តំណាង​សាសនា​បី​ចង់​ឲ្យ​មាន​សុវត្ថិភាព​និង​អហិង្សា​ពេល​ធ្វើ​បាតុកម្ម

សំឡេង​ស្រែក​កង​រំពង​អហិង្សា និង​បញ្ចប់​ហិង្សា បាន​ឮ​កង​រំពង​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ក្នុង​ហ្វូង​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី៧ កញ្ញា។ នៅ​លើ​វេទិកា​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​នោះ គឺ​មាន​តំណាង​សាសនា​ចំនួន​បី មាន​តំណាង​អ្នក​កាន់​សាសនា​ព្រះពុទ្ធ ដែល​ជា​សាសនា​របស់​រដ្ឋ សាសនា​ឥស្លាម និង​តំណាង​សាសនា​គ្រិស្ដ ដែល​ចង់​ឲ្យ​មាន​សុវត្ថិភាព និង​អហិង្សា​នៅ​ក្នុង​ពេល​ធ្វើ​បាតុកម្ម។

0:00 / 0:00

ការ​បួង​សួង​សុំ​សេចក្ដី​សុខ​សន្តិភាព យុត្តិធម៌ បាន​ធ្វើ​ឡើង​នៅ​លើ​វេទិកា​ធ្វើ​បាតុកម្ម​អហិង្សា នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី៧ កញ្ញា ឆ្នាំ​២០១៣។

តំណាង​សាសនា​ទាំង​បី មាន​សាសនា​ព្រះពុទ្ធ ឥស្លាម និង​តំណាង​សាសនា​គ្រិស្ដ បាន​បួង​សួង​ដូច​គ្នា សុំ​ឲ្យ​មេ​ដឹក​នាំ​ខ្មែរ​កុំ​ឲ្យ​បែក​បាក់​គ្នា និង​សុំ​ឲ្យ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត ទៅ​លើ​លទ្ធផល​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី២៨ កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ។

តំណាង​សាសនា​គ្រិស្ដ បាន​ថ្លែង​ទៅ​កាន់​ក្រុម​បាតុករ​ថា ការ​រួប​រួម​គ្នា​ដើម្បី​ទាមទារ​យុត្តិធម៌ និង​សន្តិភាព គឺ​ជា​បំណង​របស់​ព្រះ។ លោក​បញ្ជាក់​ថា ការ​រួប​រួម​គ្នា​ងើប​ឈរ​ឡើង គឺ​កើត​ចេញ​ពី​អំពើ​អយុត្តិធម៌ ដែល​ប្រជាពលរដ្ឋ​គ្រប់​រូប​មិន​អាច​ទប់​នឹង​ការ​ឈឺ​ចាប់​បាន។

តំណាង​សាសនា​គ្រិស្ដ​រូប​នេះ បន្ថែម​ថា ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ក្នុង​ពេល​នេះ គឺ​សំខាន់​ណាស់ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​រដ្ឋាភិបាល​យល់​ព្រម​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ត្រួត​ពិនិត្យ​លទ្ធផល​បោះ​ឆ្នោត គឺ​ជា​ការ​បញ្ចប់​បញ្ហា ពីព្រោះ​ថា មនុស្ស​រស់នៅ​លើ​លោក​គ្រប់​រូប អ្វី​ដែល​ចង់​បាន និង​ចង់​ដឹង​នោះ គឺ​ការ​ពិត និង​យុត្តិធម៌។

បន្ថែម​ពី​លើស​នេះ​ទៀត ពាក្យ​ថា​យុត្តិធម៌ និង​សំឡេង​ឆ្នោត​ខ្ញុំ​នៅ​ឯណា ក្រុម​បាតុករ​បាន​ស្រែក​ព្រមៗ​គ្នា ពាក្យ​ទាំង​នេះ​មាន​ទាំង​សរសេរ​ជា​បដា​ទៀត​ផង។ ក្រុម​អ្នក​ចូល​រួម​ធ្វើ​បាតុកម្ម​អហិង្សា​ទាំងអស់ ឲ្យ​ដឹង​ថា អ្វី​ដែល​ពួក​គាត់​ចង់​បាន គឺ​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុង​ការ​ចូល​រួម​ធ្វើ​បាតុកម្ម​អហិង្សា ដោយ​គ្មាន​ការ​រារាំង និង​ការ​ទប់ស្កាត់ និង​គ្មាន​ផ្ទុះ​អំពើ​ហិង្សា​អ្វី​កើត​ឡើង​នៅ​ពេល​ធ្វើ​បាតុកម្ម។ ក្រុម​បាតុករ​ទាំង​នោះ​បាន​លើក​ឡើង​ថា ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ ជា​រឿង​សំខាន់​មួយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​យុត្តិធម៌​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ដ៏​សំខាន់​នេះ។

នៅ​លើ​វេទិកា​នោះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​ថា ការ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា នេះ គឺ​កម្ពុជា បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​មួយ​ថ្មី​សម្រាប់​សង្គម​កម្ពុជា ការ​ធ្វើ​បាតុកម្ម​អហិង្សា​ដែល​គណបក្ស​ប្រឆាំង​ទាមទារ​ចង់​បាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ដែល​គណបក្ស​ប្រឆាំង​ខំ​កសាង​ប្រជាពលរដ្ឋ​នោះ គឺ​វប្បធម៌​អហិង្សា។

ដោយ​ឡែក អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វិញ លោក កឹម សុខា បាន​លើក​ឡើង​ថា អ្នក​កាន់​សាសនា​ទាំងអស់​នៅ​ថ្ងៃ​ទី៧ កញ្ញា នេះ មិន​ថា​អ្នក​កាន់​សាសនា​ព្រះពុទ្ធ សាសនា​គ្រិស្ដ និង​អ្នក​កាន់​សាសនា​ឥស្លាម នោះ​ទេ ការ​មក​ចូល​រួម​ធ្វើ​បាតុកម្ម​នេះ គឺ​ទាមទារ​នូវ​យុត្តិធម៌​ពិត មិន​មែន​យុត្តិធម៌​ក្លែង​ក្លាយ​នោះ​ទេ។

ម្យ៉ាង​វិញ​ទៀត តំណាង​អ្នក​កាន់​សាសនា​ឥស្លាម វិញ បាន​ពន្យល់​ថា ការ​កសាង​អំពើ​ល្អ វប្បធម៌​អហិង្សា និង​យុត្តិធម៌​នោះ គឺ​ជា​កាតព្វកិច្ច​របស់​អ្នក​កាន់​សាសនា​ឥស្លាម ទាំង​ឡាយ ត្រូវ​តែ​បំពេញ។ លើស​ពី​នេះ​ទៀត ព្រះ​អល់ឡោះ​មាន​យុត្តិធម៌​សម្រាប់​មនុស្ស​គ្រប់​រូប ផ្ទុយ​ទៅ​វិញ មនុស្ស​លោក​ទេ​ដែល​បង្ក​ឲ្យ​មាន​អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម​នោះ។ លោក​បញ្ជាក់​ថា ការ​ចូល​រួម​ធ្វើ​បាតុកម្ម​អហិង្សា​នេះ គឺ​មិន​ប្រកាន់​ពូជ​សាសន៍ និន្នាការ​សាសនា ជា​ការ​ឆ្លុះ​បញ្ចាំង​ថា ប្រជាពលរដ្ឋ​ទាំងអស់​រួប​រួម​គ្នា​ដើម្បី​ទាមទារ​យុត្តិធម៌ ពិសេស​គឺ​យុត្តិធម៌​លើ​លទ្ធផល​បោះ​ឆ្នោត។

បន្ថែម​ពី​លើ​នេះ​ទៀត ក្រុម​បាតុករ​បាន​លើក​ឡើង​ថា ការ​រីក​ចម្រើន​ផ្នែក​សាសនា​ទៅ​បាន​នោះ លុះត្រា​ណា​ជាតិ​មាន​ការ​រីក​ចម្រើន និង​រុងរឿង​ដែរ ទើប​សាសនា​មាន​ការ​រីក​ចម្រើន​ទៅ​បាន។ ហើយ​ការ​ទាមទារ​របស់​ពួក​គាត់​នៅ​ពេល​នេះ ដើម្បី​ឲ្យ​ជាតិ​មាន​ការ​រីក​ចម្រើន តាម​រយៈ​យុត្តិធម៌​សង្គម និង​យុត្តិធម៌​ក្នុង​ការ​បោះ​ឆ្នោត​ជាដើម។

អ្នក​ចូល​រួម​ធ្វើ​បាតុកម្ម​បាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា ថ្ងៃ​ទី៧ កញ្ញា នេះ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​សង្គម​កម្ពុជា ពីព្រោះ​ថា ប្រទេស​កម្ពុជា ជា​សង្គម​ប្រជាធិបតេយ្យ ដូច្នេះ​អ្នក​កាន់​សាសនា​ផ្សេង​គ្នា​ទាំងអស់​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​បញ្ចេញ​មតិ។

ការ​ធ្វើ​បាតុកម្ម​អហិង្សា​នេះ មាន​ព្រះសង្ឃ​ជាច្រើន​រយ​អង្គ​និមន្ត​មក​ពី​វត្ត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​និមន្ត​មក​ពី​តាម​បណ្ដា​ខេត្ត​មក​ចូល​រួម ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព និង​ទាមទារ​យុត្តិធម៌​នៃ​លទ្ធផល​បោះ​ឆ្នោត​នេះ។

ព្រះសង្ឃ​សុំ​មិន​បញ្ចេញ​ព្រះនាម និមន្ត​មក​ពី​ខេត្ត​កណ្ដាល មាន​ព្រះ​ថេរ​ដីកា​ថា តំណាង​ការ​ចូល​រួម​ធ្វើ​បាតុកម្ម​អហិង្សា​ដែល​មាន​អ្នក​កាន់​សាសនា​ផ្សេងៗ​នេះ ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​សាមគ្គី​គ្នា ដើម្បី​ទាមទារ​សន្តិភាព និង​យុត្តិធម៌។ ព្រះតេជព្រះគុណ សង្កត់​ធ្ងន់​ថា ពាក្យ​ថា​សាសនា​ជា​ការ​ទូន្មាន​ឲ្យ​មនុស្ស​ទាំង​ឡាយ​ប្រព្រឹត្ត​អំពើ​ល្អ។

ប្រធាន​ផ្នែក​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា ការ​ចូល​រួម​របស់​តំណាង​អ្នក​កាន់​សាសនា​ទាំង​នេះ ជា​ការ​ស​ឲ្យ​ឃើញ​ថា គ្រប់​អ្នក​កាន់​សាសនា​ទាំងអស់​ចង់​បាន​សន្តិភាព និង​យុត្តិធម៌។ លោក​បញ្ជាក់​ថា បញ្ហា​នេះ​ជា​សារ​ដ៏​ល្អ​មួយ​សម្រាប់​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ទៅ​លើ​ករណី​ទាំង​នេះ។

តំណាង​អ្នក​កាន់​សាសនា​ទាំង​នេះ បាន​ពន្យល់​ថា ការ​ផ្ទុះ​ធ្វើ​បាតុកម្ម​នានា​នោះ កើត​ចេញ​ពី​អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម។ ហើយ​អំពើ​អយុត្តិធម៌​នោះ មនុស្ស​ជា​អ្នក​ប្រព្រឹត្តិ​ឡើង ប៉ុន្តែ​អ្នក​ប្រព្រឹត្តិ​អំពើ​អយុត្តិធម៌​នោះ បើ​មិន​កែប្រែ​ខ្លួន​ទេ ឬ​ក៏​ផ្ដល់​ភាព​យុត្តិធម៌​វិញ​ទេ នឹង​ទទួល​ទោស​ពី​ព្រះ និង​ទទួល​ទោស​ពី​ច្បាប់​រដ្ឋ​ទៅ​តាម​ទម្ងន់​ទោស​ដែល​គេ​បាន​ប្រព្រឹត្ត ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​នៃ​ប្រទេស​នីមួយៗ និង​អាស្រ័យ​ទៅ​លើ​កំហុស​ដែល​បុគ្គល​នោះ​បាន​សាង។ ម្យ៉ាង​ទៀត ភាព​យុត្តិធម៌​ជា​មូលដ្ឋាន​គ្រឹះ​នៃ​អហិង្សា និង​សន្តិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។