មនុស្ស​២​ម៉ឺន​នាក់​នឹង​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា

អតីត​អ្នក​ទោស​គុក​ទួលស្លែង លោក ជុំ ម៉ី គ្រោង​ដឹកនាំ​មហា​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា មួយ ដែល​មាន​អ្នក​ចូល​រួម ២​ម៉ឺន​នាក់ នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៣។

0:00 / 0:00

ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ជិត ៥០០​នាក់ ដែល​ដឹកនាំ​ដោយ​អតីត​អ្នក​ទោស​នៅ​គុក​ទួល​ស្លែង គឺ​លោក ជុំ ម៉ី ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៣ ដោយ​ថ្កោលទោស​លោក កឹម សុខា ដែល​ថា រឿងរ៉ាវ​នៅ​គុក​ទួល​ស្លែង គឺ​ជា​ឆាក​ដែល​មាន​ការ​រៀបចំ​ទុក។ លោក ជុំ ម៉ី គ្រោង​នាំ​មនុស្ស ២​ម៉ឺន​នាក់​ធ្វើ​បាតុកម្ម​​នៅ​ថ្ងៃ​៩ មិថុនា នេះ។

លោក ជុំ ម៉ី បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​ជន​រងគ្រោះ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឈ្មោះ "ក្សេមក្សាន្ត" ថ្លែង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​មាន​សន្និសីទ​សារព័ត៌មាន​នេះ គឺ​ដោយ​សារ​តែ​កាល​កំណត់​របស់​លោក​ដែល​ឱ្យ​ប្រធាន​ស្ដីទី​បក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា មក​សុំ​ទោស​ព្រលឹង​ជន​រងគ្រោះ នៅ​គុក​ទួល​ស្លែង ក្នុង​រយៈ​ពេល ១០​ថ្ងៃ​ ចាប់​តាំង​ថ្ងៃ​ទី​២៥ ឧសភា មក​នោះ បាន​កន្លង​ផុត។

លោក ជុំ ម៉ី ទាមទារ​ឱ្យ​មាន​ការ​ផ្ទៀងផ្ទាត់​ចំពោះ​លោក កឹម សុខា ដែល​ថា សំឡេង​របស់​លោក​ត្រូវ​គេ​កាត់​ត។ លោក​បន្ត​ថា លោក​គ្រោង​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា មួយ នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៣ ដែល​អាច​មាន​អ្នក​ចូល​រួម ២​ម៉ឺន​នាក់។ ការ​ប្រកាស​ធ្វើ​បាតុកម្ម​របស់​លោក ជុំ ម៉ី គឺ​ជា​លើក​ទី​២ បន្ទាប់​ពី​លោក​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា។ លោក​បដិសេធ​ចំពោះ​មន្ទិល​ដែល​ថា គម្រោង​ធ្វើ​បាតុកម្ម​របស់​លោក​ឋិត​ក្រោម​ឥទ្ធិពល​នយោបាយ។

ទាំង​លោក ជុំ ម៉ី និង​អតីត​អ្នក​ទោស​នៅ​គុក​ទួល​ស្លែង​មួយ​ចំនួន​ទៀត ថ្លែង​ដូចៗ គ្នា​ថា ការ​ថ្លែង​របស់​លោក កឹម សុខា ធ្វើ​ឱ្យ​មាន​ការ​ឈឺ​ចាប់​ឡើង​វិញ បន្ទាប់​ពី​ពួក​លោក​បាន​សះស្បើយ​ខ្លះ នៅ​ពេល​ដែល​អតីត​ប្រធាន​គុក​ទួល​ស្លែង គឺ កាំង ហ្កេកអ៊ាវ ហៅ ឌុច បាន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​នៅ​ទី​នោះ សុំ​ទោស​ចំពោះ​ជន​រងគ្រោះ និង​ត្រូវ​សាលាក្ដី​ខ្មែរ​ក្រហម​ផ្ដន្ទាទោស​ដាក់​គុក​អស់​មួយ​ជីវិត។

អតីត​អ្នក​ទោស​កុមារ​នៅ​គុក​ទួល​ស្លែង គឺ​លោក នង ចាន់ផល និង​បង​របស់​លោក​ឈ្មោះ នង ចាន់ថន ដែល​ឪពុក​ម្ដាយ​ត្រូវ​សម្លាប់​នៅ​គុក​ទួល​ស្លែង ថ្លែង​ថា លោក​នៅ​តែ​ទាមទារ​ឱ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា។

ទោះ​ជា​អតីត​អ្នក​ទោស​នៅ​គុក​ទួល​ស្លែង​ទាំង​នេះ ខឹងសម្បា​នឹង​ការ​ថ្លែង​របស់​លោក កឹម សុខា ក្ដី ក៏​សាច់ញាតិ​ជន​រងគ្រោះ​នៅ​គុក​ទួល​ស្លែង​ខ្លះ ដូច​ជា លោក ជុំ ស៊ីរ៉ាត និង​អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង​មួយ​រូប គឺ​លោក ប៊ូ ម៉េង មិន​ចូល​រួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ទេ នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៣។

លោក ប៊ូ ម៉េង ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​សមាគម​ជន​រងគ្រោះ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឈ្មោះ "ក្សេមក្សាន្ត" សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ​ទាក់ទង​នឹង​សន្និសីទ​សារព័ត៌មាន​នេះ។ ក៏​ប៉ុន្តែ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា លោក ប៊ូ ម៉េង បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ​មួយ ដោយ​សរសេរ​ថា ក្នុង​ករណី​លោក ជុំ ម៉ី ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា នោះ ធ្វើ​ក្នុង​នាម​ផ្ទាល់​របស់​គាត់​ទេ គឺ​មិន​មែន​ក្នុង​នាម​សមាគម​ក្សេមក្សាន្ត​ឡើយ។

លោក ប៊ូ ម៉េង ប្រកាស​ថា លោក​នៅ​ជា​អព្យាក្រឹត្យ នឹង​មិន​ចូលរួម​បាតុកម្ម​ទេ​នោះ​ទេ។ លោក​បន្ត​ទៀត​ថា សមាគម​របស់​លោក​មាន​គោលការណ៍​ផ្សះផ្សា​ជាតិ គឺ​មិន​មាន​គោលការណ៍​បំបែកបំបាក់​ជាតិ​ទេ។ ការ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​របស់​លោក ប៊ូ ម៉េង បញ្ជាក់​ទៀត​ថា លោក​មិន​ចង់​យក​ឋានៈ​របស់​ខ្លួន​ជា​ជន​រងគ្រោះ​ទៅ​ប្រកប​វិជ្ជាជីវៈ​ដើម្បី​លាភ​សក្ការ​អ្វី​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។