អ្នក​វិភាគ៖ បក្ស​ទាំង​២​មិន​ទាន់​មាន​ឆន្ទៈ​ពិត​ប្រាកដ​បញ្ចប់​ជម្លោះ​នយោបាយ

0:00 / 0:00

ការ​ព្រមព្រៀង​គ្នា​របស់​គណៈកម្មការ​ចម្រុះ​នៃ​គណបក្ស​ទាំង​ពីរ​ចំនួន ១៤​ចំណុច កាល​ពី​ថ្ងៃ​ទី​១៧ មីនា នោះ ត្រូវ​បាន​អ្នក​វិភាគ និង​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​បាន​លើក​ឡើង​ថា ជា​ជំហាន​ដែល​គណបក្ស​ទាំង​ពីរ​ស្វែង​រក​ដំណោះស្រាយ​រួម​មួយ​នៅ​ពេល​ខាង​មុខ។ ក៏ប៉ុន្តែ កិច្ច​ព្រមព្រៀង​ទាំង​នេះ មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​បញ្ចប់​ជម្លោះ​នយោបាយ​ជាប់​គាំង​នេះ​ទេ។

ការ​ពិភាក្សា​គ្នា​របស់​តំណាង​គណបក្ស​ទាំង​ពីរ​អំពី​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា វា​ស្ថិត​នៅ​ក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ ដោយសារ​គណបក្ស​នយោបាយ​ទាំង​ពីរ​មិន​បាន​លើក​ពី​របៀបវារៈ​ច្បាស់​លាស់ ដើម្បី​ដោះស្រាយ​បញ្ចប់​ជម្លោះ​នយោបាយ។

ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា នៅ​ក្នុង​បរិបទ​នយោបាយ​បច្ចុប្បន្ន​នេះ គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​យក​របៀបវារៈ​អំពី​ដំណោះស្រាយ​នយោបាយ និង​មាន​ជំនួប​ថ្នាក់​កំពូល​វិញ​ប្រសើរ​ជាង ដើម្បី​បង្ហាញ​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មាន​ឆន្ទៈ​ចង់​បញ្ចប់​ជម្លោះ​នយោបាយ​ពិត​ប្រាកដ។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គណៈកម្មការ​ចម្រុះ​នៃ​គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ចំនួន ១៤​ចំណុច​នោះ ជា​លទ្ធផល​ល្អ​មួយ ដែល​ថា គណបក្ស​ទាំង​ពីរ​ចង់​កែ​ទម្រង់​ការ​បោះ​ឆ្នោត។ ក៏ប៉ុន្តែ លោក​បណ្ឌិត ហង្ស ពុទ្ធា បញ្ជាក់​ថា ខ្លឹមសារ​ការ​ចរចា​របស់​តំណាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ អត់​ត្រូវ​នឹង​បរិបទ​ជាប់​គាំង​បច្ចុប្បន្ន​នេះ​ទេ។

«សំឡេង»

គណៈកម្មការ​ចម្រុះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​គ្នា​ចរចា​បន្ត កាល​ពី​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​១០១៤ ដែល​បាន​ឯកភាព​គ្នា​ចំនួន ១៤​ចំណុច រួម​មាន ការ​រៀប​ចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត រៀបចំ​បង្កើត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ កំណែ​ទម្រង់​ស្ថាប័ន​បោះ​ឆ្នោត អព្យាក្រឹត្យ​ភាព​សុចរិត​ភាព​របស់​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​មធ្យោបាយ​ផ្សព្វផ្សាយ​របស់​គណបក្ស​នយោបាយ​យន្តការ​នៃ​ការ​ដោះស្រាយ​វិវាទ ការ​សង្កេត​ការណ៍​បោះ​ឆ្នោត អព្យាក្រឹត្យ​ភាព​នៃ​មន្ត្រី​រាជការ​កង​កម្លាំង​ប្រដាប់​អាវុធ កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត បទ​បញ្ជា និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត កែ​សម្រួល និង​ពង្រឹង​ទោស​បញ្ញត្តិ​នៅ​ក្នុង​ការ​បោះ​ឆ្នោត ការ​ឃោសនា​បោះ​ឆ្នោត ការ​បោះ​ឆ្នោត​មេ​ភូមិ និង​ចំណុច​ចុង​ក្រោយ គឺ​ការ​ស្ទង់​មតិ។

ទោះ​បី​ជា​តំណាង​គណបក្ស​នយោបាយ​បាន​ឯកភាព​គ្នា​លើ​របៀបវារៈ​ចំនួន ១៤​នេះ​ក្ដី ក៏ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​បាន​លើក​ឡើង​ថា របៀបវារៈ​ទាំង​នេះ​មិន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​ជម្លោះ​នយោបាយ​ទេ។ អ្នក​វិភាគ​បាន​សង្កត់​ធ្ងន់​ថា ការ​ជួប​គ្នា​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​នេះ ហាក់​បី​ដូច​ជា​ការ​ពន្យារ​ពេល​រឿង​ជាប់​គាំង​នយោបាយ​ទៅ​វិញ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ការ​យល់​ព្រម​គ្នា​ចំនួន ១៤​ចំណុច​នេះ គ្រាន់​តែ​ជា​របៀបវារៈ​ទេ ក៏ប៉ុន្តែ​លទ្ធផល​យ៉ាង​ណា​មិន​ទាន់​ដឹង​ច្បាស់​លាស់​នៅ​ឡើយ។ លោក​បញ្ជាក់​ថា គណបក្ស​ទាំង​ពីរ​ត្រូវ​ជ្រើស​រើស​យក​របៀបវារៈ​ណា​មួយ​មក​ជជែក មុន​នឹង​ជួប​គ្នា​ចរចា។

«សំឡេង»

តំណាង​គណៈកម្មការ​ចម្រុះ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​ទាំង​បី​លើក​កន្លង​ទៅ មិន​បាន​និយាយ​លម្អិត​ពី​ចំណុច​នីមួយៗ​ក្នុង​ប្រធាន​បទ​ដែល​បាន​ព្រមព្រៀង​គ្នា​ទាំង​១៤ នោះ​ទេ។ លោក​បន្ត​ថា ខ្លឹមសារ​លម្អិត​លើ​ចំណុច​ទាំងអស់​នឹង​ត្រូវ​គណៈកម្មការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៃ​បក្ស​ទាំង​ពីរ យក​មក​ពិភាក្សា និង​ចងក្រង​ជា​គោល​នយោបាយ​ក្របខ័ណ្ឌ​ច្បាប់ បន្ទាប់​ពី​ធ្វើ​សិក្ខា​សាលា​ប្រមូល​មតិ​យោបល់​ពី​ភាគី​ពាក់ព័ន្ធ​រួច​រាល់​នោះ។ លោក​បញ្ជាក់​ថា នៅ​ដំណាក់​កាល​ចុង​ក្រោយ គឺ​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ​ជា​អ្នក​សម្រេច​លើ​ការ​កែ​ទម្រង់​ទាំងអស់​នេះ។

«សំឡេង»

នៅ​ក្នុង​បរិបទ​នយោបាយ​ជាប់​គាំង​បច្ចុប្បន្ន​នេះ អ្នក​វិភាគ​សង្កត់​ធ្ងន់​ថា របៀបវារៈ​ដែល​សំខាន់​ត្រូវ​ដោះស្រាយ​មុន​គេ​ជា​ចាំបាច់​នោះ គឺ​ការ​ជជែក​គ្នា​កែប្រែ​សមាសភាព គ.ជ.ប និង​ការ​ជជែក​គ្នា​រក​ដំណោះស្រាយ​ការ​ជាប់​គាំង​នយោបាយ ពីព្រោះ​ថា ការ​ជាប់​គាំង​នយោបាយ​នេះ​ជា​រឿង​សំខាន់​ណាស់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​វិនិយោគ និង​ប្រជាពលរដ្ឋ​ទាំង​មូល។

បន្ថែម​ពី​លើ​បញ្ហា​នេះ លោក​បណ្ឌិត សុខ ទូច បាន​អះអាង​ថា ការ​កែ​ទម្រង់​ស្ថាប័ន គ.ជ.ប ជា​រឿង​សំខាន់ ព្រោះ​ថា ស្ថាប័ន គ.ជ.ប ជា​អ្នក​រៀប​ចំ​ការ​បោះ​ឆ្នោត​ហើយ​មាន​បញ្ហា យក​បញ្ហា​នោះ​ឲ្យ​ស្ថាប័ន គ.ជ.ប ដោះស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង​បាន​នោះ​ទេ ត្រូវ​បង្កើត​យន្តការ​មួយ​ដោយ​ដាក់​ឲ្យ​ស្ថាប័ន​ផ្សេង​ជា​អ្នក​ដោះស្រាយ​បញ្ហា​ដោយ​តម្លាភាព។

«សំឡេង»

នៅ​ក្នុង​ពេល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​គំរាម​ឈប់​ចរចា​ជាមួយ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា ជា​លើក​ទី​៣ ហើយ​សន្យា​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​មហា​បាតុកម្ម​បន្ត ប្រសិន​បើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែ​មិន​បង្ហាញ​ឆន្ទៈ​ស្មោះ​ត្រង់​ក្នុង​ការ​ចរចា ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ដែល​បាន​ជាប់​គាំង​អស់​ជាង​កន្លះ​ឆ្នាំ​មក​ហើយ​នោះ។

លោក សម រង្ស៊ី បាន​ផ្ដល់​សម្ភាស​ដល់​វិទ្យុ​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ថា បើ​សិន​ជា​ការ​ចរចា​នៅ​សប្ដាហ៍​ក្រោយ​គ្មាន​រក​ឃើញ​ផល​ប្រយោជន៍​ណា​មួយ​ទេ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រកាស​ធ្វើ​មហា​បាតុកម្ម និង​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ថា គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ឆន្ទៈ​ចរចា​ពិត​ប្រាកដ។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​ជជែក​គ្នា​លក្ខណៈ​បច្ចេកទេស​របស់​គណបក្ស​ទាំង​ពីរ​នេះ ត្រូវ​ប្រើ​ពេល​យ៉ាង​តិច​១​ឆ្នាំ​ដែរ ហើយ​ការ​ជជែក​គ្នា​បែប​នេះ​ខាត​ពេល​វេលា និង​បង្ហាញ​ពី​យន្តការ​បញ្ចប់​ជម្លោះ​នយោបាយ​ពិត​ប្រាកដ​ទេ។ លោក កែម ឡី បញ្ជាក់​ថា យន្តការ​ដោះស្រាយ​សំខាន់​នោះ គឺ​ថ្នាក់​ដឹកនាំ​កំពូល​ជួប​គ្នា និង​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​សិន បន្ទាប់​មក​បញ្ហា​បច្ចេកទេស​នេះ គណបក្ស​ទាំង​ពីរ​ត្រូវ​បង្កើត​អនុ​គណៈកម្មការ​ជំនាញ​នីមួយៗ ដើម្បី​ធ្វើ​កិច្ចការ​នេះ។

«សំឡេង»

ក្រុម​អ្នក​វិភាគ​បាន​ពន្យល់​ថា នៅ​ក្នុង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​នេះ​ឲ្យ​បាន​ឆាប់ ពីព្រោះ​ថា សហគមន៍​អន្តរជាតិ​នឹង​មិន​ផ្ដល់​ជំនួយ​ឲ្យ​រដ្ឋាភិបាល​ទេ ខណៈ​ជាប់​គាំង​នេះ។ ម្យ៉ាង​ទៀត អ្នក​វិនិយោគ​ក៏​មិន​ចូល​មក​បណ្ដាក់​ទុន ឬ​ចូល​មក​បង្កើន​ទុន​ដែល​មាន​ស្រាប់ ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា ទេ ហើយ​បញ្ហា​បែប​នេះ អ្នក​ដែល​ប៉ះពាល់ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ខ្លួន​ឯង ដែល​ទុក​ជំងឺ​ជម្លោះ​រ៉ាំរ៉ៃ​នយោបាយ​របស់​ខ្លួន​នេះ។ លើស​ពី​នេះ​ទៀត មុខ​មាត់​រដ្ឋាភិបាល​ត្រូវ​អាម៉ាស់​កាន់​តែ​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​កិច្ចការ​ការទូត​របស់​ខ្លួន ត្រូវ​ធ្លាក់​ចុះ និង​ការ​បាត់​បង់​ឱកាស​ក្នុង​ការ​ទទួល​ឥទ្ធិពល​ល្អ ក្នុង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​តម្លាភាព និង​ទាក់ទាញ​យក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។