អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រកាស​ឲ្យ​មន្ត្រី​​ប្រកាស​ទ្រព្យ​​​និង​បំណុល

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រកាស​ជូន​ដំណឹង​ដល់​បុគ្គលិក​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល នៅ​គ្រប់​ស្ថាប័ន​និង​ក្រសួង​ទាំងអស់ ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​សា​ជា​ថ្មី ​តាម​របប ២​ឆ្នាំ​ម្ដង។

សេចក្ដី​ជូន​ដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​ចុះ​ថ្ងៃ​ទី​១៦ ធ្នូ ឆ្នាំ​២០១៣ ចុះ​ហត្ថលេខា​ដោយ​ប្រធាន​ស្ដីទី​នៃ​នាយកដ្ឋាន​ប្រកាស​ទ្រព្យ​សម្បត្តិ​និង​បំណុល នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ គឺ​លោក ចេង ប៊ុនឃៀង ប្រកាស​ថា ការ​​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​នេះ មាន​រយៈ​ពេល​មួយ​ខែ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ដល់​ទី​៣១ មករា ឆ្នាំ​២០០៤។

បុគ្គលិក​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យ​សម្បត្តិ​និង​បំណុល​នោះ​ មាន​ឋានៈ​ចាប់​ពី​ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​យោធា កង​រាជ​អាវុធហត្ថ នគរបាល​ជាតិ ដែល​មាន​ឋានៈ​ចាប់​ពី​វរសេនីយ៍ឯក ឬ​សក្ដិ​៥ ឡើង​ទៅ។

ចំណែក​មន្ត្រី​សាធារណៈ​មាន​ដូចជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់។ ក្រៅពី​នេះ​មាន​សមាជិក​ព្រឹត្តិ​សភា សមាជិក​សភា ចៅក្រម​អាសនៈ ចៅក្រម​អយ្យការ សារការី ក្រឡាបញ្ជី និង​អាជ្ញា​សាលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។