តើ​បក្ស​ទាំង​ពីរ​ចំណេញ​ឬ​ខាត​អ្វី​ខ្លះ​ពី​កិច្ច​ព្រមព្រៀង​បញ្ចប់​នយោបាយ​ជាប់​គាំង?

0:00 / 0:00

ក្រោយ​ពី​មាន​ការ​ចរចា​ដើម្បី​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ ដែល​អូស​បន្លាយ​ជិត​មួយ​ឆ្នាំ​មក​ហើយ​នោះ ទាំង​គណបក្ស​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​គោល​ជំហរ​រៀងៗ​ខ្លួន​ថា ជា​ជម្រើស​ល្អ និង​ជា​ជោគជ័យ។

តើ​ការ​ចរចា​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា កន្លង​មក​នេះ បាន​នាំ​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ ខាត​អ្វី និង​ចំណេញ​អ្វី​ខ្លះ? ចុះ​ចំណែក​គណបក្ស​កាន់​អំណាច​វិញ បាន​ផល​អ្វី​ដែរ?

នៅ​បន្ទាប់​ពី​មាន​ការ​តស៊ូ​ស្វិតស្វាញ ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​របស់​ក្រុម​ប្រឆាំង អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣ ដែល​គណបក្ស​មួយ​នេះ និង​ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នោះ នៅ​ពេល​នេះ​បាន​ត្រឹម​តែ​ពាក្យ​ពីរ​ម៉ាត់​យ៉ាង​ខ្លី​ប៉ុណ្ណោះ គឺ​គ្មាន​ជម្រើស ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ការ​ចរចា​អស់​រយៈពេល​ជាង​ប្រាំ​ម៉ោង នៅ​ឯ​វិមាន​ចំការមន កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា។

ចំណែក លោក ហ៊ុន សែន ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា វិញ ក៏​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​យ៉ាង​ខ្លី​ដែរ​ថា ជោគជ័យ​ហើយ អ្នក​ទាំងអស់​អាច​ទះ​ដៃ​បាន​ហើយ​នៅ​ពេល​នេះ។ លទ្ធផល​នៃ​ការ​ចរចា​រវាង​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន គឺ​សមាសភាព​បួន​រូប​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត តំណែង​ជា​អនុប្រធាន​រដ្ឋសភា​ទី​១ ហើយ​និង​គ្រប់គ្រង​គណៈកម្មការ​ចំនួន​៥ នៅ​ក្នុង​រដ្ឋសភា។

គណៈកម្មការ​ទាំង ៥​នោះ​រួម​មាន ទី​១ ជា​គណៈកម្មការ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស និង​ទទួល​ពាក្យ​បណ្តឹង។ ទី​៣ ជា​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន ផែនការ​វិនិយោគ និង​សេដ្ឋកិច្ច។ ទី​៧ ជា​គណៈកម្មការ​ខាង​ផ្នែក​សាសនា អប់រំ វប្បធម៌ និង​ទេសចរណ៍។ ទី​៨ ជា​គណៈកម្មការ​ផ្នែក​កិច្ចការ​សង្គម សុខភាព និង​កិច្ចការ​នារី។ ហើយ​ទី​១០ ជា​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​ជា​គណៈកម្មការ​ទើប​បង្កើត​ថ្មី​បំបែក​ចេញ​ពី​គណៈកម្មការ​ទី​៤។

ចំណែក​ខាង​គណបក្ស​ប្រជាជន​កម្ពុជា វិញ ក៏​គ្រប់គ្រង​គណៈកម្មការ​ចំនួន​ប្រាំ​ដែរ។ គណៈកម្មការ​ទាំង​នោះ​រួម​មាន គណៈកម្មការ​ទី​២ ជា​គណៈកម្មការ​ហិរញ្ញវត្ថុ និង​ធនាគារ។ ទី​៤ ជា​គណៈកម្មការ​មហាផ្ទៃ ការពារ ជាតិ និង​មុខងារ​សាធារណៈ។ ទី​៥ ជា​គណៈកម្មការ​កិច្ចការ​បរទេស ព័ត៌មាន ឃោសនាការ និង​កិច្ច​ប្រតិបត្តិការ​អន្តរជាតិ។ ទី​៦ ជា​គណៈកម្មការ​នីតិកម្ម ហើយ​ទី​៩ ជា​គណៈកម្មការ​ដឹក​ជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម ថាមពល និង​ពាណិជ្ជកម្ម។

អ្វី​ដែល​ជា​ជោគជ័យ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ គឺ​ការ​ដោះ​លែង​ក្រុម​តំណាង​រាស្ត្រ​របស់​បក្ស​នេះ​ចំនួន ៧​នាក់ និង​សកម្មជន​ម្នាក់ និង​លុប​ចោល​គម្រោង​ចាប់​ខ្លួន​អនុប្រធាន​គណបក្ស។ ម្យ៉ាង​ទៀត បាន​បន្ថយ​ភាព​តានតឹង​ផ្នែក​នយោបាយ​ដែល​អូស​បន្លាយ​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ។

ក្រុម​មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​មោទនភាព​ថា ពួក​គេ​បាន​សម្រេច​ដូច​បំណង​ប្រាថ្នា ក្នុង​ការ​ធ្វើ​ឲ្យ​មាន​សំឡេង​ក្រុម​ប្រឆាំង​ក្នុង​ស្ថាប័ន គ.ជ.ប ដើម្បី​ទប់ទល់​ជាមួយ​បក្ស​កាន់​អំណាច ហើយ​ដើម្បី​ឲ្យ​ស្ថាប័ន​មួយ​នេះ​ដំណើរ​ការ​ដោយ​មិន​លម្អៀង និង​ធានា​ការ​បោះ​ឆ្នោត​ឲ្យ​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ម្យ៉ាង​ទៀត ជា​ជម្រើស​ល្អ​មួយ​ដើម្បី​បន្ធូរ​បរិយាកាស​នយោបាយ​តានតឹង។

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ បាន​ឯកភាព​គ្នា​ទៅ​លើ​សមាសភាព ៩​រូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ក្នុង​នោះ សមាសភាព ៤​រូប​មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​សមាសភាព ៤​រូប​ទៀត មក​ពី​ខាង​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា ដែល​មិន​ចូលរួម​ក្នុង​រាជ​រដ្ឋាភិបាល ហើយ ១​រូប​ទៀត គឺ​ត្រូវ​ជ្រើស​រើស​ដោយ​មាន​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា។ ប្រសិន​បើ​រើស​សមាសភាព​មួយ​រូប​ទៀត​មិន​បាន​ទេ​នោះ គ.ជ.ប ដែល​មាន​ស្រាប់​នៅ​តែ​បន្ត​អនុវត្ត​កិច្ចការ​ដដែល។ ត្រង់​ចំណុច​នេះ ក្រុម​អ្នក​វិភាគ​ចាត់​ទុក​ថា ជា​បរាជ័យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អ្នក​ណា​ក៏​ដឹង​សឹង​គ្រប់​គ្នា​ទៅ​ហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​មិន​អាច​ជ្រើស​រើស​មនុស្ស​ឯករាជ្យ​ក្រៅ​ពី​សំណាញ់​ឥទ្ធិពល​អំណាច​របស់​ខ្លួន ដើម្បី​កាន់​តួនាទី​ជា​សមាជិក​របស់ គ.ជ.ប នោះ​ឡើយ។ ដូច្នេះ ប្រសិន​បើ​រើស​មនុស្ស​ឯករាជ្យ​ម្នាក់​នេះ​មិន​បាន​នោះ គ.ជ.ប ដែល​មាន​ស្រាប់​នៅ​តែ​យក​មក​អនុវត្ត​ដដែល។

ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​បញ្ហា​សង្គម​ខ្លះ​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​មាន​ឥទ្ធិពល​ត្រួតត្រា​ស្ថាប័ន គ.ជ.ប ស្ថាប័ន​នីតិប្បញ្ញតិ និង​ស្ថាប័ន​តុលាការ​ដដែល។

លោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​ផ្នែក​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត វ៉ច្ឆ (Human Rights Watch) និយាយ​ថា កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​លើ​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ្មាន​អ្វី​ថ្មី​ទេ។ លោក​បញ្ជាក់​ថា រូបមន្ត​នៃ​ការ​ជ្រើស​រើស​សមាសភាព គ.ជ.ប ដែល​បាន​ព្រមព្រៀង គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រៀប​ដាច់​លើ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ គ.ជ.ប នឹង​នៅ​តែ​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ជា​ឧបករណ៍​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដដែល។

នៅ​មុន​ការ​ចរចា​សម្រេច​ចុង​ក្រោយ​នេះ សភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ពន្លឿន​ការ​អនុម័ត​ច្បាប់​បី​សំខាន់ ពាក់ព័ន្ធ​នឹង​វិស័យ​យុត្តិធម៌​ដែល​ធ្វើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ឯករាជ្យ​ភាព​របស់​ចៅក្រម។ អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បរាជ័យ​ទៅ​ទៀត​នោះ គឺ គ.ជ.ប នៅ​តែ​ធ្វើ​ការ​អនុម័ត​ដោយ​សំឡេង ៥០​ភាគរយ​បូក​១ ដដែល។

នៅ​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ពុធ ទី​២៣ ខែ​កក្កដា អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់​ថា ដើម្បី​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​បាន លុះត្រា​តែ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ប្រជុំ​សភា ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ ក្នុង​ការ​កែប្រែ​ច្បាប់​បោះ​ឆ្នោត។

ក្រុម​អ្នក​វិភាគ​ចាត់​ទុក​ថា វត្តមាន​របស់​ក្រុម​បក្ស​ប្រឆាំង​ក្នុង​រដ្ឋសភា ប្រៀប​ដូច​ជា​ឧបករណ៍​លំអ​ភាព​ស្រប​ច្បាប់​នៃ​គណបក្ស​កាន់​អំណាច​អ៊ីចឹង ដោយសារ​គណៈកម្មការ​សំខាន់ៗ គឺ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​បក្ស​ប្រជាជន​កម្ពុជា ទាំងអស់។

អ្នក​ស្រាវជ្រាវ​អំពី​បញ្ហា​សង្គម លោក កែម ឡី និយាយ​ថា គណបក្ស​ប្រឆាំង​នឹង​មិន​អាច​កែប្រែ​ច្បាប់​សំខាន់ៗ​ជា​ដុំ​កំភួន​អ្វី​ទេ ដោយសារ​ការ​អនុម័ត​នោះ​ស្ថិត​នៅ​លើ​ការ​សម្រេច​របស់​ក្រុម​តំណាង​រាស្រ្ត​បក្ស​កាន់​អំណាច ដែល​មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត គឺ ៥០%​ភាគរយ​បូក​១ នេះ​ឯង។ លោក​បន្ត​ថា ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ប្រហែល​ជា​មិន​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ណា​ទាក់ទង​នឹង​គណៈកម្មការ​ទាំង​ប្រាំ ដែល​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឡើង​កាន់​កាប់​នៅ​ក្នុង​រដ្ឋសភា​នោះ​ឡើយ។ លោក​បន្ត​ថា ប្រសិន​បើ​បញ្ហា​ទាំង​នេះ​លេច​ចេញ​ជា​រូប​រាង​នៅ​ពេល​អនុវត្ត​ការងារ​ខាង​មុខ​នោះ​មែន ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មាន​តែ​ការ​ខាត​បង់ ហើយ​អាច​មាន​ការ​ឈឺ​ចាប់​ខាង​ផ្លូវ​ចិត្ត​ច្រើន​ជាង​ការ​ឈឺ​ចាប់​លើ​រូប​រាង​កាយ ដូច​កាល​ពី​ពេល​ចេញ​ធ្វើ​បាតុកម្ម​ក្រោម​កំដៅ​ថ្ងៃ​ក្តៅ​ហែង ហើយ​ត្រូវ​ក្រុម​សន្តិសុខ​សាលា​ក្រុង​ភ្នំពេញ វ៉ៃ​យក​អាយហ្វូន (iphone) ឬ អាយផេត (ipad) នោះ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។