មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ចង់​ឃើញ​បក្ស​ទាំង​ពីរ​ដោះស្រាយ​វិបត្តិ​នយោបាយ​ដោយ​ការ​ចរចា

ដោយ ប្រាជ្ញ ចេវ
2016-10-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក ដានីញែល រ៉ាស្សែល (Daniel R. Russel) (ឆ្វេង) ក្នុង​ជំនួប​ជាមួយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា (ស្ដាំ) នៅ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​នេះ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Brach Chev
ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក ដានីញែល រ៉ាស្សែល (Daniel R. Russel) (ឆ្វេង) ក្នុង​ជំនួប​ជាមួយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា (ស្ដាំ) នៅ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​នេះ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

មន្ត្រី​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចង់​ឃើញ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ដោះស្រាយ​វិបត្តិ​នយោបាយ​ដោយ​សន្តិវិធី​តាម​រយៈ​ការ​ចរចា។ អ្នក​វិភាគ និង​គណបក្ស​ប្រឆាំង យល់ស្រប​ទៅ​នឹង​ការ​លើក​ឡើង​បែប​នេះ ខណៈ​បក្ស​កាន់​អំណាច​ប្រកែក​មិន​ចរចា​ជាមួយ​បក្ស​ប្រឆាំង។

វិបត្តិ​នយោបាយ​នៅ​កម្ពុជា ជំរុញ​ឲ្យ​ប្រទេស​មហា​អំណាច​គិតគូរ​ខ្វាយខ្វល់ និង​ចង់​ឃើញ​គណបក្ស​ដែល​មាន​អាសនៈ​ទាំង​ពីរ​នៅ​រដ្ឋសភា ជជែក​រក​ដំណោះស្រាយ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែង​ក្រោយ​ជំនួប​រវាង​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក លោក ដានីញែល រ៉ាស្សែល (Daniel R. Russel) ជាមួយ​លោក កឹម សុខា ថា លោក​ឧបការី​លើក​ឡើង​ពី​ស្ថានភាព​នយោបាយ និង​ដំណោះស្រាយ។ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យ​ដឹង​ទៀត​ថា លោក ដានីញែល រ៉ាស្សែល បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រសិន​បើ​ក្បាល​ម៉ាស៊ីន​បក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី អវត្តមាន និង​គ្មាន​ការ​ឃោសនា​ដោយ​សេរី​របស់​លោក កឹម សុខា មុន​ការ​បោះឆ្នោត​នោះ គឺ​ជា​ការ​ពិបាក​ក្នុង​ការ​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ៖ «យើង​តែងតែ​មាន​សង្ឃឹម ពីព្រោះ​គាត់ (ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក លោក ដានីញែល រ៉ាស្សែល) ក៏​លើក​ដែរ​ថា ដំណោះស្រាយ​គឺ​ការ​ជជែក​តាម​វប្បធម៌​សន្ទនា»

ការ​លើក​ឡើង​របស់​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក លោក ដានីញែល រ៉ាស្សែល (Daniel R. Russel) បែប​នេះ ក្រោយ​ពេល​មន្ត្រី​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​រូប​នេះ ជួប​ជាមួយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​នេះ នា​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៧ ខែ​តុលា។

ក្រៅ​ពី​ជួប​ប្រធាន​ស្តីទី​បក្ស​ប្រឆាំង នៅ​ថ្ងៃ​ដដែល​នេះ លោក ដានីញែល រ៉ាស្សែល ក៏​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន ដែរ។ អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី បញ្ជាក់​ពី​ខ្លឹមសារ​នៃ​ជំនួប​នោះ​បាន​ទេ

ចំណែក​លោក កឹម សុខា ថ្លែង​ក្នុង​ជំនួប​នេះ​ដោយ​អរគុណ​ដល់​សហរដ្ឋ​អាមេរិក ដែល​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា។

លោក ដានីញែល រ៉ាស្សែល ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​កាសែត​យ៉ាង​ខ្លី​ក្រោយ​ជំនួប​ថា ជំនួប​នេះ​គឺ​ជា​ការ​សន្ទនា និង​សំណេះសំណាល​គ្នា។

អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា យល់ស្រប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក ដែល​ចង់​ឃើញ​អ្នក​នយោបាយ​ខ្មែរ​បញ្ចប់​ជម្លោះ​ដោយ​ការ​ចរចា។ លោក​យល់​ថា ប្រសិន​បើ​នៅ​ពេល​នេះ​មិន​អាច​មាន​ដំណោះស្រាយ​នយោបាយ ដើម្បី​បញ្ចប់​ជម្លោះ​នោះ នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​រង​ការ​គំរាម​កំហែង រង​ការ​បំភិត​បំភ័យ និង​ត្រូវ​រឹតត្បិត​សិទ្ធិ​សេរីភាព ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​គ្មាន​ភាព​ប្រក្រតី៖ «ទាំងអស់​នេះ​ហើយ​ដែល​យើង​ហៅ​ថា​វិបត្តិ​នយោបាយ ដែល​ឈាន​ទៅ​ដល់​ការ​បោះឆ្នោត​មួយ​ដែល​យើង​គិត​ថា​គ្មាន​ភាព​ត្រឹមត្រូវ ដោយសារ​តែ​ភាគី​មួយ​ចំនួន​ត្រូវ​បាន​ផាត់​ចេញ​ពី​ទីលាន​នយោបាយ»

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី គណបក្ស​កាន់​អំណាច​នៅ​តែ​រក្សា​ជំហរ​មិន​ចរចា​នយោបាយ ខណៈ​សំណុំ​រឿង​មួយ​ចំនួន​ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ប្រធាន អនុប្រធាន និង​មន្ត្រី​បក្ស​ប្រឆាំង។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា មិន​មែន​តែ​សហរដ្ឋ​អាមេរិក មួយ​ទេ​ដែល​ចង់​ឃើញ​ការ​ចរចា​គ្នា​រវាង​គណបក្ស​ទាំង​ពីរ សហគមន៍​អន្តរជាតិ​ផ្សេង​ទៀត ក៏​ស្នើសុំ​ដូច​គ្នា​នេះ​ដែរ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ប្រកាន់​ជំហរ​មិន​ចរចា ដោយ​លោក​ពន្យល់​ថា ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ​គ្មាន​វិបត្តិ។ ដូច្នេះ គណបក្ស​ប្រជាជន​កម្ពុជា មិន​ចាំបាច់​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ទេ៖ «គឺ​មិន​មាន​ទំនាស់​អ្វី​រវាង​គណបក្ស​ទាំង​ពីរ​ទេ គឺ​ដូច្នេះ​ហើយ​ការ​ជួប​ចរចា​នៅ​ក្នុងពេល​បច្ចុប្បន្ន វា​មិន​ចាំបាច់​ទេ»

បក្ស​ប្រឆាំង​រំពឹង​ថា វត្តមាន​របស់​លោក​ឧបការី គឺ​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ជំរុញ​ឲ្យ​មាន​ការ​ជជែក​រវាង​គណបក្ស​ទាំង​ពីរ។

អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា ចោទ​ប្រកាន់​ថា គណបក្ស​នយោបាយ​ណា​ប្រកាន់​ជំហរ​មិន​ចរចា ជា​គណបក្ស​នយោបាយ​គិត​តែ​ផល​ប្រយោជន៍​បក្ស មិន​គិត​ពី​ផល​ប្រយោជន៍​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

well, well here is the evidence of Sok Eysan repeatedly lying said about Cambodia has no issue between the two parties. read this "រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន ថ្លែង​នៅ​ឯ​ក្រសួង​ការបរទេស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៦។
RFA/Sorn Chanratha

​មន្ត្រី​រដ្ឋាភិបាល​បង្ហើប​ប្រាប់​មន្ត្រី​អាមេរិក​ថា ដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​នឹង​មាន​ក្នុង​ពេល​ឆាប់ៗ។" now is it any laws to prosecute this Sok Eysan of lying intention of breaking Khmer apart.

Oct 28, 2016 03:25 AM

គេហទំព័រ​ទាំងមូល