៊ុន សែន គ្មានសមត្ថភាពដោះស្រាយ និងឋិតនៅក្រោមសម្ពាធរបស់វៀតណាម។ ដូច្នេះ លោកបង្វែរទៅអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យជួយវិញ។
របាយការណ៍របស់អាជ្ញាធរបង្ហាញថា ព្រំដែនគោកប្រទេសកម្ពុជា ជាប់នឹងប្រទេសវៀតណាម មានបណ្ដោយ ១.២៧០គីឡូម៉ែត្រ។ ចាប់ពីឆ្នាំ២០០៥ រហូតបច្ចុប្បន្ន ភាគីទាំងពីរបានឯកភាពគ្នាបោះបង្គោលព្រំដែនបានជាង ៨៣ភាគរយ ពោលគឺបានចំនួន ៣១១បង្គោល។ ដោយឡែកព្រំដែនទឹកមានប្រវែងជាង ២.៥០០គីឡូម៉ែត្រ មិនទាន់វាស់វែងនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
