អ្នក​វិភាគ​និង​និស្សិត​ចូលរួម​ពិភាក្សា​អំពី​បញ្ហា​ជាប់​គាំង​នយោបាយ

0:00 / 0:00

សាកលវិទ្យាល័យ​ខេមរៈ និង​ក្រុម​យុវជន​សតវត្ស​ទី​២១ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា រៀបចំ​វេទិកា​បណ្ឌិត​សភា​ចំហ​មួយ នៅ​សាកលវិទ្យាល័យ​ខេមរៈ ក្នុង​សង្កាត់​ភ្នំពេញថ្មី ដើម្បី​ពិភាក្សា​អំពី​របត់​នយោបាយ​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស អំពី​ការ​ធ្វើ​សម្បទាន​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នា​ពេល​បច្ចុប្បន្ន។

កិច្ច​ពិភាក្សា​នេះ មាន​ការ​ចូលរួម​ផ្តល់​យោបល់​ដោយ​ក្រុម​អ្នក​វិភាគ​ឯករាជ្យ និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ឡែក​គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​តំណាង​ចូលរួម​ឡើយ។

វេទិកា​បណ្ឌិត​សភា​ចំហ ដែល​ចូលរួម​ដោយ​ព្រះសង្ឃ និស្សិត និង​ពលរដ្ឋ​ប្រមាណ ៣០០​នាក់ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​អ្នក​នយោបាយ បង្ហាញ​ប្រាប់​ប្រជាពលរដ្ឋ ថា​តើ​ពួក​គេ​ដោះស្រាយ​យ៉ាង​ណា​ចំពោះ​នយោបាយ​ដែល​ជាប់​គាំង​ក្នុង​ពេល​បច្ចុប្បន្ន? ក្រៅ​ពី​នេះ វេទិកា​នេះ​ក៏​ផ្តល់​ឱកាស​ឲ្យ​អ្នក​វិភាគ​នយោបាយ អ្នក​វិភាគ​សង្គម បញ្ញវ័ន្ត និស្សិត ចូលរួម​ផ្តល់​ជា​មតិ​ទៅ​ឲ្យ​អ្នក​នយោបាយ ដើម្បី​ជួយ​ស្វែងរក​មធ្យោបាយ​ទម្លុះ​ភាព​ទាល់ច្រក ដែល​បាន​អូស​បន្លាយ​ជិត​មួយ​ឆ្នាំ​មក​ហើយ​នេះ។

វេទិកា​ពិភាក្សា​ដែល​ចូលរួម​ជា​វាគ្មិន​ដោយ​អ្នក​វិភាគ​ឯករាជ្យ ដូចជា លោក កែម ឡី លោក​បណ្ឌិត សុខ ទូច និង​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​ពិភាក្សា​លើ​ប្រធានបទ​មួយ​ចំនួន ដូចជា អំពី​ការ​ដាក់​បញ្ចូល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ជា​ស្ថាប័ន​ធម្មនុញ្ញ អំពី​យន្តការ​នៃ​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​នយោបាយ​ទាំង​២ អំពី​ភាព​វិជ្ជមាន និង​ភាព​អវិជ្ជមាន នៃ​ការ​មិន​បោះ​ឆ្នោត​មុន​អាណត្តិ អំពី​ការ​ផ្តល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​គណបក្ស​ប្រឆាំង និង​អំពី​ផល​ប៉ះពាល់​ផ្សេងៗ នៅ​ពេល​ដែល​អ្នក​នយោបាយ​ខ្មែរ​មិន​ត្រូវរ៉ូវ​គ្នា ជាដើម។

ទាក់ទង​នឹង​ការ​រៀបចំ​វេទិកា​ពិភាក្សា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា លោក​សប្បាយ​រីករាយ និង​គាំទ្រ​ចំពោះ​ការ​រៀបចំ​ឲ្យ​មាន​ការ​ពិភាក្សា​នេះ​ឡើង ព្រោះ​វា​ផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ ពិសេស​យុវជន​បាន​ដឹង​អំពី​ការ​វិវឌ្ឍ​នយោបាយ និង​បញ្ហា​ពិត​ជាក់ស្តែង​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស។

លោក យ៉ែម បុញ្ញឫទ្ធិ៖ «កម្មវិធី​នេះ​ល្អ​មែន​ទែន យើង​សង្កេត​ឃើញ​ថា សាកលវិទ្យាល័យ​ខេមរៈ លោក​តែង​តែ​រៀបចំ​ដើម្បី​ឲ្យ​មាន​ការ​ចូលរួម​ពី​យុវជន សិស្ស និស្សិត របស់​យើង ហើយ​សិស្ស​និស្សិត​ចូលរួម​មាន​ផល​ប្រយោជន៍​សំខាន់​នោះ គាត់​បាន​ជ្រាប​ពី​ព័ត៌មាន គាត់​អាច​បាន​សួរ ដើម្បី​ឲ្យ​បាន​ដឹង​ពី​ព័ត៌មាន​ពិត នៃ​សង្គម​របស់​យើង ហើយ​នៅ​ប្រទេស​ណា​ក៏ដោយ សំខាន់​ជា​ទីបំផុត គឺ​ការ​ចូលរួម​របស់​សិស្ស និស្សិត ហ្នឹង​តែ​ម្តង»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​រូប​នេះ សម្ដែង​ការ​សោកស្ដាយ​ដែល​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ឆ្លៀត​ឱកាស​ចូលរួម ដើម្បី​ជជែក​ជាមួយ​ព្រះសង្ឃ និស្សិត និង​បញ្ញវ័ន្ត ដើម្បី​ដោះស្រាយ​បញ្ហា​រួម​គ្នា។

សកលវិទ្យាធិការ និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច ដែល​រៀបចំ​ឲ្យ​មាន​វេទិកា​ពិភាក្សា​នេះ​ឡើង កត់​សម្គាល់​ថា វេទិកា​ប្រភេទ​នេះ​មិន​ត្រឹម​តែ​អាច​រួម​ចំណែក​ផ្តល់​គំនិត​បន្ថែម​ឲ្យ​អ្នក​នយោបាយ​នោះ​ទេ តែ​ថែម​ទាំង​ជួយ​ផ្តល់​ចំណេះ​ដឹង​ឲ្យ​និស្សិត ជាពិសេស គឺ​និស្សិត​ដែល​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ តែ​ម្តង។ លោក​អះអាង​ថា សាកលវិទ្យាល័យ​របស់​លោក​នឹង​បន្ត​រៀបចំ​វេទិកា​បែប​នេះ​ក្នុង​ពេល​ខាង​មុខ​ទៀត ជាពិសេស​នៅ​ពេល​ដែល​ប្រទេស​ជាតិ​មាន​បញ្ហា​តឹងតែង​ផ្នែក​នយោបាយ ហើយ​ដែល​អ្នក​នយោបាយ​មិន​អាច​រក​ដំណោះស្រាយ​បាន។

លោក​បណ្ឌិត សុខ ទូច៖ «យើង​ឃើញ​ថា ចូលរួម​នេះ​ទី​១ គឺ​និស្សិត​គាត់​បាន​ចំណេះ​ដឹង។ ទី​២ គាត់​អាច​ជំរុញ​នូវ​គំនិត​ល្អៗ​ទៅ​គណបក្ស​នយោបាយ ជួន​កាល​គាត់​ចេះ​តែ​យល់​ថា គាត់​គ្រប់​ជ្រុងជ្រោយ ប៉ុន្តែ​យើង​បាន​គំនិត​បន្ថែម ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អ្នក​នយោបាយ ធម្មតា​អ្នក​នយោបាយ​រក​ដំណោះស្រាយ​មិន​បាន កុំ​ឲ្យ​ថា អ្នក​នយោបាយ​អន់។ អ៊ីចឹង​ខាង​យើង​អ្នក​វិទ្យាសាស្ត្រ​ធ្វើ​ទៅ ហើយ​រុញ​គំនិត​ទៅ​អ្នក​នយោបាយ​វិញ»

វេទិកា​បណ្ឌិត​សភា​ចំហ​ពេល​នេះ ត្រូវ​បាន​រៀបចំ​ឡើង​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បរាជ័យ​មិន​អាច​ទម្លុះ​ភាព​ជាប់​គាំង​នយោបាយ​បាន ក្រោយ​ពី​មន្ត្រី​បច្ចេកទេស​មក​ពី​គណបក្ស​ទាំង​២ មិន​អាច​ស្វែងរក​ការ​ឯកភាព​គ្នា​លើ​ចំណុច​ជ្រើស​តាំង​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ដាក់​ស្ថាប័ន​នេះ​ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ ក្នុង​ពេល​ពួក​គេ​ជួប​ចរចា​គ្នា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា ដោយ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​បោះ​ឆ្នោត​អនុម័ត​ក្នុង​សភា​ដោយ​សំឡេង ២​ភាគ​៣ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​រក្សា​ការ​អនុម័ត​ដោយ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។