ការជួបគ្នារវាងមេដឹកនាំគណបក្សជាប់ឆ្នោតដើម្បីរកដំណោះស្រាយ នៅពេលមានស្ថានការណ៍នយោបាយតឹងតែងនោះ គឺជាវប្បធម៌ចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា។
នៅក្នុងរយៈពេលថ្មីៗនេះ ក្រុមការងារគណបក្សទាំងពីរហាក់មានភាពចម្រូងចម្រាសក្នុងការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប ថ្មី ដែលអ្នកវិភាគយល់ថា អាចនឹងជាប់គាំង បើសិនជាគណបក្សទាំងពីរមិនសម្បទានឲ្យក្នុងការធ្វើសេចក្ដីព្រាងច្បាប់នេះ។ តែបញ្ហានេះ មេដឹកនាំគណបក្សទាំងពីរ បានជួបប្រជុំគ្នាជាសម្ងាត់ ដោយឯកភាពលើចំណុចមួយចំនួនថែមទៀត ដើម្បីបន្ធូរបន្ថយភាពតានតឹងនេះ។
អ្នកវិភាគលើកឡើងថា ថ្នាក់ដឹកនាំគណបក្សទាំងពីរឯកភាពគ្នាធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងសភា ដោយរៀបចំឲ្យមានប្រធានក្រុមភាគតិចនៅក្នុងសភានោះ គឺជាសកម្មភាពល្អមួយ តែមិនឆ្លុះបញ្ចាំងអំពីរបបសភានិយមនោះទេ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា លោកសាទរចំពោះមេដឹកនាំគណបក្សទាំងពីរជួបជជែកគ្នា ដើម្បីរកដំណោះស្រាយនយោបាយមួយចំនួននោះ។ តែលោកបញ្ជាក់ថា ការបង្កើតប្រធានក្រុមភាគតិចនៅក្នុងរដ្ឋសភានេះ គឺមិនសមស្របនៅក្នុងប្រទេសកម្ពុជា ដែលប្រកាន់របបប្រជាធិបតេយ្យសភានិយមនេះទេ។ លោកអះអាងថា នៅក្នុងប្រទេសប្រកាន់សភានិយមនេះ គេត្រូវបង្កើតរដ្ឋាភិបាលស្រមោល ដូចជានៅប្រទេសអូស្ត្រាលី និងប្រទេសមួយចំនួនទៀត ដើម្បីធ្វើគោលនយោបាយអភិវឌ្ឍន៍ យកទៅតស៊ូមតិជាមួយរដ្ឋាភិបាល។ លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមថា ការបង្កើតប្រធានក្រុមភាគតិចក្នុងសភានេះ គឺគេធ្វើនៅប្រទេសប្រកាន់របបប្រជាធិបតេយ្យនិយម ដូចជានៅសហរដ្ឋអាមេរិក ជាដើម។
ការលើកឡើងដូច្នេះ នៅបន្ទាប់ពីមេដឹកនាំកំពូលគណបក្សទាំងពីរ គឺលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានជួបប្រជុំសម្ងាត់ជាមួយ លោក ហ៊ុន សែន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមានរដ្ឋសភា ក្រៅពីសភាបើកកិច្ចប្រជុំអនុម័តសេចក្ដីព្រាងច្បាប់ថវិកាជាតិនោះ។ មេដឹកនាំកំពូលគណបក្សជាប់ឆ្នោតទាំងពីរ បានព្រមព្រៀងគ្នាចំណុចសំខាន់ៗបី នៅថ្ងៃទី២៨ វិច្ឆិកា។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភា ដែលគេផ្សព្វផ្សាយភ្លាមៗក្រោយពីជំនួបនេះ គឺលោក ហ៊ុន សែន និងលោក សម រង្ស៊ី បានឯកភាពគ្នាទី១ កែសម្រួលបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដោយធ្វើវិសោធនកម្មប្រការ៤៨ថ្មីនៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីរៀបចំឲ្យមានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា និងរៀបចំឲ្យមានប្រធានក្រុមភាគតិចនៅរដ្ឋសភា ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី ដើម្បីជាគូសន្ទនាជាមួយនឹងប្រមុខរដ្ឋាភិបាល ទាក់ទងបញ្ហាប្រទេសជាតិ។ ក្រៅពីវិសោធនកម្មប្រការ៤៨ថ្មីនេះ ក៏មានវិសោធនកម្មបទបញ្ជាផ្ទៃក្នុងផ្សេងៗទៀត ដែលនឹងពិភាក្សានៅពេលក្រោយនៅក្នុងយន្តការរបស់សភា។
ទី២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់ លោក សម រង្ស៊ី ចំពោះការស្នើសុំឲ្យដំណើរការស្ថានីយទូរទស្សន៍ និងការដាក់ឲ្យដំណើរការស្ថានីយវិទ្យុផ្សាយបន្តទៅតាមបណ្ដាខេត្ត ដោយ លោក ហ៊ុន សែន តម្រូវឲ្យក្រុមហ៊ុនពាក់ព័ន្ធត្រូវបំពេញបែបបទស្នើសុំអាជ្ញាប័ណ្ណនៅក្រសួងព័ត៌មាន។
ចំណុចទី៣ សេចក្ដីស្នើសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលតំណាងគណបក្សជាប់ឆ្នោតទាំងពីរពិភាក្សាគ្នាកន្លងមក មិនទាន់ត្រូវរ៉ូវគ្នានៅត្រង់ចំណុចមួយចំនួននោះ លោក ហ៊ុន សែន និងលោក សម រង្ស៊ី ឯកភាពគ្នាដោះស្រាយបញ្ចប់ ដោយក្រុមការងារគណបក្សទាំងពីរនឹងបន្តជួបប្រជុំគ្នា ដើម្បីអនុវត្តស្មារតីនេះនៅដើមសប្ដាហ៍ក្រោយ។
ការឯកភាពគ្នារវាងថ្នាក់ដឹកនាំទាំងពីរនេះ នៅក្រោយមួយថ្ងៃ លោក សម រង្ស៊ី ជួបប្រជុំសម្ងាត់ជាមួយលោកឧបនាយករដ្ឋមន្ត្រី ស ខេង កាលពីថ្ងៃទី២៧ វិច្ឆិកា។
លោក សម រង្ស៊ី ថ្លែងឲ្យដឹងនៅក្រោយពេលជួប លោក ស ខេង ថា លោកបានលើកពីចំណុចជាច្រើនជាមួយ លោក ស ខេង ពិសេសលោកបានបង្ហើបឲ្យដឹងថា លោកបានស្នើសុំឲ្យដោះលែងសកម្មជនដីធ្លី សកម្មជននយោបាយ និងព្រះសង្ឃមកវិញ។
ក៏ប៉ុន្តែ នៅក្នុងសេចក្ដីថ្លែងការណ៍ក្រោយពី លោក សម រង្ស៊ី បានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៨ វិច្ឆិកា នេះ ពុំបានឃើញលើកពីការដោះលែងអ្នកដែលតុលាការចាប់ខ្លួននេះទេ។
នៅត្រង់ចំណុចនេះ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា លោកចង់ឲ្យអ្នកនយោបាយខ្មែរ បញ្ចប់វប្បធម៌ចាប់ខ្លួនជាថ្នូរនៃការដោះដូរនយោបាយនេះ។ លោកបញ្ជាក់ថា បញ្ហាចាប់ខ្លួននេះ ទុកឲ្យតុលាការជាអ្នកសម្រេច ប៉ុន្តែសុំឲ្យតុលាការធ្វើកិច្ចការរបស់ខ្លួនដោយឯករាជ្យ និងយុត្តិធម៌។
ភ្ជាប់ទៅនឹងបញ្ហានេះ អ្នកវិភាគពន្យល់ថា គណបក្សប្រជាជនកម្ពុជា កំពុងប្រើយុទ្ធសាស្ត្រវាយ ហើយអង្អែលខ្នង។ ដោយអ្នកវិភាគសំដៅទៅលើការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងកន្លងមក ជាពិសេសនៅមុនពេលចរចាបញ្ចប់វិបត្តិនយោបាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ជាដើម។
ងាកមកមើលលទ្ធផលនៃជំនួបកំពូលរវាង លោក សម រង្ស៊ី និងលោក ហ៊ុន សែន វិញ គឺអ្នកវិភាគហៅលទ្ធផលនេះ ថាជាលទ្ធផលដើម្បីអង្អែលខ្នងគណបក្សសង្គ្រោះជាតិ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា អ្នកនយោបាយកំពុងតែសម្រួលស្ថានភាពនយោបាយ ដើម្បីយកការដោះដូរលាភសក្ការៈបញ្ចប់ភាពតានតឹង។ លោកបញ្ជាក់ថា ការបង្កើតឲ្យមានប្រធានក្រុមភាគតិចនៅក្នុងសភានេះ អាចនឹងប្រើប្រាស់ថវិកាជាតិកាន់តែច្រើនថែមទៀត។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី បន្ថែមថា លទ្ធផលទាំងបីចំណុចនេះ មិនមែនមេដឹកនាំគណបក្សទាំងពីរទើបឯកភាពគ្នាថ្ងៃនេះទេ។ លោកអះអាងថា អាចមេដឹកនាំកំពូលនៃគណបក្សទាំងពីរ បានពិភាក្សាគ្នាជាសម្ងាត់ និងឯកភាពគ្នាតាំងពីមុនមក។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគសង្កត់ធ្ងន់ថា នៅក្រោយពេលប្រជាពលរដ្ឋបានបោះឆ្នោតឲ្យគណបក្សទាំងពីរជាប់នៅក្នុងសភាតំណាងរាស្ត្រហើយនោះ បញ្ហាចំពោះមុខ គណបក្សទាំងពីរត្រូវដោះស្រាយជូនប្រជាពលរដ្ឋនូវបញ្ហាសង្គម ដូចជា បញ្ហាដីធ្លី បញ្ឈប់នូវការរំលោភសិទ្ធិមនុស្ស ដូចជាការបាញ់សម្លាប់មនុស្សនៅក្រៅប្រព័ន្ធច្បាប់ បញ្ហាសេដ្ឋកិច្ច បង្កើតការងារឲ្យប្រជាពលរដ្ឋ ទប់ស្កាត់អតិផរណា ឬទំនិញឡើងថ្លៃជាដើម ដោយអ្នកនយោបាយត្រូវបញ្ចប់ការលេងល្បែងវាយផងចរចាផងនេះ ដើម្បីបែងចែងអំណាចគ្នា ដែលអ្នកនយោបាយទាំងពីរក្រុមតែងយកមកប្រើប្រាស់ជាញឹកញយ នៅក្រោយពេលបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ មកនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
