ការប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីបេក្ខជនតំណាងរាស្ត្រគណបក្សប្រឆាំងមណ្ឌលខេត្តព្រះសីហនុ ព្រះអង្គម្ចាស់ ធម្មិកោ បដិសេធតាមរយៈការផ្ដល់បទសម្ភាសន៍ឲ្យអ្នកសារព័ត៌មានថា ព្រះអង្គមិនប្រកាសទ្រព្យសម្បត្តិនោះទេ ហើយចាត់ទុកបញ្ហានេះជារឿងនយោបាយ។
អង្គភាពប្រឆាំងអំពើពុករលួយប្រកាន់ជំហរមិនអត់ឱនឲ្យព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ឡើយ បើសិនណាសែរាជវង្សរូបនេះនៅតែមិនព្រមប្រកាសទ្រព្យសម្បត្តិ តាមលិខិតព្រមានរបស់អង្គភាពនេះដែលចេញកាលពីថ្ងៃទី២០ ឧសភា។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាទេសរដ្ឋមន្ត្រី លោក ឱម យ៉ិនទៀង នៅថ្ងៃទី២២ ខែឧសភា ចាត់បន្ទូលព្រះអង្គម្ចាស់ ធម្មិកោ ជាបន្ទូលបង្កាច់បង្ខូច និងលាបពណ៌អង្គភាពប្រឆាំងអំពើពុករលួយ ភ្ជាប់ទៅជារឿងនយោបាយ និងចោទថា អង្គភាពនេះជាឧបករណ៍របស់គណបក្សកាន់អំណាច។ លោកបន្តថា ព្រះអង្គម្ចាស់ ធម្មិកោ កំពុងព្យាយាមជាន់ឈ្លីរាជបល្ល័ង្កតាមរយៈការបដិសេធមិនគោរពច្បាប់ដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ។
លោក ឱម យ៉ិនទៀង បានដាក់សំណួរទៅព្រះអង្គ ធម្មិកោ ថា បើច្បាប់មិនត្រូវ ហេតុអ្វីបានជាព្រះអង្គធ្លាប់បានប្រកាសទ្រព្យកាលពីលើកទី១? ហេតុអ្វីបានជាពេលនេះមិនប្រកាស? ឬឲ្យតែចូលគណបក្សប្រឆាំងហើយមិនគោរពច្បាប់បានស្រេចតែនឹងចិត្ត?
លោក ឱម យ៉ិនទៀង៖ «លោកមើលងាយមហាក្សត្រត្រង់ៗតែម្ដងទៅល្អជាង កុំយក ឱម យ៉ិនទៀង ធ្វើឈ្នាន់ បើខ្ញុំមិនជួយ គឺធ្វើបែបបទទៅតុលាការ។ ប៉ុន្តែយើងខ្ញុំធ្វើលិខិតមួយទៅគាត់ប្រធានក្រុមជនបង្គោល ធ្វើលិខិតពីរដងជូនលោកទៅហើយ។ ឥឡូវនេះយើងខ្ញុំមានភស្តុតាងកាន់តែរឹងមាំហើយ គាត់ផ្សាយកាសែតថា មិនប្រកាសៗ ខ្ញុំថតទាំងអស់យកទៅជូនតុលាការ។ ដំណាក់កាលប្រមូលភស្តុតាងបន្ថែមទៀត ទុកពេលមួយអាទិត្យ។ ព្រឹកថ្ងៃអង្គារ ដាក់សំណុំរឿងជូនតុលាការ»។
លោក ឱម យ៉ិនទៀង ចំអកថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបំណងចង់ជាប់គុកដើម្បីក្លាយខ្លួនជាវីរបុរស និងដើម្បីឲ្យរាស្ត្រស្គាល់ព្រះអង្គកាន់តែច្រើន។
ឆ្លើយតបនឹងការព្រមានបែបនេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលតបថា ព្រះអង្គមិនចុះញ៉ម ឬព្រមប្រកាសទ្រព្យសម្បត្តិឡើយ ព្រោះព្រះរាជវាំងជាទីដែលព្រះអង្គគង់បំពេញការងារនោះ មិនមែនជាកន្លែងដែលអាចមានឱកាសប្រព្រឹត្តអំពើពុករលួយដូចស្ថាប័នរដ្ឋាភិបាល ឬតុលាការនោះទេ។ ព្រះអង្គរំលឹកថា តាមពិតព្រះអង្គមិនព្រមប្រកាសទ្រព្យសម្បត្តិតាំងពីលើកទី១មកម្ល៉េះ ប៉ុន្តែព្រះមហាវីរក្សត្រដាស់តឿន ទើបព្រះអង្គព្រមប្រកាសទ្រព្យ។ ព្រះអង្គបញ្ជាក់ថា ទ្រង់សុខចិត្តជាប់គុក តែមិនមែនដើម្បីឲ្យល្បីឈ្មោះឡើយ គឺជាប់គុកដើម្បីបញ្ជាក់ថា គណបក្សកាន់អំណាចមិនអាចបំពានស្ថាប័នព្រះមហាក្សត្របានទេ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅសល់រយៈពេល ៤ទៀត ដើម្បីបំពេញបែបបទប្រកាសទ្រព្យ។ បើមិនដូចនេះទេ ព្រះអង្គម្ចាស់អង្គនេះនឹងត្រូវប្រឈមនឹងផ្លូវតុលាការ។ អង្គភាពប្រឆាំងអំពើពុករលួយបានជូនដំណឹងទៅគ្រប់ស្ថាប័នពាក់ព័ន្ធឲ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ ហើយមានមន្ត្រីជាប់កាតព្វកិច្ចជិត ៣ម៉ឺននាក់ ដែលបានប្រកាសទ្រព្យ។
កន្លងទៅអង្គភាពប្រឆាំងអំពើពុករលួយក៏បានចេញលិខិតព្រមានតំណាងរាស្ត្រគណបក្ស សម រង្ស៉ី លោក ជា ប៉ូច ថាព្យាយាមរារាំងការស៊ើបអង្កេតករណីពុករលួយនៅខេត្តកំពត។ ដោយកាលណោះ មន្ត្រីមូលដ្ឋានបក្សប្រឆាំងចោទមន្ត្រីរដ្ឋបាលស្រុកឈូក ខេត្តកំពត ថាបានលក់ពាក្យប្រកាសទ្រព្យសម្បត្តិ ឬសង្ស័យថាប្រព្រឹត្តអំពើពុករលួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
