ក្រុមអ្នកឃ្លាំមើលការវិវឌ្ឍនយោបាយនៅកម្ពុជា រិះគន់ចំពោះការបញ្ចប់មុខងារជាទីប្រឹក្សា និងជំនួយការរបស់អតីតប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ដោយចាត់ទុកថា គឺធ្វើឡើងដោយមិនស្មើភាព ខណៈទីប្រឹក្សាជាច្រើនរូបទៀតរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល នៅបន្តក្នុងមុខតំណែងនៅឡើយ។
លើសពីនេះទៀត ការតែងតាំងទីប្រឹក្សា និងជំនួយការនាយក និងនាយករងដ៏ច្រើនស្អេកស្កះបន្ថែមរបស់ លោក សាយ ឈុំ ប្រធានថ្មីនៃព្រឹទ្ធសភា ជាការធ្វើឲ្យខាតបង់ថវិកាជាតិជាច្រើន។
ក្រុមអ្នកវិភាគសង្គមយល់ឃើញថា ព្រះរាជក្រឹត្យបញ្ចប់មុខងារដែលជាទីប្រឹក្សា និងជំនួយការទាំងស្រុងរបស់អតីតប្រធានគណបក្សប្រជាជនកម្ពុជា ថាវាជារឿងដ៏សោកសៅ និងអយុត្តិធម៌។
ក្នុងពេលកន្លងទៅនេះ ទីប្រឹក្សា ជំនួយការ និងអង្គរក្សផ្ទាល់របស់អតីតប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ត្រូវបានគេដកតំណែង និងមានអ្នកខ្លះត្រូវប្រឈមមុខនឹងប្រព័ន្ធតុលាការថែមទៀតផង។ បញ្ហាទាំងនេះ ត្រូវបានក្រុមអ្នកឃ្លាំមើលការវិវឌ្ឍនយោបាយយល់ឃើញថា ប្រហែលជាមានការប្រេះឆា ឬភាពមិនស៊ីសង្វាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា។
ចំណែកការត្រាស់បង្គាប់ផ្ដល់តួនាទីជាទីប្រឹក្សា និងជំនួយការឲ្យ លោក សាយ ឈុំ ប្រធានថ្មីនៃព្រឹទ្ធសភា ជំនួស លោក ជា ស៊ីម បន្ថែមវិញនោះ គឺជាការចំណាយលុយរបស់រដ្ឋខុសគោលដៅ។
ការរិះគន់របស់អង្គការមិនមែនរដ្ឋាភិបាល និងអ្នកវិភាគសង្គមនៅពេលនេះ ធ្វើឡើងបន្ទាប់ពីព្រះរាជក្រឹត្យចុះថ្ងៃទី២២ ខែមិថុនា របស់ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គទ្រង់បានត្រាស់បង្គាប់តែងតាំងមន្ត្រី ៣៨រូប ជាទីប្រឹក្សា និងជាជំនួយការរបស់ លោក សាយ ឈុំ ជំនួសឲ្យការបញ្ចប់មុខងារជាទីប្រឹក្សា និងជំនួយការជាស្ថាពររបស់អតីតប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម ក្រោយលោកទទួលមរណភាព។
បើទោះជាបែបណា ទីប្រឹក្សា ជំនួយការ នាយក នាយករង និងជំនួយការខុទ្ទកាល័យរបស់ លោក ជា ស៊ីម ក្រោយពីបញ្ចប់មុខតំណែងហើយ ក្នុងព្រះរាជក្រឹត្យពុំបានបញ្ជាក់ថា ពួកគេនឹងត្រូវទទួលមុខងារអ្វីថ្មីនៅឡើយនោះទេ។
លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត ថ្លែងថា ការពិតទីប្រឹក្សានេះហាក់ពុំបានបម្រើឲ្យផលប្រយោជន៍ច្រើននោះទេ។ ជាងនេះទៀត ស្ថាប័នព្រឹទ្ធសភានេះទៀតសោត លោកយល់ឃើញថា គួររំលាយចេញវិញល្អជាង ព្រោះស្ថាប័នមួយនេះកើតឡើងដោយការចរចាដើម្បីរំងាប់ការប្រេះឆា និងភាពស្ងប់ចិត្តរវាង លោក ហ៊ុន សែន និងលោក ជា ស៊ីម កន្លងមកប៉ុណ្ណោះ។ លើសពីនេះទៀត ការតែងតាំងទីប្រឹក្សា ជំនួយការ នាយក នាយករង និងជំនួយការខុទ្ទកាល័យក្នុងពេលកន្លងទៅ ភាគច្រើនណាស់ធ្វើដើម្បីបក្ស ហើយពេលបានមុខងារនេះ គឺងាយនឹងចុះពង្រឹងមូលដ្ឋាននៅតាមឃុំសង្កាត់។ ហេតុនេះ មន្ត្រីដែលមានមុខងារ និងតំណែងធំៗនៅក្នុងជួររដ្ឋាភិបាល តែងត្រូវការទីប្រឹក្សាដ៏ច្រើនស្អេកស្កះបែបនេះ៖ «អ៊ីចឹងបើសិនជាព្រឹទ្ធសភាទាំងមូលមិនមានតួនាទីអីប៉ុន្មានទេ ទីប្រឹក្សាទាំងស្រុងក៏គ្មានបានការដែរ»។
កាលពីថ្ងៃទី២០ ខែកុម្ភៈ កន្លងទៅនេះ ព្រះមហាក្សត្រព្រះអង្គក៏បានត្រាស់បង្គាប់តែងតាំងមន្ត្រីចំនួន ២៤រូបដែរជាទីប្រឹក្សារដ្ឋាភិបាល មានឋានៈស្មើចាប់ពីអនុរដ្ឋលេខាធិការ រហូតដល់រដ្ឋមន្ត្រី។ ពាក់ព័ន្ធរឿងនេះដែរ កាលពីខែតុលា ឆ្នាំ២០១៣ ព្រះមហាក្សត្រព្រះអង្គបានត្រាស់បង្គាប់តែងតាំងទីប្រឹក្សា និងជំនួយការរបស់ លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីចំនួន ៦២នាក់។ ចំនួនទីប្រឹក្សា និងជាជំនួយការនេះ នៅមិនគិតដល់ទីប្រឹក្សាដែលមានស្រាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីក្នុងជួររដ្ឋាភិបាលដទៃទៀតនៅឡើយផង។
ថ្វីបើរហូតមកដល់ពេលនេះ ពុំទាន់មានការសិក្សាពីទំហំនៃការចំណាយថវិកាជាតិទៅលើទីប្រឹក្សា និងជំនួយការនេះយ៉ាងណាក៏ដោយចុះ ក៏ លោក កែម ឡី ប៉ាន់ប្រមាណថា ទីប្រឹក្សា និងជំនួយការក្នុងម្នាក់ៗអាចចំណាយប្រាក់ខែចន្លោះប្រហែលពី ២០០ដុល្លារ ទៅជិត ៨០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែដែរ។
វិទ្យុអាស៊ីសេរី ពុំអាចសុំការបំភ្លឺជុំវិញរឿងនេះពីព្រឹទ្ធសភា បានភ្លាមៗនៅឡើយទេនៅថ្ងៃទី២៤ ខែមិថុនា។
បើទោះជា លោក ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានកូនដល់ទៅ ៧នាក់ ក៏ប៉ុន្តែគេរកពុំឃើញថា សាច់ញាតិរបស់ លោក ជា ស៊ីម មានមុខងារធំដុំនៅក្នុងជួររដ្ឋាភិបាល ដូចជាកូនរបស់មន្ត្រីជាន់ខ្ពស់នៅក្នុងគណបក្សប្រជាជនកម្ពុជា ដទៃទៀតទេ ដែលកូនរបស់មន្ត្រីដទៃៗទៀត គឺអ្នកខ្លះជារដ្ឋមន្ត្រី ជារដ្ឋលេខាធិការ ឬជាតំណាងរាស្ត្រក៏មានដែរ។
ដោយឡែក លោក កែម ឡី អ្នកស្រាវជ្រាវឯករាជ្យនៃការអភិវឌ្ឍសង្គមយល់ឃើញថា ការបញ្ចប់ទៅនូវមុខងារជាទីប្រឹក្សា និងជំនួយការខុទ្ទកាល័យ លោក ជា ស៊ីម នៅពេលនេះ គឺជារឿងដ៏អយុត្តិធម៌។ លោកអះអាងថា ប្រសិនបើរដ្ឋាភិបាលពិតជាចង់បានកំណែទម្រង់មួយដ៏ស៊ីជម្រៅមែន គួរធ្វើដោយស្មើភាពចំពោះមន្ត្រីនៅតាមស្ថាប័នដទៃទៀតដូច្នេះដែរ៖ «ប្រសិនជាចង់បញ្ចប់វាទាល់តែយើងពិនិត្យមើលប្រព័ន្ធសង្គមទាំងមូល ព្រោះកន្លងមកការតែងតាំងទាំងមូលហ្នឹង វាគ្រាន់តែជាការប្រមូលកម្លាំងទេ។ វាគ្រាន់តែជាការផ្ដល់តំណែងជាលក្ខណៈនយោបាយ»។
បើទោះជាបែបណា អង្គការមិនមែនរដ្ឋាភិបាល កន្លងទៅបានប្រៀបធៀប និងរិះគន់រដ្ឋាភិបាលរបស់ លោក ហ៊ុន សែន ថាជារដ្ឋាភិបាលដែលមានក្បាលធំជាងខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។