អ្នកនយោបាយខ្មែរ បានប្រើប្រាស់យុទ្ធសាស្ត្រគំរាមកំហែងគូបដិបក្ខ និងការយកឈ្នះចាញ់គ្នាឥតឈប់ឈរ ទោះបីជាក្នុងពេលយុទ្ធនាការឃោសនា ឬក្រោយការបោះឆ្នោតក្ដី។ គណបក្សកាន់អំណាច បានបង្ហាញឥទ្ធិពលរបស់ខ្លួននៅគ្រប់កាលៈទេសៈ ដើម្បីគាបសង្កត់ទៅដៃគូប្រកួត។
ឥឡូវនេះ រដូវកាលបោះឆ្នោតមិនទាន់មកដល់ផង ស្រាប់តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសព្រមានចាប់ខ្លួនអ្នកនយោបាយណាដែលឃោសនាថា លុបបំណុលជូនប្រជាពលរដ្ឋនៅពេលខ្លួនឈ្នះឆ្នោត។ ការព្រមានបែបនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ជាការគាបសង្កត់ផ្នែកនយោបាយ។
អ្នកវិភាគចាត់ទុកការព្រមានចាប់ខ្លួនអ្នកនយោបាយ ដែលប្រើប្រាស់ការឃោសនាថាលុបបំណុលជូនប្រជាពលរដ្ឋនៅពេលឈ្នះឆ្នោតនោះ ថាជាសារនយោបាយមិនទទួលខុសត្រូវរបស់រដ្ឋាភិបាល ដោយសារថា បញ្ហាបំណុលប្រជាពលរដ្ឋជារឿងដ៏រសើបមួយនាពេលបច្ចុប្បន្ន។
ដ្បិតតែសេដ្ឋកិច្ចកម្ពុជា រដ្ឋាភិបាលបានសម្រេចគោលដៅកំណើនរបស់ខ្លួនជាបន្តបន្ទាប់គិតចាប់តាំងពីឆ្នាំ១៩៩៣ មកក្ដី ប៉ុន្តែរដ្ឋាភិបាលមិនទាន់ជោគជ័យលើការលុបបំបាត់ភាពក្រីក្រ និងបង្កើតការងារជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់នៅឡើយ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា តាមការស្រាវជ្រាវរបស់លោក រកឃើញថា ប្រជាពលរដ្ឋរស់នៅតាមភូមិនីមួយៗ គឺប្រមាណ ៨០% បានខ្ចីបំណុលធនាគារ។ លោកបញ្ជាក់ថា ការខ្ចីបំណុលនេះ មានបីប្រភេទ គឺទី១ ប្រជាពលរដ្ឋខ្ចីផ្ទាល់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ។ ទី២ ខ្ចីតាមរយៈការទិញសម្ភារៈកសិកម្មបង់រំលស់ និងទី៣ ខ្ចីពីក្រុមឈ្មួញកណ្ដាលដែលមានការប្រាក់ខ្ពស់៖ «បញ្ហាបំណុលនេះកាលណារុញកាន់តែខ្លាំង ផលវិបាកនឹងវិលមករករដ្ឋាភិបាលវិញ គឺរដ្ឋាភិបាលមិនទាន់ផ្ដល់លទ្ធភាពគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋ ឬវិធីសាស្ត្រក្នុងការរកស៊ីនៅជំនាន់សម័យថ្មីនេះទេ បើនិយាយពីកសិករវិញ គាត់ទិញឧបករណ៍កសិកម្មថ្លៃក៏ទិញយកមកប្រើដែរ ដោយសារគាត់គ្មានជម្រើស»។
លោក មាស នី លើកឡើងថា បញ្ហាបំណុលនេះជារឿងរសើបមួយ ហើយស្ងាត់ស្ងៀម មិនត្រូវបានគេនិយាយដូចករណីការការពារធនធានធម្មជាតិ ការកាប់ព្រៃឈើ និងបញ្ហាជម្លោះដីធ្លី ជាដើម ក៏ប៉ុន្តែនៅក្នុងរយៈពេលចុងក្រោយនេះ មានរបាយការណ៍ពីស្ថាប័នអន្តរជាតិ បានចេញពីចំនួនប្រជាពលរដ្ឋក្រីក្រនៅមានច្រើននៅឡើយ ហើយជំពាក់បំណុលគេ ដែលជំរុញឲ្យ លោក ហ៊ុន សែន បានប្រកាសព្រមានចាប់ខ្លួននៅនឹងកន្លែង ចំពោះអ្នកណាឃោសនាថានឹងលុបបំណុលជូនប្រជាពលរដ្ឋនោះ។
របាយការណ៍ធនាគារពិភពលោក (World Bank) បង្ហាញថា ប្រជាពលរដ្ឋជាង ៣លាននាក់មានជីវភាពក្រីក្រ ហើយជាង ៨លាននាក់ផ្សេងទៀតមានជីវភាពជិតក្រ មានន័យថា ចំនួនជាង ៨លាននាក់នេះ ងាយនឹងធ្លាក់មកក្រីក្រវិញ។ កម្ពុជា មានប្រជាពលរដ្ឋជាង ៤លានគ្រួសារ ក្នុងនោះគឺប្រមាណ ៨០% បានជំពាក់បំណុលគេ។
បញ្ហាបំណុលនេះ មិនមែនតែប្រជាពលរដ្ឋប៉ុណ្ណោះទេ សូម្បីតែរដ្ឋាភិបាលក៏ជំពាក់បរទេសច្រើនដែរ។ របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យដឹងថា បំណុលដែលកម្ពុជា ជំពាក់បរទេសគិតពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៤ មានចំនួនសរុបជាង ៧ពាន់លានដុល្លារសហរដ្ឋអាមេរិក (៧.១១៥,៧លានដុល្លារ) ដោយមិនគិតពីបំណុលចាស់ ឬហៅថាបំណុលជាមរតកផង។
អ្នកវិភាគលើកឡើងថា គ្រប់គណបក្សនយោបាយតែងតែសន្យានៅពេលឃោសនាបោះឆ្នោត ហើយការសន្យានេះ ក៏ពុំខុសច្បាប់អ្វីដែរ ប៉ុន្តែសំខាន់នៅត្រង់ថា ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនោះ ត្រូវរង់ចាំមើល និងតាមដានសកម្មភាពគណបក្សនយោបាយដែលបានសន្យានៅពេលឃោសនាបោះឆ្នោតនោះ ថាតើគណបក្សនោះគោរពតាមការសន្យាដែរឬអត់?
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា ការសន្យាណាមួយរបស់គណបក្សនយោបាយ គ្រាន់តែជាការទាញយកប្រជាប្រិយភាពរបស់ខ្លួនតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋខ្ចីលុយពីធនាគារ ក៏មិនមែនខ្ចីដោយសារតែការសន្យារបស់អ្នកនយោបាយ ហើយរំពឹងលើអ្នកនយោបាយសងជំនួសវិញដែរ។ ប្រជាពលរដ្ឋជំពាក់បំណុលគេ គឺមកពីមានតម្រូវការជាក់ស្ដែង ក្នុងនោះខ្ចីដើម្បីយកមកដោះស្រាយជីវភាព និងយកមកធ្វើជាដើមទុនប្រកបអាជីវកម្ម៖«គាត់ខ្ចីបំណុលដើម្បីធ្វើចំណាកស្រុកធ្វើសោហ៊ុយ ដើម្បីរកការងារនៅបរទេស ដំណោះស្រាយគឺគួរតែធ្វើយ៉ាងណាដើម្បីជួយពួកគាត់ទៅវិញ ក្នុងការកាត់បន្ថយការខ្ចីលុយគេ និងការរកដំណោះស្រាយ ដើម្បីបញ្ឈប់ការធ្វើចំណាកស្រុក»។
ការលើកឡើងរបស់ក្រុមអ្នកវិភាគនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសព្រមានចាប់ខ្លួននៅនឹងកន្លែងកាលពីថ្ងៃទី១៤ មីនា ចំពោះអ្នកណាធ្វើនយោបាយបែបប្រជាភិថុតិ លោក ហ៊ុន សែន ក៏អំពាវនាវឲ្យប្រជាពលរដ្ឋឈប់ចាញ់បោកបក្សនយោបាយ ដោយអះអាងថា ទង្វើនេះជាការល្មើសច្បាប់ខុសពីបទបញ្ញត្តិផ្នែកហិរញ្ញវត្ថុ ដែលធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ល្មើសនឹងមាត្រាណានោះទេ៖ « សូមផ្ដាំទៅបក្សនយោបាយនានា សូមកុំធ្វើអំពើថោកទាបដើរទៅបោកប្រជាពលរដ្ឋ ថាបើសិនជាឈ្នះឆ្នោត គឺគេនឹងលុបចោលនូវបំណុល។ ខ្ញុំថាសកម្មភាពបែបនេះ ឃាត់ឲ្យជាប់ចាប់ខ្លួនតែម្ដង ហ្អែងធ្វើនយោបាយឆ្កួតទេ ? អានេះជាការបំពានលើបញ្ញត្តិហិរញ្ញវត្ថុនិយាយអ៊ីចឹងម៉ង។ ចាប់ខ្លួននៅនឹងកន្លែង តំណាងរាស្ត្រក៏ត្រូវចាប់ដែរ ព្រោះចាប់លើបទល្មើសជាក់ស្ដែង។ និយាយអ៊ីចឹងថាគំរាមគេទៀតហើយ ប៉ុន្តែអានេះជាបទល្មើសជាក់ស្ដែង ដែលអ្នកឯងទៅប្រព្រឹត្តវាហួសហេតុពេក ដើម្បីតែចំណេញនយោបាយបោកប្រាស់ប្រជាពលរដ្ឋ »។
ឆ្លើយតបនឹងករណីនេះ ប្រធានគណបក្សជាតិខ្មែរ ដែលជាគណបក្សថ្មី លោកបណ្ឌិត ហ៊ាង ឫទ្ធី ដែលលោកជាអ្នកច្បាប់ផងនោះអះអាងថា អ្វីដែល លោក ហ៊ុន សែន បានព្រមាននេះ ជារឿងផ្ទុយពីច្បាប់ទៅវិញ។ លោក ហ៊ាង ឫទ្ធី បញ្ជាក់ថា គ្មានច្បាប់ណាមួយចែងពីការចាប់ខ្លួនចំពោះគណបក្សនយោបាយបានសន្យានៅពេលឃោសនាបោះឆ្នោតនោះឡើយ៖«ផ្លូវច្បាប់និយាយពីកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងរដ្ឋធម្មនុញ្ញ មិនមែនហាមឃាត់ និងបទល្មើសអីទេ ដោយ លោក ហ៊ុន សែន ទេ បើគណបក្សយុត្តិធម៌ជាតិខ្មែរ សន្យាថា ពេលឈ្នះឆ្នោតលុបបំបាត់ភាពក្រីក្រ មិនបាច់ដឹកអ្នកក្រទៅក្រៅប្រទេស បើសិនជាយើងធ្វើមិនបាន ពលរដ្ឋឈប់បោះឆ្នោតឲ្យតែប៉ុណ្ណឹងទេ»។
ទោះបីជាយ៉ាងនេះក្ដី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លើកឡើងថា ការសន្យានៅមុនពេលបោះឆ្នោត គឺគ្រប់គណបក្សនយោបាយបានសន្យាដើម្បីទាញយកការគាំទ្រពីប្រជាពលរដ្ឋ។ បើគណបក្សកាន់អំណាចវិញ ពិសេសរដ្ឋាភិបាល បានសន្យាជាច្រើនទាក់ទងការដោះស្រាយបញ្ហាជម្លោះដីធ្លី។ លោក ហ៊ុន សែន ធ្លាប់បានបង្កើតក្រុមយុវជនចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ តែមកទល់ពេលនេះ បញ្ហាជម្លោះដីធ្លីនៅតែមាន។ ការសន្យាលុបបំបាត់អំពើពុករលួយ ការសន្យាការពារបរិស្ថាន និងការប្ដេជ្ញាចិត្តទប់ស្កាត់បទល្មើសកាប់ព្រៃឈើ ជាដើម៖«ព្រឹកមិញនេះ ខ្ញុំឃើញ ខេមបូឌា ដេលី (The Cambodia Daily) ផ្សាយថា ក្រុមហ៊ុនឈើជាច្រើនមិនគោរពបទបញ្ជាក្រសួងកសិកម្មទេ សូមសាកមើលទៅ បើមិនគោរពក៏សូមសាក បើមិនដកយកព្រៃបិទរោងចក្រទេ ខ្ញុំហ៊ានកាត់កខ្ញុំគ្រវាត់ចោល»។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ ពន្យល់ថា នៅក្នុងស្ថានភាពកម្ពុជា កំពុងតែប្រឈមការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋមួយចំនួនធំនោះ រដ្ឋាភិបាលត្រូវមានយន្តការបង្កើតការងារជូនយុវជន រកទីផ្សារកសិផលសម្រាប់កសិករ ដូចជា ដំឡូង សណ្ដែក ពោត ស្រូវ កៅស៊ូ ពីព្រោះថា រដ្ឋាភិបាលជាអ្នកធានាក្នុងការរកទីផ្សារជូនកសិករ។ លោកបញ្ជាក់ថា សំខាន់ណាស់មេដឹកនាំត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ។ លោកបានលើកឧទាហរណ៍ ដូចជា រដ្ឋាភិបាលរបស់ អ្នកស្រី យីងឡាក់ស៊ីនណាវ៉ាត្រ (Yingluck Shinawatra)បានរកទីផ្សារស្រូវជូនកសិករ។
ការជួយកសិករ និងការបង្កើតការងារជូនប្រជាពលរដ្ឋ គឺជាការកាត់បន្ថយពលរដ្ឋខ្ចីបុលគេ កាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ និងមិនធ្វើឲ្យកម្ពុជា ខ្វះកម្លាំងពលកម្មដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
