ពលរដ្ឋ​មួយ​ក្រុម​ពាក់​អាវ​បក្ស​សង្គ្រោះ​ជាតិ​តែ​ហែ​ក្បួន​បក្ស​ប្រជាជន​នៅ​កំពង់ចាម

ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម មួយ​ក្រុម​ពាក់​អាវ​គណបក្ស​សង្គ្រោះ​ជាតិ តែ​ទៅ​ចូលរួម​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​អោយ​គណបក្ស​ប្រជាជន​កម្ពុជា។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពង់ចាម ថា​នេះ​ជា​ល្បិច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ឡើង​ដើម្បី​បន្សាប​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ដើម្បី​បង្វែរ​ស្ថានការណ៍​ពិត​ជាក់ស្តែង។

0:00 / 0:00

ពលរដ្ឋ​មួយ​រូប​ឈ្មោះ ខេមរា នៅ​ភូមិ​ស្វាយតាអែន ឃុំ​រកាគយ ស្រុក​កងមាស ខេត្ត​កំពង់ចាម បាន​ប្រាប់​អោយ​ដឹង​នៅ​ថ្ងៃ​ទី៥ ខែ​កក្កដា ថា មាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​លោក​ប្រមាណ​ពី ៤០ ទៅ ៥០​នាក់ បាន​ពាក់​អាវ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចូលរួម​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ខេមរា និយាយ​ថា អ្នក​ពាក់​អាវ​គណបក្ស​សង្គ្រោះ​ជាតិ ទាំងអស់​នោះ មិន​មែន​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ តែ​ពួក​គេ​ត្រូវ​បាន​អតីត​សកម្មជន​គណបក្ស សម រង្ស៊ី ម្នាក់ ឈ្មោះ ហ៊ីង ម៉ាប់ ដែល​ទើប​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នា​ពេល​ថ្មីៗ​នោះ ប្រើ​ល្បិច​ឆបោក​ប្រជាពលរដ្ឋ​ទាំង​នោះ​អោយ​ចូលរួម​ក្នុង​ការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មិន​ដឹង​ខ្លួន។

លោក ខេមរា បាន​និយាយ​បន្ត​ថា មួយ ឬ​ពីរ​ថ្ងៃ​មុន​ការ​ហែ​ក្បួន​ឃោសនា ប្រពន្ធ​របស់​លោក ហ៊ីង ម៉ាប់ បាន​មក​មូលដ្ឋាន​របស់​លោក ហើយ​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ផ្ដិត​មេដៃ​ដើម្បី​ចូលរួម​ការ​ប្រជុំ​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ តែ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី៥ នេះ ក៏​ស្រាប់​តែ​ឃើញ​ពលរដ្ឋ​ទាំង​នោះ​ពាក់​អាវ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​វិញ៖ «គាត់​ប្រើ​ខោអាវ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គាត់​បាន​មក​ពី​ណា​មក រួច​គាត់​ប្រើ​ខោអាវ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ខ្ញុំ​ឃើញ​ព្រឹក​មិញ ស្រែក​នៅ​មុខ​ផ្ទះ​ខ្ញុំ​ហ្នឹង គាត់​ស្រែក​ថា ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហ្នឹង គឺ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​ហើយ គាត់​ស្រែក​តាម ស្រែក​តាម​កោកៗ ស្រែក​តាម​ហ្នឹង គេ​បង្ខំ​អោយ​ស្រែក ស្រែក​តាម ស្រែក​តាម ស្រែក​តាម កាត់​មុខ​ផ្ទះ​ខ្ញុំ​ហ្នឹង»

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​រកាគយ លោក ហ៊ាន យូហុង បាន​មាន​ប្រសាសន៍​ថា លោក​ក៏​បាន​ឃើញ​ព្រឹត្តិការណ៍​ដង្ហែ​ក្បួន​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ នេះ​ដែរ តែ​លោក​ថា លោក​មិន​អាច​ចាត់​វិធាន​ការ​អ្វី​ទេ ព្រោះ​លោក​គិត​ថា នេះ​គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ។ តែ​លោក​ថា ព្រឹត្តិការណ៍​នេះ​ក៏​ធ្វើ​អោយ​លោក​មាន​អារម្មណ៍​ថា​ចម្លែក​បន្តិច​ដែរ។ យ៉ាង​ណា​ក៏ដោយ លោក​ថា​អ្វីៗ គឺ​វា​ស្ថិត​នៅ​លើ​ទឹក​ចិត្ត​របស់​ពលរដ្ឋ​ម្នាក់ៗ​នោះ​ទេ៖ «គេ​គ្រាន់​តែ​ឆ្ងល់​សួរ​ត្រង់​ថា ពាក់​អាវ​សង្គ្រោះ​ជាតិ គ្រវី​ទង់​បក្ស​របស់​ប្រជាជន។ គេ​សួរ​ខ្ញុំ​អីចឹង​ហ្នា ខ្ញុំ​នឹក​ឃើញ​ថា នេះ​ជា​សិទ្ធិ​របស់​គេ ត្រង់​គេ​ធ្វើ​យ៉ាង​ម៉េច យើង​អត់​ដឹង​បេះដូង ក្រអៅ​បេះដូង​គេ​ទេ​ណា ក្មួយ​ណា»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ហ៊ីង ម៉ាប់ ដើម្បី​ធ្វើ​ការ​បកស្រាយ​ពី​ការ​ចោទ​ប្រកាន់​ខាង​លើ​នោះ​ទេ ដោយ​ប្អូន​ប្រុស​របស់​លោក​ជា​អ្នក​លើក​ទូរស័ព្ទ​ជំនួស​លោក។

លោក គួយ ប៊ុនរឿន អនុប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​ថា រូបភាព​ដែល​បាន​បង្ហាញ​ក្នុង​ការ​ដង្ហែ​ក្បួន​កាល​ពី​ព្រឹក​មិញ​នេះ គឺ​ជា​កលល្បិច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធ្វើ​អោយ​សាប​រលាប​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ដើម្បី​បង្វែរ​ស្ថានការណ៍​ពិត​ជាក់ស្តែង​ដែល​កំពុង​កើត​មាន​ឡើង​ក្នុង​ពេល​បោះឆ្នោត៖ «អ្នក​នៅ​កំពង់ចាម គេ​បាន​ដឹង​ច្បាស់​ហើយ នេះ​ជា​យុទ្ធសាស្ត្រ​ដដែល​ដែល​ធ្លាប់​កើត​មាន​ឡើង ដែល​គណបក្ស​កាន់​អំណាច​ហ្នឹង​ធ្លាប់​បាន​រៀបចំ​ឡើង ហើយ​ក្នុង​នោះ​គេ​បាន​សង្កេត​ឃើញ​ក្រុម​ដែល​អតីត​ពី​មុន​មក​នៅ​ក្នុង​គណបក្ស សម រង្ស៊ី ដែល​ចូល​គណបក្ស​ប្រជាជន តាំង​រាប់​ឆ្នាំ​មុន​មក ជា​អ្នក​ផ្ដួចផ្ដើម​ធ្វើ​គំនិត​ទាំងអស់​ហ្នឹង»

លោក ហង្ស ពុទ្ធា នាយក​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត និចហ្វិក (Nicfec) មាន​ប្រសាសន៍​ថា ការ​ដែល​អ្នក​ឃោសនា​បោះឆ្នោត​ពាក់​អាវ​របស់​គណបក្ស​មួយ ហើយ​ទៅ​ហែ​ក្បួន​របស់​គណបក្ស​មួយ​ផ្សេង​ទៀត​នោះ គឺ​ជា​សិទ្ធិ​របស់​អ្នក​ឃោសនា។ លោក​ថា អ្វីៗ​គឺ​វា​ស្ថិត​នៅ​លើ​បេះដូង​របស់​ពលរដ្ឋ មិន​មែន​ស្ថិត​លើ​សញ្ញា​ខាង​ក្រៅ​នោះ​ទេ៖ «ខ្ញុំ​គិត​ថា នេះ​គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ គាត់​អាច​នឹង​សម្រេច​ចិត្ត​គ្រប់​វិនាទី​ក្នុង​ការ​ចាក​ចេញ ឬ​ក៏​ចុះ​ចូល​ទៅ​ក្នុង​គណបក្ស​ណា​មួយ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​កត់​សម្គាល់​មួយ​ទៀត ជួន​កាល​វា​ជា​ផល​នៃ​ល្បែង​នយោបាយ»

ទោះ​បី​ប្រជាពលរដ្ឋ​ពាក់​អាវ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ដង្ហែ​អោយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​បំណង​ប្ដឹង​ពី​ករណី​នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។