ធនាគារ​ពិភពលោក​បង្កើត​គម្រោង​ពិភាក្សា​មុន​នឹង​សម្រេច​ផ្ដល់​កម្ចី​ជា​ថ្មី​ដល់​កម្ពុជា

0:00 / 0:00

ធនាគារ​ពិភពលោក (World Bank) បង្កើត​គម្រោង​ពិភាក្សា​ពិគ្រោះ​យោបល់ មុន​នឹង​សម្រេច​ផ្តល់​ប្រាក់​កម្ចី​ជា​ថ្មី​ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បន្ទាប់​ពី​ធនាគារ​នេះ​បាន​ផ្អាក​ប្រាក់​ជំនួយ​ចាប់​តាំង​ពី​ឆ្នាំ​២០១២ មក។

គម្រោង​នេះ​រួម​មាន ការ​ពិភាក្សា​នឹង​មន្ត្រី​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​សំខាន់ៗ​ចំនួន​បី​នៅ​ប្រទេស​កម្ពុជា ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​២០១៤ និង​ដើម​ឆ្នាំ​២០១៥។ មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ស្នើសុំ​ឲ្យ​ធនាគារ​នេះ​បន្ត​ផ្អាក​ប្រាក់​កម្ចី​បន្ត​ទៀត រង់ចាំ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​តំបន់​ជា​មុន​សិន។

នាយក​ធនាគារ​ពិភពលោក ប្រចាំ​នៅ​កម្ពុជា លោក អាឡាសសានេ សូ (Alassane Sow) បញ្ជាក់​ក្នុង​លិខិត​ផ្លូវ​ការ​មួយ​ទៅ​មេធាវី​សកម្មជន​សិទ្ធិ​មនុស្ស​ថា ធនាគារ​បាន​បង្កើត​គម្រោង​ពិគ្រោះ ដើម្បី​បន្ត​កិច្ច​សន្ទនា​រដ្ឋាភិបាល​កម្ពុជា និង​សង្គម​ស៊ីវិល ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​ធនាគារ និង​រដ្ឋាភិបាល​ឡើង​វិញ។ លិខិត​របស់ លោក អាឡាសសានេ សូ ចុះ​ថ្ងៃ​ទី​១១ វិច្ឆិកា មិន​បាន​បញ្ជាក់​មូលហេតុ​នៃ​កិច្ច​ពិគ្រោះ​យោបល់​នេះ​ទេ ប៉ុន្តែ​មន្ត្រី​ធនាគារ​ធ្លាប់​អះអាង​ថា កិច្ច​ពិគ្រោះ​យោបល់​ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​គម្រោង​ធនាគារ​នៅ​កម្ពុជា មុន​នឹង​សម្រេច​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​កម្ពុជា វិញ។

គេហទំព័រ​ធនាគារ​ពិភពលោក បង្ហាញ​ថា ធនាគារ​នេះ​មាន​គម្រោង​ដើម្បី​បង្កើត​កិច្ច​ពិគ្រោះ​យោបល់​ជា​ផ្លូវ​ការ​មួយ​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ ដើម្បី​បង្កើត​កំណត់​ហេតុ​ទំនាក់ទំនង​ជា​ដៃគូ (Country Engagement Note) រវាង​កម្ពុជា និង​ធនាគារ សម្រាប់​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦។ កំណត់​ហេតុ​ទំនាក់​ទំនង​ជា​ដៃគូ នឹង​ត្រូវ​ប្រើប្រាស់​ជា​ផែនទី​សម្រាប់​ធនាគារ​ប្រចាំ​នៅ​កម្ពុជា រហូត​ដល់​យុទ្ធសាស្ត្រ​ផែនការ​សហការ​សម្រាប់​ប្រទេស​ត្រូវ​បាន​បង្កើត​ឡើង។ ធនាគារ​ពិភពលោក នឹង​ស្វែងរក​អនុសាសន៍​ទាំង​ឡាយ​ពី​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​បង្ហាញ​ពី​ចំណុច​ជា​អាទិភាព​ទាំង​ឡាយ ដើម្បី​ឲ្យ​ធនាគារ​អាច​ធ្វើ​ការងារ​លើ​ចំណុច​សំខាន់ៗ​ទាំង​នោះ សម្រាប់​រយៈពេល​ពីរ​ឆ្នាំ គឺ​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦។

គេហទំព័រ​បញ្ជាក់​ថា មូល​បំណង​នៃ​កិច្ច​ប្រជុំ​កំណត់​ហេតុ​ទំនាក់​ទំនង​ជា​ដៃគូ​នៅ​កម្ពុជា នេះ ផ្ដោត​ទៅ​លើ​ទំហំ​រាល់​គម្រោង​ទាំងអស់​របស់​ធនាគារ​ពិភពលោក​នៅ​កម្ពុជា។

ធនាគារ​ពិភពលោក គ្រោង​នឹង​ជួប​ប្រជុំ​នឹង​មន្ត្រី​រដ្ឋាភិបាល​មក​ពី​ក្រសួង​សេដ្ឋកិច្ច និង​ស្ថាប័ន​ផ្សេង​ទៀត។ ធនាគារ ក៏​នឹង​ជួប​ប្រជុំ​នឹង​សមាជិក​រដ្ឋសភា ម្ចាស់​ជំនួយ និង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ផ្សេង​ទៀត សង្គម​ស៊ីវិល និង​វិស័យ​ឯកជន សិស្ស និង​និស្សិត​មួយ​ចំនួន​ទៀត។

សម្រាប់​ដំណើរ​ការ​នៃ​កិច្ច​ពិភាក្សា​វិញ រួម​មាន​ការ​ពិភាក្សា​ផ្ទាល់​មាត់​ជាមួយ​នឹង​ពលរដ្ឋ​មក​ពី​ខេត្ត​សៀមរាប កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម ក្រចេះ ស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះសីហនុ កោះកុង និង​ខេត្ត​តាកែវ។

នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ សម្ដែង​ក្តី​បារម្ភ​ពី​គម្រោង​បើក​កិច្ច​ពិភាក្សា​របស់​ធនាគារ​ពិភពលោក ដែល​អាច​បណ្ដាល​ឲ្យ​ធនាគារ ផ្តល់​ប្រាក់​កម្ចី​ឲ្យ​កម្ពុជា វិញ។ លោក​បន្ត​ថា ធនាគារ​ត្រូវ​បាន​ផ្អាក​ផ្តល់​ប្រាក់​កម្ចី​ទៅ​រដ្ឋាភិបាល​កម្ពុជា ដោយ​រង់ចាំ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់​ជា​មុន​សិន៖ «សោកស្ដាយ​នៅ​ពេល​ឮ​ថា ធនាគារ​ចង់​ទម្លាក់​លុយ​មក​កម្ពុជា វិញ នៅ​ស្ថានភាព​បឹងកក់​កំពុង​លិចលង់ និង​កំពុង​ជាប់​ពន្ធនាគារ​ទៀត​នេះ ជា​រឿង​អយុត្តិធម៌ ដោយសារ​តែ​រឿង​លុយ​របស់​ធនាគារ។ គួរ​តែ​ចាំ​រុញ​ដោយ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​បំផុត ចាំ​ទម្លាក់ ខ្ញុំ​ថា​មិន​ខាត​អ្វី​ប៉ុន្មាន​ទេ»

ចំណែក​មេធាវី​អាមេរិកាំង លោក មូរតុន ក្លា (Morton Sklar) ក៏​បាន​សម្ដែង​ក្តី​បារម្ភ​ថា កិច្ច​ពិគ្រោះ​យោបល់​ថា​គ្មាន​អត្ថន័យ និង​មិន​អាច​ដោះស្រាយ​បញ្ហា​ដីធ្លី និង​លើក​តម្កើង​សិទ្ធិ​មនុស្ស។ លោក​បន្ត​ទៀត​ថា ការ​ចាប់​ខ្លួន​សកម្មជន​បឹងកក់ និង​ព្រះសង្ឃ បង្ហាញ​ជា​ថ្មី​ម្តង​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​គោរព​សិទ្ធិ​មនុស្ស​ឡើយ៖ «មាន​បញ្ហា​ជាច្រើន​ក្នុង​គម្រោង​ពិគ្រោះ​យោបល់​របស់​ធនាគារ​ពិភពលោក។ ទី​១ គម្រោង​ពិគ្រោះ​នោះ​មិន​មាន​បំណង​ចង់​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​សង្គម និង​ការ​រំលោភ​សិទ្ធិ​មនុស្ស ប៉ុន្តែ​កិច្ច​ពិភាក្សា​នេះ​គ្រាន់​តែ​ដើម្បី​ជជែក​អំពើ​គម្រោង​ផ្តល់​ប្រាក់​កម្ចី​តែ​ប៉ុណ្ណោះ។ ទី​២ ក្រុម​ដែល​គ្រប់គ្រង​កិច្ច​ពិភាក្សា​នោះ មិន​មាន​ការ​ចាប់​អារម្មណ៍ ឬ​អាណិត​អាសូរ​ដល់​អំពើ​អយុត្តិធម៌​សង្គម​ឡើយ និង​បញ្ហា​បង្ខំ​បណ្ដេញ​ចេញ​ឡើយ។ ក្រុម​នេះ​ជា​ក្រុម​ចម្រុះ ហើយ​អាច​ទទួល​ឥទ្ធិពល​ពី​មន្ត្រី​រដ្ឋាភិបាល​ផង​ដែរ។ ទី​៣ ការ​ផ្តល់​ឱកាស​ឲ្យ​ការ​ចូលរួម​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ មិន​មាន​ជជែក​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ឡើយ»

លោក មូរតុន ក្លា បន្ត​ទៀត​ថា លោក​កំពុង​ប្រមូល​មន្ត្រី​សិទ្ធិ​មនុស្ស និង​មេធាវី​នៅ​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ទៀត ដើម្បី​ធ្វើ​ការ​តស៊ូ​មតិ​ស្នើសុំ​ឲ្យ​ធនាគារ​បន្ត​ផ្អាក​ប្រាក់​កម្ចី​ទៅ​កម្ពុជា។

លោក ឈាង វុន មន្ត្រី​នាំ​ពាក្យ​រដ្ឋសភា និង​ជា​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា លោក​នឹង​សហការ​ជាមួយ​នឹង​មន្ត្រី​ធនាគារ ដើម្បី​បង្កើត​ឲ្យ​មាន​គម្រោង​ពិគ្រោះ​យោបល់​មួយ​ដែល​អាច​ទទួល​យក​បាន៖ «សំឡេង»។

លោក ឈាង វុន បន្ត​ទៀត​ថា ការ​ចាប់​ឃាត់​ខ្លួន​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ព្រះសង្ឃ និង​គណបក្ស​នយោបាយ​នៅ​ពេល​នេះ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តី​សម្រេច​ចិត្ត​របស់​ធនាគារ​ពិភពលោក​ឡើយ។

បច្ចុប្បន្ន យ៉ាង​ហោច​ណាស់​ក៏​មាន​សកម្មជន​ដីធ្លី ព្រះសង្ឃ និង​សកម្មជន​គណបក្ស​នយោបាយ​ចំនួន ១៦​នាក់ កំពុង​ជាប់​ពន្ធនាគារ។ ជម្លោះ​ដីធ្លី និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​នេះ ត្រូវ​បាន​មេធាវី​អង់គ្លេស ដាក់​បណ្ដឹង​មួយ​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចោទ​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ បច្ចុប្បន្ន តុលាការ​កំពុង​សិក្សា​ពាក្យ​បណ្ដឹង​មុន​នឹង​ទទួល​យក​ដើម្បី​បើក​សវនាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។