យុវជនកម្ពុជា ព្រួយបារម្ភពីបញ្ហាឡើងកម្តៅនយោបាយ បន្ទាប់ពីរដ្ឋាភិបាលចាប់ខ្លួនអ្នកនយោបាយ មន្ត្រីអង្គការសិទ្ធិមនុស្សដាក់គុករួចមក ហើយកំពុងប៉ុនប៉ងចាប់ខ្លួនប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថែមទៀតនេះ។ យុវជនសម្គាល់ឃើញថា ស្ថានភាពនយោបាយត្រឡប់ត្រឡិនក្នុងប្រទេសសព្វថ្ងៃនេះ ជះឥទ្ធិពលអាក្រក់ដល់យុវជន និងសង្គមជាតិទាំងមូល។
ស្ថានភាពនយោបាយ និងបញ្ហាផ្លូវច្បាប់នៅកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពអាក្រក់នៅក្នុងក្រសែភ្នែករបស់យុវជន និងក្រុមអង្គការសង្គមស៊ីវិល ដែលពួកគេទាមទារឲ្យកែលំអឡើងវិញ។
ស្ថាបនិកក្រុមយុវជនកាហ្វេនយោបាយ លោក អ៊ូ រិទ្ធី សម្គាល់ឃើញថា លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ហាក់ដូចជាមិនជឿនលឿនទៅមុខសោះឡើយ រហូតមកដល់ពេលនេះ៖ « នយោបាយរបស់យើងវាលែងឈ្នះចាញ់ វាអត់មានប្រព័ន្ធណាមួយរំដោះឲ្យអ្នកចាញ់បានសុខ អ្នកចាញ់គឺប្រឈមមុខចាញ់គ្រប់យ៉ាង បាត់បង់អំណាច បាត់បង់កិត្តិយស ប្រឈមមុខដេកគុក។ ដូច្នេះ នយោបាយក្លាយជារឿងងាប់រស់។ យើងបានកសាងវប្បធម៌នយោបាយបែបហ្នឹងសម្រាប់សង្គមខ្មែរ។ យើងបានកសាងប្រព័ន្ធមួយដែលមនុស្សអាចក្ដោបក្ដាប់អ្វីៗ។ អ៊ីចឹងទៅ ម្នាក់ៗទោះបីអស់ប៉ុន្មាន ទោះបីក្នុងតម្លៃណាក៏ដោយ គឺអត់ចង់ចាញ់ ចង់តែឈ្នះដើម្បីសុវត្ថិភាព ដើម្បីអំណាចក្រុមបក្ខពួក » ។
ស្ថាបនិកក្រុមយុវជនកាហ្វេនយោបាយរូបនេះបន្ថែមថា ស្ថានភាពនយោបាយធាក់ថយបែបនេះ បានបង្កការលំបាកដល់យុវជនក្នុងការចូលរួមផ្នែកនយោបាយ។ លោកថា យុវជនមួយចំនួនកំពុងត្រូវបានអ្នកនយោបាយបែងចែកជាបក្សជាក្រុម ដើម្បីឈ្លោះគ្នាក្រៅរង្វង់ប្រយោជន៍ជាតិទៅវិញ៖ « យុវជនត្រូវបានគេបែងចែកទៅតាមបក្ស។ យុវជនត្រូវបានគេផ្តល់លុយ ដើម្បីឲ្យធ្វើការប្រយោជន៍គណបក្សទាំងខុសទាំងត្រូវ។ នេះគឺជារឿងអវិជ្ជមានមែនសម្រាប់សង្គមខ្មែរ។ ខួរក្បាលយុវជនខ្មែរត្រូវបានគេលាយ ត្រូវបានគេបំពុលនៅក្នុងរឿងនយោបាយទាំងខុសទាំងត្រូវ ដែលនេះគឺជាការព្រួយបារម្ភរបស់យើង » ។
កម្តៅនយោបាយដែលនាំឲ្យយុវជនព្រួយបារម្ភ និងហ៊ានបញ្ចេញទស្សនៈនៅពេលនេះ បន្ទាប់ពីរដ្ឋាភិបាលចាប់ខ្លួនសកម្មជន និងតំណាងរាស្ត្រគណបក្សប្រឆាំងជាបន្តបន្ទាប់ និងបានចាប់ខ្លួនមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក (ADHOC) ៤នាក់ និងមន្តី គ.ជ.ប ១រូបទៀត ជាពិសេសថ្មីៗនេះ រដ្ឋាភិបាលក៏កំពុងប៉ុនប៉ងចាប់ខ្លួនប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថែមទៀតផង។
និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ កញ្ញា សួន ខាន់រ៉ា លើកឡើងថា ភាពតឹងតែងរវាងគណបក្សដែលដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភានេះ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីការបោះឆ្នោតនៅពេលខាងមុខ និងការបញ្ចេញមតិ៖ « ចាប់តាំងពីមានការចាប់ចងនោះមក គឺយុវជនមួយចំនួនហាក់ដូចជាលែងហ៊ានបញ្ចេញមតិ និងទស្សនៈផ្ទាល់ខ្លួនរបស់ពួកគាត់។ យ៉ាងណាមិញ ជាគំនិតយោបល់មួយរបស់នាងខ្ញុំនោះ គឺយុវជន មុននឹងបញ្ចេញមតិយោបល់ ត្រូវមានទឡ្ហីករណ៍ និងកុំវាយប្រហារធ្ងន់ធ្ងរទៅលើបុគ្គលណាមួយ » ។
រីឯក្តីព្រួយបារម្ភរបស់និស្សិតផ្នែកទំនាក់ទំនងមុខជំនួញ លោក យឺន ឌីនិត វិញនោះ គឺថា ប្រសិនបើរដ្ឋាភិបាលនៅតែបន្តការចាប់ខ្លួនអ្នកនយោបាយគណបក្សប្រឆាំង រួមមានលោក កឹម សុខា និងអ្នកវិភាគ ព្រមទាំងមន្ត្រីសិទ្ធិមនុស្សទៀតនោះ គឺអាចបណ្ដាលឲ្យប្រជាពលរដ្ឋផ្ទុះកំហឹង និងចេញផ្លូវតវ៉ា។ រលកនៃការតវ៉ាថ្មីនេះ នឹងធ្វើឲ្យមានបញ្ហាអសន្តិសុខសង្គម ហើយជះឥទ្ធិពលដល់សេដ្ឋកិច្ច៖ « វិនិយោគផ្សេងៗគាត់ព្រួយបារម្ភ។ គាត់អត់ហ៊ានមកទេ។ អ៊ីចឹងធ្វើឲ្យយុវជនបាត់បង់ឱកាសធ្វើការងារ ហើយក្រុមហ៊ុនមួយចំនួនទៀត គឺគាត់នឹងបិទទ្វារ ដោយសារការព្រួយបារម្ភខ្លាចខូចខាតទ្រព្យសម្បត្តិ » ។
ក្រោយពីអាជ្ញាធរបង្ហាញសញ្ញាតាមចាប់ខ្លួនលោក កឹម សុខា មក អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ រាប់រយនាក់ បានឡើងមកភ្នំពេញដើម្បីគាំទ្រលោក កឹម សុខា ដោយអ្នកខ្លះប្ដេជ្ញាប្ដូរស្លាប់រារាំងអាជ្ញាធរ។
យុវជន យឺន ឌីនិត ជំរុញឲ្យគណបក្សកាន់អំណាច និងគណបក្សប្រឆាំង គួរតែចូលតុចរចាបញ្ចប់ជម្លោះ និងនិយាយគ្នាពីរឿងអភិវឌ្ឍជាតិឲ្យរុងរឿងថ្កុំថ្កើងដូចប្រទេសដទៃ។
ដោយឡែកនាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព សម្ដែងការសោកស្ដាយ ដែលអ្នកនយោបាយខ្មែរសព្វថ្ងៃនេះ ចំណាយពេល និងចំណាយធនធានឈ្លោះហែកហួរគ្នា ច្រើនជាងគិតគូរប្រយោជន៍ជាតិ និងប្រជាជន។ អ្នកស្រីថា ការហែកហួរនយោបាយ គួរតែត្រូវបញ្ចប់ ហើយរដ្ឋាភិបាល និងគណបក្សពាក់ព័ន្ធ ត្រូវពិចារណាធ្វើការបម្រើជាតិពិតប្រាកដ៖ « ពេលបោះឆ្នោត គាត់បានប្រកាសពីកំណែទម្រង់ស៊ីជម្រៅ។ ខ្ញុំគិតថា បើគាត់យករបៀបវារៈទាំងនោះមកជជែកគ្នាលើតុ ហើយបើកទូលាយពីអ្នកពាក់ព័ន្ធ រួមទាំងគណបក្សនយោបាយផ្សេងៗផង ខ្ញុំគិតថា ប្រទេសរបស់យើងនឹងចំណេញ និងទទួលបានប្រយោជន៍ ហើយអ្នកចំណេញជាងគេ គឺប្រជាពលរដ្ឋ » ។
ជុំវិញស្ថានការណ៍នយោបាយឡើងកម្តៅនេះ គណបក្សសង្គ្រោះជាតិ បានបង្ហាញជំហរបន្តពង្រឹងវប្បធម៌សន្ទនា និងចង់ឃើញអាជ្ញាធរដោះលែងសកម្មជនគណបក្សលោក និងមន្ត្រីសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ ឲ្យមានសេរីភាព ដើម្បីស្ថានភាពត្រឡប់ទៅរកភាពដើមវិញ។ ដោយឡែកគណបក្សប្រជាជនកម្ពុជា ថាកំពុងជាប់រវល់ មិនទាន់មានពេលជួបគ្នាឡើយ តែអះអាងថា គណបក្សនេះនៅតែបើកចំហវប្បធម៌សន្ទនា។
យុវជន និងសង្គមស៊ីវិល ចង់ឃើញរដ្ឋាភិបាលគោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងសង្គ្រោះលទ្ធិប្រជាធិបតេយ្យឲ្យរស់រវើកឡើងវិញ។ ម្យ៉ាងវិញទៀត ស្ថាប័នសំខាន់ៗទាំងបី គឺអង្គនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ត្រូវចែកដាច់ពីគ្នា មិនត្រូវអនុញ្ញាតឲ្យគណបក្សណាមួយយកទៅប្រើប្រាស់ដើម្បីប្រយោជន៍បក្ខពួកឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។