ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ប្ដេជ្ញាថានឹងលុបបំបាត់ឲ្យអស់នូវការប្រព្រឹត្តអំពើពុករលួយក្នុងរូបភាពសូកប៉ាន់ក្រោមតុ ពិសេសនឹងដាក់បញ្ចូលកម្មវិធីមេរៀនប្រឆាំងអំពើពុករលួយទៅក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យនៅឆ្នាំ២០១៤។
ការថ្លែងនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាស្ដីពីការវាយតម្លៃនិងត្រួតពិនិត្យលើកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលធ្វើរយៈពេល ២ថ្ងៃ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា។
លោក ឱម យ៉ិនទៀង អះអាងចំពោះមុខសិក្ខាកាមប្រមាណជាង ១០០នាក់ថា អង្គភាពប្រឆាំងអំពើពុករលួយនឹងខិតខំលុបបំបាត់ឲ្យអស់នូវការសូកលុយក្រោមតុ និងការសូកប៉ាន់នានាដែលមានចរិតជាបទល្មើសពុករលួយ និងមានចែងនៅក្នុងច្បាប់តាមកម្មវិធីគោលនយោបាយរបស់រដ្ឋាភិបាលអាណត្តិថ្មី។
លោកបានព្រមានចំពោះអ្នកធ្លាប់ប្រព្រឹត្តអំពើពុករលួយឲ្យចេះកែខ្លួនមុននឹងអង្គភាពរបស់លោកស៊ើបអង្កេតរកឃើញភស្តុតាងបង្ហាញពីបទល្មើសពុករលួយ។ អង្គភាពប្រឆាំងអំពើពុករលួយក៏ត្រៀមនឹងដាក់កម្មវិធីមេរៀនប្រឆាំងអំពើពុករលួយ ដើម្បីអប់រំក្មេងជំនាន់ក្រោយឲ្យមានគំនិតស្អប់ខ្ពើមអំពើពុករលួយ ហើយងាកមកស្រលាញ់ភាពស្អាតស្អំ។
លោក ឱម យ៉ិនទៀង៖ «លុបបំបាត់ឲ្យអស់មិនឲ្យមានការឲ្យលុយក្រោមតុ។ រដ្ឋាភិបាលអាណិតអាសូរណាស់មន្ត្រីខ្លួន អនុគ្រោះ គាត់ប្រាប់ឲ្យឆ្លុះកញ្ចក់ បើឃើញកែទៅ។ ទី២ គាត់ថា ត្រូវការចាំបាច់ចុះងូតទឹកដុសក្អែលខ្លួនឯង អស់ក្អែលកុំឲ្យមានបញ្ហា បើដុសក្អែលមិនជ្រះទេឲ្យគេដុសឲ្យ ពិន័យដកចេញ ហើយទី៣ យកទៅព្យាបាលវះកាត់ដោយអង្គភាពប្រឆាំងអំពើពុករលួយដាក់ទៅតុលាការ»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល យល់ឃើញថា ការដាក់កម្មវិធីមេរៀនប្រឆាំងអំពើពុករលួយចូលទៅក្នុងកម្មវិធីអប់រំនៅតាមសាលា គឺជាការវិនិយោគរយៈពេលវែង ដែលអាចបង្កើតមេដឹកនាំជំនាន់ក្រោយឲ្យស្អាតស្អំ។ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ចំពោះការដោះស្រាយបញ្ហាអំពើពុករលួយ។
លោកបន្តថា អ្វីដែលត្រូវធ្វើចាំបាច់បំផុតដើម្បីប្រឆាំងអំពើពុករលួយនៅពេលនេះ គឺវិធានការអនុវត្តន៍ច្បាប់ដោយស្មើភាពគ្នាចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ៖ «មានយន្តការទប់ស្កាត់ សំណាញ់រៀបចំការឃ្លាំមើល រៀបចំការរាយការណ៍ ហើយនិងចាប់ឲ្យបានអ្នកណាដែលប្រព្រឹត្តអំពើពុករលួយ ពេលដែលចាប់បានត្រូវតែផ្ដន្ទាទោសដោយគ្មានរើសអើង មិនប្រកាន់បក្ខពួក ដោយមិនយោគយល់ ទើបធ្វើមានប្រសិទ្ធភាព ហើយមកដល់ពេលនេះការធ្វើឲ្យចេញជាលទ្ធផល គឺនៅមានចំនួនតិចតួច ទាំងការស៊ើបអង្កេត ទាំងការចាប់ខ្លួនមន្ត្រីដើម្បីកាត់ទោសតាមច្បាប់ហ្នឹងក៏មានតិចដែរ»។
អង្គការតម្លាភាពអន្តរជាតិនៅកម្ពុជា បានចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវមួយ ចាត់ចំណាត់ថ្នាក់កម្ពុជា មានអំពើពុករលួយធ្ងន់ធ្ងរ ស្ថិតនៅក្នុងលំដាប់លេខ ១៥៧ ក្នុងចំណោមប្រទេសសរុប ១៧៦។ របាយការណ៍បានបញ្ជាក់ទៀតថា កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ១៥៧ នោះ គឺប្រសើរជាងប្រទេសឡាវ ជាប់ចំណាត់ថ្នាក់លេខ ១៦០ និងប្រទេសមីយ៉ាន់ម៉ា ឬភូមា ជាប់ចំណាត់ថ្នាក់ ១៧២។ ប្រទេសដែលមានអំពើពុករលួយខ្ពស់បំផុតនោះ គឺប្រទេសសូម៉ាលី (Somali) និងប្រទេសកូរ៉េខាងជើង (North Korea)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។