អ្នក​វិភាគ​មួយ​ចំនួន​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​កោះ​ហៅ​បក្ស​ធំ​២​ជួប​ចរចា

ក្រុម​អ្នក​វិភាគ​សង្គម និង​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា បាន​ស្នើ​ទៅ​ព្រះមហាក្សត្រ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី សុំ​ព្រះរាជ​អន្តរាគមន៍​របស់​ព្រះអង្គ ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​កំពុង​ជាប់​គាំង​សព្វថ្ងៃ។ សេចក្តី​ស្នើ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មិន​មាន​ការ​ចរចា​ស្វែង​រក​ដំណោះស្រាយ​របស់​គណបក្ស​នយោបាយ​ទាំង​ពីរ និង​ក្នុង​ពេល​ដែល​អំពើ​ហិង្សា​កំពុង​ផ្ទុះ​ឡើង​រវាង​កម្មករ និង​កង​កម្លាំង​អាជ្ញាធរ​រដ្ឋាភិបាល។

0:00 / 0:00

អ្នក​វិភាគ​ឯករាជ្យ​សង្គម និង​នយោបាយ​នៅ​កម្ពុជា រួម​មាន លោក​បណ្ឌិត ឡៅ ម៉ុងហៃ លោក​បណ្ឌិត សុខ ទូច និង​លោក​បណ្ឌិត កែម ឡី បាន​ស្នើ​ទៅ​ព្រះមហាក្សត្រ យាង​ព្រះអង្គ​ចេញ​ព្រះ​ភ័ក្ត្រ​ដោះស្រាយ​វិបត្តិ​ស្រុក​ទេស​នា​ពេល​បច្ចុប្បន្ន។

នៅ​ក្នុង​លិខិត​ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ ចុះ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ បណ្ឌិត​ទាំង​៣ បាន​គោរព​យាង​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រះ​មេត្តា​អញ្ជើញ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ចរចា​គ្នា​ក្រោម​ព្រះរាជា​ធិបតី​ភាព​នៃ​ព្រះអង្គ​ផ្ទាល់ ក្នុង​ពេល​វេលា​ដ៏​ឆាប់​បំផុត។

ការ​ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ព្រះមហាក្សត្រ​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ពេល​ដែល​អំពើ​ហិង្សា​កំពុង​ផ្ទុះ​ឡើង និង​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស និង​ស្លាប់​ជា​បន្តបន្ទាប់ និង​កើត​មាន​ភ្លាមៗ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ដោះស្រាយ​បញ្ហា​នយោបាយ​បាន​តាម​រយៈ​ការ​ចរចា។ អ្នក​វិភាគ​ទាំង​៣ បាន​ទួល​ថ្វាយ​ព្រះមហាក្សត្រ​ថា ចំពោះ​មុខ ព្រឹត្តិការណ៍​ដ៏​សែន​រន្ធត់​នេះ ប្រទេស​កម្ពុជា ពិត​ជា​ត្រូវ​ការ​ជា​បន្ទាន់​នូវ​ព្រះរាជ​តួនាទី​ដែល​មិន​អាច​ខ្វះ​បាន​របស់​ព្រះអង្គ ដើម្បី​គង់​ជា​អាជ្ញា​កណ្ដាល និង​ជា​និមិត្ត​រូប​ឯកភាព​ជាតិ ដូច​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

លោក​បណ្ឌិត កែម ឡី អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម បាន​មាន​ប្រសាសន៍​ថា ក្នុង​កាលៈទេសៈ​ប្រទេស​ជាតិ​មាន​បញ្ហា ឬ​មាន​អស្ថិរភាព​ច្បាប់​រដ្ឋធម្មនុញ្ញ​តម្រូវ​ឲ្យ​ព្រះមហាក្សត្រ ធានា​នូវ​ស្ថិរភាព​សង្គម និង​មាន​ព្រះរាជ​តួនាទី​ជា​អាជ្ញា​កណ្ដាល ដើម្បី​ដោះស្រាយ​បញ្ហា​ស្រុក​ទេស៖ «ស៊ិនណារីយ៉ូ (scenario) ដែល​ល្អ​សម្រាប់​ដំណោះស្រាយ​នយោបាយ​ក្នុង​ពេល​បច្ចុប្បន្ន ប្រសិន​ជា​ព្រះអង្គ​លើក​ឡើង​ឲ្យ​គណបក្ស​ទាំង​ពីរ​ទទួល ខ្ញុំ​គិត​ថា គណបក្ស​ទាំង​២ ពិបាក​នឹង​ប្រកែក វា​លែង​តែ​ស៊ិនណារីយ៉ូ នោះ​វា​លម្អៀង​ខាង​ផ្នែក​នយោបាយ​ទៅ​បក្ស​នយោបាយ​ណា​មួយ ក៏ប៉ុន្តែ​ប្រសិន​បើ​ស៊ិនណារីយ៉ូ នោះ​ស្ថិត​នៅ​ក្នុង​ជំហរ​ឯករាជ្យ​បំផុត នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន យក​ប្រជារាស្ត្រ​ជា​ធំ​ជា​ជាង​យក​អ្នក​មាន​អំណាច​ជា​ធំ សុខ​ចិត្ត​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រជារាស្ត្រ ជា​ជាង​ទទួល​ខុស​ត្រូវ​ចំពោះ​រាជបល្ល័ង្គ ខ្ញុំ​គិត​ថា ព្រះអង្គ​មាន​តួនាទី​អាច​ដោះស្រាយ​បាន»

គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​សម្រេច​ផ្អាក​គម្រោង​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ ការ​សម្រេច​ចិត្ត​របស់​គណបក្ស​ប្រឆាំង​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កង​កម្លាំង​អាជ្ញាធរ​រដ្ឋាភិបាល បាន​ប្រើ​ហិង្សា​វាយ​បង្ក្រាប​លើ​ក្រុម​កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ ដែល​ធ្វើ​ឲ្យ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល។ គណបក្ស​ប្រឆាំង​បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា ថា បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង ចុះ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ ដែល​គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា នឹង​ជៀសវាង​នូវ​អំពើ​ហិង្សា។

កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​នៅ​មុខ​រោងចក្រ យ៉ាក ជីន ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ កម្លាំង​អាជ្ញាធរ​នៃ​កង​អន្តរាគមន៍​ពិសេស​ទ័ព​ឆត្រ​យោង​លេខ​៩១១ បាន​វាយ​បង្ក្រាប​ទៅ​លើ​កម្មករ​មន្ត្រី​សង្គម​ស៊ីវិល និង​ព្រះសង្ឃ​ឲ្យ​មាន​របួស។ ក្នុង​នោះ ព្រះសង្ឃ មន្ត្រី​សង្គម​ស៊ីវិល និង​កម្មករ ១៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន។ ចំណែក​ការ​ប៉ះ​ទង្គិច​នៅ​ថ្ងៃ​ទី​៣ ខែ​មករា លើ​ផ្លូវ​វ៉េងស្រេង បាន​បណ្ដាល​ឲ្យ​កម្មករ ៤​នាក់ បាត់​បង់​ជីវិត និង​មនុស្ស​ច្រើន​នាក់​ផ្សេង​ទៀត​រង​របួស។

ជុំវិញ​ការ​ប្រើ​អំពើ​ហិង្សា​នេះ អង្គការ​សមាគម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក និង​សហជីព​មួយ​ចំនួន ដូច​ជា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អង្គការ​លីកាដូ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ សមាគម​អាដហុក និង​សម្ព័ន្ធ​សហព័ន្ធ​សហជីព សមាគម​ទាំង​១៤ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ ថ្កោលទោស​ចំពោះ​ការ​ប្រើ​ហិង្សា​របស់​អាជ្ញាធរ​រដ្ឋាភិបាល​លើ​ប្រជាពលរដ្ឋ និង​បាន​ស្នើ​ឲ្យ​កម្លាំង​អាជ្ញាធរ និង​កម្មករ បង្កើន​ភាព​អត់ធ្មត់។

អង្គការ​សមាគម​ទាំង​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បង្កើត​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ឲ្យ​បាន​ឆាប់​រហ័ស រក​មុខ​ជន​ដៃដល់ និង​អ្នក​បញ្ជា​នៅ​ពី​ក្រោយ ដើម្បី​នាំ​ខ្លួន​ពួក​គេ​ទៅ​តុលាការ។ ស្ថាប័ន​សិទ្ធិ​មនុស្ស​ទាំង​នេះ ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវ​ធានា​សុវត្ថិភាព​ពលរដ្ឋ​ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន និង​ត្រូវ​អនុញ្ញាត​ឲ្យ​ពួក​គេ​ទទួល​បាន​ការ​ព្យាបាល​របួស​ឲ្យ​បាន​ត្រឹមត្រូវ។

ដោយ​ឡែក​នៅ​ថ្ងៃ​ទី​៣ មករា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​ផ្សាយ​កំណត់​ត្រា​សង្ខេប ស្ដីពី​ការ​ប្រើ​កម្លាំង​ហួស​ហេតុ​ពី​សំណាក់​កង​កម្លាំង​រក្សា​សន្តិសុខ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៣។ កំណត់​ត្រា​សង្ខេប​កម្រាស់ ១៤​ទំព័រ បង្ហាញ​ថា នៅ​ឆ្នាំ​២០១៣ មាន​បាតុកម្ម​ចំនួន​២៥ ត្រូវ​បាន​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ ដែល​បាន​ប្រើ​ដំបង​ឆក់ កាំភ្លើង ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក បំពង់​បាញ់​ទឹក និង​ដំបង ដើម្បី​បំបែក​ក្រុម​បាតុករ។ កំណត់​ត្រា​សង្ខេប​ក៏​បង្ហាញ​ដែរ​ថា ការ​បាញ់​បោះ​ពី​សំណាក់​កង​កម្លាំង​រក្សា​សន្តិសុខ ទៅ​លើ​បាតុកម្ម បាន​បណ្ដាល​ឲ្យ​មនុស្ស ២​នាក់​ស្លាប់ និង​បន្សល់​ទុក​ឲ្យ​មនុស្ស​ម្នាក់​ពិការ ហើយ ១៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស។ កំណត់​ត្រា​បង្ហាញ​ទៀត​ថា ចំនួន​បាតុករ​ជាច្រើន​ត្រូវ​បាន​វាយ​ដំ ក្នុង​នោះ​បាន​បណ្ដាល​ឲ្យ​ស្ត្រី ៣​នាក់​រងគ្រោះ ដោយសារ​រលូត​កូន​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។