ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា ស្នើទៅរដ្ឋាភិបាល ប្រុងប្រយ័ត្នចំពោះទំនាក់ទំនងជាមួយប្រទេសថៃ ដោយលើកឡើងថា ភាគីថៃ តែងនិយាយផ្សេង ធ្វើផ្សេង។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាល ច្រានចោលការលើកឡើងបែបនេះ ដោយអះអាងថា ទំនាក់ទំនងរវាងកម្ពុជា កាន់តែមានដំណើរការល្អ។
ការលើកឡើងរបស់ក្រុមអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅពេលនេះ ខណៈព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន (MAHA CHAKRI SIRINDHORN) ព្រះរាជបុត្រីទីបីរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ យាងសម្ពោធមណ្ឌលសុខភាពនៅខេត្តរតនគិរី ប្រគល់អគារនៅខេត្តកំពង់ធំ និងវិទ្យាស្ថានបច្ចេកវិទ្យានៅខេត្តកំពង់ស្ពឺ។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ និយាយថា តាមប្រវត្តិកម្ពុជា និងថៃ គឺមិនដែលមានម្តងណាឡើយដែលភាគីថៃ ធ្វើតាមសម្ដីរបស់ខ្លួន។ ទាក់ទងជំនួយរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន លោក រស់ រ៉ាវុធ យល់ថា រដ្ឋាភិបាលកម្ពុជា គួរតាមដានសកម្មភាពសាងសង់វិទ្យាស្ថានបច្ចេកទេសនៅខេត្តកំពង់ស្ពឺ អគារនៅខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ជៀសវាងប៉ះពាល់វត្ថុបុរាណ ឬធនធានរ៉ែនៅតំបន់នោះ៖ «បើសិនណាគេផ្ដល់ជំនួយដោយស្មោះត្រង់ គួរតែប្រគល់កិច្ចការទាំងនោះមករដ្ឋាភិបាលកម្ពុជា ព្រោះកម្ពុជា នៅពេលនេះមានអ្នកជំនាញច្រើនណាស់ហើយ មិនចាំបាច់យកដីទៅពិសោធនៅស្រុកគេទេ»។
ថ្លែងនៅខេត្តកំពង់ស្ពឺ ក្នុងពិធីបើកការដ្ឋានសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន ឲ្យដឹងតាមរយៈអ្នកបកប្រែភាសាថា ការសាងសង់នេះ ជានិមិត្តរូបនៃការចាប់ផ្ដើមកិច្ចសហប្រតិបត្តិការម្តងទៀតនៃប្រទេសទាំងពីរ។ ព្រះអង្គម្ចាស់ក្សត្រិយ៍បន្តថា ប្រទេសទាំងពីរគួរតែថែរក្សាមិត្តភាពនេះឲ្យបានស្ថិតស្ថេរ៖ «ពិធីនៅថ្ងៃនេះ ជាការបង្ហាញឲ្យឃើញថា ការចាប់ផ្ដើមកិច្ចសហប្រតិបត្តិការម្ដងទៀតរបស់ប្រទេសយើងទាំងពីរ ហើយជាការបង្ហាញឲ្យឃើញសេចក្ដីស្រលាញ់ រាប់អាន មិនអាចបំភ្លេចបាន»។
អ្នកនាំពាក្យក្រសួងការបទេស លោក ជុំ សន្ទរី ឲ្យដឹងថា ជំនួយរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍នៃប្រទេសថៃ មហាចក្រី សិរិនថន មិនផ្តល់ជាថវិកាទេ គឺព្រះអង្គមានក្រុមការងារសាងសង់សាលា ឬអគារដែលជាជំនួយនោះ ហើយពេលធ្វើរួចរាល់ ទើបធ្វើពិធីប្រគល់ឲ្យមកកម្ពុជា។
ដោយឡែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងថៃ មិនមែនល្អតែសម្បកក្រៅទេ។ លោកអះអាងថា ដោយសារភាគីទាំងសងខាងត្រូវរ៉ូវគ្នា ទើបគ្មានសង្គ្រាមនៅតាមព្រំដែនដូចសព្វថ្ងៃនេះ៖ «យើង មើលសព្វថ្ងៃនេះ មានការជួយគ្នាទៅវិញទៅមករវាងស្ថាប័ននីតិប្រតិបត្តិ គឺរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាលបានល្អ។ ពេលនេះមានទំនាក់ទំនងស្ថាប័នរាជបល្ល័ង្ក និងរដ្ឋាភិបាលទៀត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលថ្លែងជាផ្លូវការក្នុងពិធីនោះ មិនបានថ្លែងឲ្យស៊ីជម្រៅពីមិត្តភាពកម្ពុជា-ថៃ នៃចំណងដៃដែលព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន ផ្តល់នៅពេលនេះទេ ប៉ុន្តែនៅលើគណនេយ្យសង្គមហ្វេសប៊ុក (Facebook)របស់លោក បានសរសេរថា ជំនួយទាក់ទងវិស័យអប់រំ និងសុខាភិបាលនៅពេលនេះ បានពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជា-ថៃ រឹតតែមានភាពល្អប្រសើរឡើង ព្រមទាំងបានផ្ដល់នូវផលប្រយោជន៍ជាច្រើនចំពោះប្រជាជននៃប្រទេសទាំងពីរទៀតផង។
ប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីវៈ យល់ថា មិត្តភាពរវាងកម្ពុជា និងថៃ នៅតែមានភាពផុយស្រួយ ខណៈប្រទេសទាំងពីរមិនទាន់បានដោះស្រាយបញ្ហាព្រំដែន និងប្រាសាទព្រះវិហារ។ លោក អ៊ូ វីរៈ ចង់ឃើញកម្ពុជា ឈរជើងស្មើគ្នាជាមួយថៃ ឬវៀតណាម ដោយមិនពឹងប្រទេសថៃ និងវៀតណាម៖«យើង មើលមែនទែន តំបន់ប្រាសាទព្រះវិហារ មិនទាន់បានដោះស្រាយទេ បើទោះជាមានសាលក្រម ប៉ុន្តែថៃ មិនទាន់គោរព ចុះទម្រាំតំបន់ផ្សេងទៀត ខ្ញុំមើលទៅកម្ពុជា-ថៃ នៅតែផុយស្រួយមែនទែន»។
កន្លងទៅ ប្រទេសកម្ពុជា និងថៃ ធ្លាប់ផ្ទុះអាវុធនៅតាមព្រំដែន ព្រោះបញ្ហាប្រាសាទព្រះវិហារ។
ព្រះអង្គម្ចាស់ក្សត្រីយ៍នៃប្រទេសថៃ មហាចក្រី សិរិនថន ធ្វើព្រះរាជទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
