ភាពប្រឈមមុខដាក់គ្នារវាងសែរាជវង្សនិងអង្គភាពប្រឆាំងអំពើពុករលួយ កំពុងតានតឹងយ៉ាងខ្លាំង ដោយសារអង្គភាពប្រឆាំងអំពើពុករលួយបង្ខំឲ្យមន្ត្រីព្រះបរមរាជវាំង ប្រកាសព្រះរាជទ្រព្យសម្បត្តិ និងបំណុល។ ក៏ប៉ុន្តែមានសែរាជវង្សខ្លះជំទាស់ទៅនឹងបទបញ្ជានេះ ហើយចោទទៅមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយវិញថា ជាឧបករណ៍របស់គណបក្សប្រជាជន និងរដ្ឋាភិបាល មានចេតនាកុងកាច់ខាងនយោបាយ។
អង្គភាពប្រឆាំងអំពើពុករលួយបានផ្ញើលិខិតមួយច្បាប់ទៅព្រះបរមរាជវាំង នៅថ្ងៃទី២០ ឧសភា ព្រមានដាក់ទោសសែរាជវង្សមួយអង្គ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលព្រះអង្គមិនព្រមប្រកាសព្រះរាជទ្រព្យ និងបំណុលតាមការកំណត់របស់អង្គភាពប្រឆាំងអំពើពុករលួយ។
ព្រះអង្គមានបន្ទូលនៅថ្ងៃទី២១ ឧសភា បានបញ្ជាក់ថា មូលហេតុដែលព្រះអង្គមិនព្រមប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺដោយសារព្រះអង្គចង់រក្សាស្ថាប័នព្រះបរមរាជវាំងឲ្យនៅឯករាជ្យ និងដោយសារស្រោមលិខិតដែលអង្គភាពប្រឆាំងអំពើពុករលួយផ្ញើទៅព្រះបរមរាជវាំងមានពណ៌ស មិនមានចារអត្តសញ្ញាណ ឬសញ្ញាសម្គាល់អង្គភាពប្រឆាំងអំពើពុករលួយ។
ព្រះអង្គបានហៅសេចក្ដីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយថា គ្មានអ្វីក្រៅពីរឿងនយោបាយ និងជារឿងគំរាមកំហែងព្រះអង្គ ដោយសារព្រះអង្គបានចូលធ្វើនយោបាយជាមួយបក្សប្រឆាំង។
ព្រះអង្គម្ចាស់ ធម្មិកោ៖ «មូលហេតុអីបានជាយើងថាគិតផ្សេងពីហ្នឹងវាមិនត្រូវ? ដោយសារថា មានមន្ត្រីរាជការរាប់ម៉ឺននាក់ដែលត្រូវបំពេញប្រកាសសម្បត្តិទ្រព្យហ្នឹង ក៏ប៉ុន្តែយើងជាពលរដ្ឋ តើយើងមានដឹងទេថា មន្ត្រីណាខ្លះបានប្រកាស មន្ត្រីណាខ្លះមិនបានប្រកាស? ដូច្នេះពេលណាដែលឥតមានតម្លាភាព គឺអាជ្ញាធរប្រឆាំងអំពើពុករលួយហ្នឹងក្លាយទៅជាឧបករណ៍ហើយ! គេត្រូវការបំពានទៅលើអ្នកណា គឺប្រើឧបករណ៍ហ្នឹងហើយ។ ហេតុដូច្នេះ ខ្ញុំចាត់ទុកអាជ្ញាធរប្រឆាំងអំពើពុករលួយហ្នឹង ជាឧបករណ៍របស់គណបក្សប្រជាជន ហើយឧបករណ៍ហ្នឹងគេប្រើប្រាស់ដើម្បីធ្វើការគំរាមកំហែង ធ្វើការគាបសង្កត់ទៅលើអ្នកប្រឆាំង។ មូលហេតុដែលខ្ញុំមិនទទួលដោយសារថា ខ្ញុំចាត់ទុកស្ថាប័នព្រះមហាក្សត្រជាស្ថាប័នឯករាជ្យមួយដែលមិនពាក់ព័ន្ធជាមួយរដ្ឋាភិបាល បើសិនទុកស្ថាប័នព្រះមហាក្សត្រជាស្ថាប័នឯករាជ្យ អត់មានត្រូវការពាក់ព័ន្ធអីជាមួយអាជ្ញាធរប្រឆាំងអំពើពុករលួយទេ ចាស!»។
លិខិតដែលចុះហត្ថលេខាដោយប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី បង្ហាញថា នេះជាលើកទីពីរហើយដែលអង្គភាពប្រឆាំងអំពើពុករលួយផ្ញើលិខិតទៅព្រះអង្គម្ចាស់ ធម្មិកោ។
លិខិតដដែលបញ្ជាក់ថា នៅឆ្នាំ២០១៣ នេះ អង្គភាពប្រឆាំងអំពើពុករលួយបានតម្រូវឲ្យមន្ត្រីរាជការនៅព្រះបរមរាជវាំងទាំងអស់សរុបចំនួន ១៤៩អង្គនិងនាក់ ប្រកាសទ្រព្យសម្បត្តិ និងបំណុល ហើយមន្ត្រីវាំងទាំងអស់បានធ្វើតាមសេចក្ដីប្រកាសនោះ នៅសល់តែព្រះអង្គម្ចាស់ ធម្មិកោ តែអង្គឯង។
លិខិតនោះបានទុកពេលមួយសប្ដាហ៍ឲ្យព្រះអង្គម្ចាស់ ធម្មិកោ ពិចារណា ហើយបើហួសកំណត់នឹងដាក់ទោសព្រះអង្គតាមច្បាប់ប្រឆាំងអំពើពុករលួយ ដោយលិខិតនោះសរសេរខ្លឹមសារដូច្នេះ៖ "អង្គភាពប្រឆាំងអំពើពុករលួយសូមព្រមានដល់ព្រះអង្គម្ចាស់ ធម្មិកោ ក្នុងការរឹងរូសមិនព្រមធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល ហើយក្នុងរយៈពេលមួយសប្ដាហ៍ រាប់ចាប់តាំងពីថ្ងៃចេញលិខិតព្រមាននេះ ដោយមិនគិតពីថ្ងៃឈប់សម្រាក ថ្ងៃបុណ្យ បើព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិនព្រមយកលិខិតប្រកាសទ្រព្យសម្បត្តិ និងបំណុល មកដល់អង្គភាពប្រឆាំងអំពើពុករលួយទេ អង្គភាពប្រឆាំងអំពើពុករលួយ នឹងកសាងបែបបទបញ្ជូនករណីនេះទៅតុលាការគ្មានបង្អង់ដៃ"។
យ៉ាងនេះក្ដី ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅតែរក្សាជំហរដដែល៖ «ខ្ញុំស្វាគមន៍ ស្វាគមន៍ឲ្យគេរៀបចំឲ្យមានបែបបទធ្វើដើម្បីឲ្យខ្ញុំទៅបកស្រាយដូចខ្ញុំបានជម្រាបជូនអ៊ីចឹងអំពីស្ថាប័នព្រះមហាក្សត្រ។ ខ្ញុំចង់ដឹងថា គណបក្សប្រជាជនកម្ពុជា ចាត់ទុកស្ថាប័នព្រះមហាក្សត្រជាស្ថាប័នឯករាជ្យ ឬមួយក្រោមគំនាបរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា? ខ្ញុំគ្រាន់តែចង់ដឹងតែប៉ុណ្ណេះទេ ដូច្នេះខ្ញុំស្វាគមន៍ឲ្យគេរៀបចំបែបបទទៅចាស!»។
ទោះយ៉ាងណាលិខិតអង្គភាពប្រឆាំងអំពើពុករលួយបានព្រមានថា បើព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិនព្រមប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬក៏ប្រកាសទ្រព្យសម្បត្តិដែរ តែមិនត្រឹមត្រូវ ព្រះអង្គត្រូវផ្ដន្ទាទោសតាមមាត្រា ៣៨ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ដោយត្រូវជាប់ពន្ធនាគារពីមួយខែទៅមួយឆ្នាំ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅពីរលានរៀល ហើយត្រូវបង្ខំឲ្យប្រកាសទ្រព្យសម្បត្តិនិងបំណុលដដែល ហើយក្នុងករណីរឹងរូសទៀត នឹងត្រូវផ្ដន្ទាទោសទ្វេដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
