គ្រាប់បែក​១​គ្រាប់​ត្រូវ​គេ​ឃើញ​នៅ​ក្បែរ​វេទិកា​ជួប​ជុំ​របស់​បក្ស​ប្រឆាំង​នៅ​សៀមរាប

ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំ​គ្នា​ទៅ​ជួប​មេ​ដឹក​នាំ​គណបក្ស​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កញ្ញា នេះ នៅ​ជាយ​ក្រុង​សៀមរាប។ ដំបូង​ឡើយ អ្នក​ចូល​រួម​មាន​ចំនួន​ប្រមាណ ២​ពាន់​នាក់ ក៏ប៉ុន្តែ មិន​ខុស​ពី​ទឹក​ទន្លេសាប ដែល​កើន​ឡើង ៥​ដង​នៅ​រដូវ​ទឹក​ជន់ ចំនួន​អ្នក​ចូល​រួម​បាន​ជោរជន់​កើន​ឡើង​ជិត​ដល់ ១​ម៉ឺន​នាក់ នៅ​ពេល​ដែល​អ្នក​ចូល​រួម​ចាប់​ផ្ដើម​ហែ​ក្បួន​ពី​ទីតាំង​ជួប​ជុំ​ដំបូង​ទៅ​កាន់​អាស្រម​ព្រះអង្គ​ចេក​ព្រះអង្គ​ចម នៅ​ឯ​ក្រុង​សៀមរាប។

0:00 / 0:00

0:00 / 0:00

ពិធី​ជួប​ជុំ​នៃ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នេះ បាន​ប្រព្រឹត្ត​ដោយ​រលូន​ទេ ទោះ​បី​ជា​ក្រោយ​ពេល​ដែល​អ្នក​ចូល​រួម​បាន​បែកខ្ញែក​ទៅ គេ​បាន​ប្រទះ​ឃើញ​គ្រាប់​បែក​ដៃ ១​គ្រាប់ នៅ​ជិត​កន្លែង​ដែល​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ជុំ​នោះ។

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា បាន​ធ្វើ​ដំណើរ​មក​កាន់​ខេត្ត​សៀមរាប ជា​លើក​ទី​ពីរ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ រួច​មក។ ដំណើរ​មក​កាន់​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែ​កញ្ញា ជួប​ជាមួយ​អ្នក​គាំទ្រ​ប្រមាណ​ជាង ២​ពាន់​នាក់ នៅ​ជិត​វត្ត​គង់ម៉ុច ភូមិ​កក្រាញ់ នៃ​សង្កាត់​សៀមរាប ក្រុង​សៀមរាប គឺ​ដើម្បី​ចង់​ដឹង​ពី​ការ​សម្រេច​ចិត្ត​របស់​ម្ចាស់​ឆ្នោត ថា​តើ​គួរ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែរ​ឬ​ទេ?

លោក សម រង្ស៊ី ជា​ប្រធាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ចូល​រួម​ទាំង​កម្លាំង​កាយ កម្លាំង​ចិត្ត និង​ថវិកា ដោយ​បោះ​ឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បន្ត​ថា ជ័យ​ជម្នះ​នេះ គឺ​ជ័យ​ជម្នះ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក៏ប៉ុន្តែ វា​មាន​ភាព​អយុត្តិធម៌ ដោយសារ​តែ​មាន​ការ​លួច​បន្លំ​លទ្ធផល​ឆ្នោត។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ដើម្បី​ឱ្យ​មាន​ភាព​យុត្តិធម៌ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បម្រើ​ប្រជាពលរដ្ឋ​ខ្មែរ គឺ​គណបក្ស​នេះ​មាន​គម្រោង​ធ្វើ​មហា​បាតុកម្ម​បន្ត​ទៀត ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី១៧ ខែ​កញ្ញា ដើម្បី​តវ៉ា​ចំ​ពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត៖ «ប៉ុន​កូន​ក្មេង​ក៏​ចេះ​គិត ហើយ​បើ​អន្តរជាតិ ដែល​ជា​អ្នក​ជំនាញ​គេ​រឹត​តែ​ច្បាស់​ទៅ​ទៀត។ គេ​ថា​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ ដែល គ.ជ.ប ប្រកាស ២​លាន ៩​សែន​ហ្នឹង សល់​ពី​ការ​លួច​សំណល់​ទេ។ យើង​គម្រោង​ទាមទារ​ឱ្យ​ទាល់​តែ​បាន​ការ​ផ្លាស់​ប្ដូរ យើង​នឹង​មាន​បាតុកម្ម យើង​នឹង​មាន​គម្រោង​អី​ផ្សេង​ទៀត ប៉ុន្តែ​ទាមទារ​ឱ្យ​ទាល់​តែ​បាន។ ឥឡូវ​នេះ យើង​ចង់​ស្ដាប់​បង​ប្អូន​ប្រជាពលរដ្ឋ​ម្ដង តើ​ជំហរ​ដែល​យើង​បាន​បញ្ជាក់​ទាំង ២​នាក់ អំបាញ់មិញ បង​ប្អូន​គាំទ្រ ឬ​មិន​គាំទ្រ​សូម​ឡើង​មក​បញ្ជាក់»

ក្រុម​ប្រជាពលរដ្ឋ​អ្នក​រត់​ម៉ូតូ​ឌុប និង​យុទ្ធជន ដែល​ចូល​រួម​ស្ដាប់​វេទិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាន់​តែ​ច្រើន​ឡើងៗ រហូត​ដល់​ទៅ​ជិត ១​ម៉ឺន​នាក់ បាន​សម្ដែង​ការ​គាំទ្រ​ឱ្យ​គណបក្ស​ប្រឆាំង​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត ដែល គ.ជ.ប បាន​ប្រកាស​ជា​ផ្លូវ​ការ កាល​ពី​ពេល​ថ្មីៗ​នោះ។

យុវជន​ម្នាក់​បាន​ឡើង​ថ្លែង​ថា លោក​សុខ​ចិត្ត​គាំទ្រ​ទាំង​ថវិកា និង​កម្លាំង​កាយ ដើម្បី​ចូល​ធ្វើ​មហា​បាតុកម្ម​នៅ​ពេល​ខាង​មុខ៖ «ខ្ញុំ​អត់​អាច​បង្ខំ​យុវជន​ឱ្យ​ទៅ​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ទៅ ព្រោះ​អី​ខ្ញុំ​បាន​តាំង​ចិត្ត​រួច​ហើយ។ បើ​សិន​ជា​មាន​មហា​បាតុកម្ម​ហ្នឹង​ជា​រៀង​រហូត ខ្ញុំ​នឹង​លាឈប់​ពី​ការងារ គឺ​ខ្ញុំ​ត្រូវ​តែ​ទៅ ព្រោះ​ជា​អនាគត​របស់​ខ្ញុំ និង​ជា​អនាគត​កូន​របស់​ខ្ញុំ​ទៀត»

១-អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ។

២-អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ លើក​បដា។

៣-អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ។

៤-អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ។

៥-អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ លើក​ដៃ​គាំទ្រ

៦-អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ។

៧-ព្រះសង្ឃ​ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​វេទិកា​បក្ស​សង្គ្រោះ​ជាតិ។

៨-អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ។

៩-អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។

១០-អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

១១-អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ។

១២-អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស។

១៣-អ្នក​គាំទ្រ​ស្វាគមន៍ លោក កឹម សុខា។

១៤-អ្នក​គាំទ្រ​ស្វាគមន៍ លោក សម រង្ស៊ី។

១៥-អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ។

១៦-លោក សម រង្ស៊ី និង​លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ។

១៧-អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ។

១៨-គ្រាប់​បែក​ដែល​ប្រទះ​ឃើញ​ក្បែរ​វេទិកា​បក្ស​ប្រឆាំង​ជួប​ជុំ។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​ថា លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដែល គ.ជ.ប ប្រកាស​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​នេះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួល​ស្គាល់​ប្រជាពលរដ្ឋ និង​អន្តរជាតិ ក៏​មិន​ទទួល​ស្គាល់​ទេ។ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម​តវ៉ា​នៅ​ពេល​ខាង​មុខ ហើយ​នៅ​តែ​មិន​មាន​ដំណោះស្រាយ គឺ​ជំហាន​ទី២ សមាជិក​ដែល​ជា​បេក្ខជន​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំងអស់ នឹង​មិន​ចូល​រួម​ប្រជុំ​បើក​សភា​ដំបូង​ជា​ដាច់​ខាត។ បញ្ហា​បន្ទាប់​ទៀត ប្រសិន​បើ​សភា​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៦៨​រូប ចូល​ប្រជុំ ហើយ​រៀប​ចំ​បង្កើត​រដ្ឋាភិបាល​តាម​រូបមន្ត ៥០+១ នោះ មាន​ន័យ គឺ​ខុស​នឹង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស។

ក្រុម​អ្នក​ឃ្លាំ​មើល​ក្រៅ​រដ្ឋាភិបាល និង​សមត្ថកិច្ច បាន​ប្រទះ​ឃើញ​គ្រាប់​បែក​ដៃ ១​គ្រាប់ ដែល​នៅ​ជាប់​របង​វត្ត​គង់ម៉ុច ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ ពី​វេទិកា​ដែល​ជា​កន្លែង​អ្នក​ចូល​រួម​បាន​ឈរ​ស្ដាប់​កកកុញ។ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​សង្ស័យ​ថា គ្រាប់​បែក​ដៃ ១​គ្រាប់​នោះ អាច​ជន​ណា​ម្នាក់​យក​ទៅ​ផ្លុង​ចោល​ក្នុង​បំណង​គំរាម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ឱ្យ​ភ័យ​ខ្លាច ក៏ប៉ុន្តែ​ភ្លាមៗ​សមត្ថកិច្ច​បាន​ចេញ​មុខ​ពន្យល់​ថា គ្រាប់​បែក​ដៃ​នោះ មាន​ច្រែះ​ចាប់​ទំនង​ជា​អាច​ផុស​ចេញ​ពី​គំនរ​ដី​ថ្មី​ដែល​គេ​ទើប​ដឹក​ជញ្ជូន​មក​ចាក់​នៅ​ក្បែរ​របង​វត្ត មិន​មែន​ការ​ផ្លុង​ចោល ដើម្បី​បំភិត​បំភ័យ​ក្រុម​អ្នក​ចូល​រួម​វេទិកា​គណបក្ស​ប្រឆាំង​នោះ​ឡើយ។

អាជ្ញាធរ​ខេត្ត​បាត់ដំបង​បដិសេធ​សំណើ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ការ​ជួប​ប្រជុំ​គ្នា

ដោយ សួន សុផលមុន្នី

ខេត្ត​បាត់ដំបង៖ គណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្ម​ចំពោះ​អាជ្ញាធរ​ខេត្ត​បាត់ដំបង ដែល​បាន​បដិសេធ​សំណើ​សុំ​យក​ទីតាំង​សាធារណៈ​នៅ​ក្នុង​ខេត្ត​បាត់ដំបង សម្រាប់​ធ្វើ​ការ​ជួប​ប្រជុំ​គ្នា​នៅ​ល្ងាច​ថ្ងៃ​ទី​១២ និង​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កញ្ញា។ គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ថា ការ​ហាម​ប្រាម​នេះ គឺ​ជា​ទង្វើ និង​ជា​សកម្មភាព​រឹតត្បិត​សិទ្ធិ​សេរីភាព ហើយ​បាន​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់ លោក សួន សុផលមុន្នី៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។