យុវជន​មួយ​ក្រុម​​បន្ត​ទាមទារ​ឲ្យ​លោក កឹម សុខា បកស្រាយ​ការ​ពិត

ក្រុម​យុវជន​ប្រមាណ ២០​នាក់ ជិះ​ឡាន​ពីរ​គ្រឿង នាំ​គ្នា​យក​ញត្តិ​ទៅ​ដាក់ និង​ស្រែក​ទាមទារ​នៅ​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែលើ ក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​លោក កឹម សុខា បក​ស្រាយ​ការពិត។

គោល​បំណង​ធំ​ដែល​ក្រុម​យុវជន​ទៅ​ដាក់​ញត្តិ​នៅ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១ ខែ​មេសា នេះ ដើម្បី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បកស្រាយ​រឿង​បណ្ដឹង​ដែល​គណបក្ស​គ្រោង​ប្ដឹង​ក្រុម​ពួក​គេ​រឿង​ប្រើ​ទង់​របស់​បក្ស និង​អាវ​រូប​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​មិន​បាន​ដូច​បំណង​ឡើយ ខណៈ​ការ​ទាមទារ​នោះ មាន​ប៉ះទង្គិច​ពាក្យ​សម្ដី និង​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​មនុស្ស​មួយ​ក្រុម​ទៀត ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ ទោះ​យ៉ាង​ណា​ក៏ដោយ គ្មាន​មន្ត្រី​គណបក្ស​នេះ​ចេញ​មក​ទទួល​ញត្តិ​ដែរ ហើយ​ក៏​គ្មាន​ករណី​ហិង្សា​កើត​ឡើង​នោះ​ទេ។

តំណាង​យុវជន​ម្នាក់ លោក ហួម ចំប៉ា ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា អ្វី​ដែល​លោក​ចង់​បាន​គឺ​ការ​បញ្ជាក់​ការពិត​ពី​លោក កឹម សុខា ផ្ទាល់។ លោក​ថា អ្វី​ដែល​លោក​ធ្វើ​នៅ​ពេល​នេះ គឺ​ចង់​ឲ្យ​លោក កឹម សុខា ស្អាតស្អំ៖ «យើង​ចង់​ឲ្យ​បុគ្គល​ហ្នឹង​ស្អាតស្អំ យើង​ស្រលាញ់​ពេក អ៊ីចឹង​អាច​នឹង​ឈឺ​ចាប់​ទៅ​ថ្ងៃ​អនាគត។ អ៊ីចឹង​យើង​យុវជន​មក​នេះ​គឺ​ចង់​ឲ្យ​បុគ្គល​ម្នាក់​ស្អាតស្អំ។ កាល​ពី​មុន​ក៏​ធ្លាប់​គាំទ្រ ហែ​បក្ស​អី​អ៊ីចឹង​ដែរ អ៊ីចឹង​ពេល​នេះ​គាត់​អាច​ខូច​ចិត្ត បើ​សិន​បុគ្គល​ហ្នឹង​មាន​ស្រី...»

ក្រុម​យុវជន​ដឹកនាំ​ដោយ​លោកស្រី ចំរើន ដែល​អះអាង​ថា ខ្លួន​ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ​នានា ក្នុង​រាជធានី​ភ្នំពេញ​នោះ អ្នក​ខ្លះ​ពាក់​អាវ​យឺត​រូប​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​មែន​ជា​របស់​លោក កឹម សុខា តែ​ម្នាក់​នោះ​ទេ ដូច្នេះ​ពួកគេ​មាន​សិទ្ធិ​ពាក់​អាវ​នេះ។

​នៅ​ពេល​ក្រុម​យុវជន​តវ៉ា​ទាមទារ​នោះ មាន​ក្រុម​នគរបាល​ជួយ​សម្រួល​ចរាចរណ៍ និង​មិន​បាន​ហាម​ឃាត់​ពួកគេ​ឡើយ ដែល​ខុស​ពី​ការ​ទាមទារ​រក​យុត្តិធម៌​របស់​ក្រុម​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី ដែល​សមត្ថកិច្ច​តែងតែ​ធ្វើការ​បង្ក្រាប​នៅ​ពេល​មាន​ទាមទារ​អ្វី​មួយ​នោះ។

ក្រោយ​ពេល​ដែល​ក្រុម​យុវជន ស្រី ចំរើន បាន​ចំណាយ​ពេល​ជិត​មួយ​ម៉ោង​តវ៉ា​ទាមទារ​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​នោះ ក្រុម​ប៉ូលិស​ប្រាប់​ឲ្យ​ពួកគេ​ឡើង​ឡាន​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។