អ្នក​វិភាគ៖ កម្ពុជា​ហាក់​ទទួល​សម្ពាធ​ពី​ចិន​ក្នុង​ការ​ផ្អាក​កម្មវិធី​ជំនួយ​មនុស្សធម៌​អាមេរិក​"ឃ្មុំ​សមុទ្ទ"

ដោយ មាន ឫទ្ធិ
2017.04.05
បណ្ឌិត មាស នី ៦២២ អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧។ RFA
Photo: RFA

រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្អាក​កម្មវិធី​ជំនួយ​មនុស្សធម៌​របស់​កង​វិស្វកម្ម​ចល័ត​កងទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក ដោយ​គ្មាន​កាលកំណត់។ អ្នក​ឃ្លាំមើល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា បារម្ភ​ថា កម្ពុជា​ហាក់​ទទួល​សម្ពាធ​ណា​មួយ​ពី​ប្រទេស​ចិន ក្នុង​ការ​ទទួល​ជំនួយ​យោធា​ពី​បរទេស ហើយ​ថា ការ​បដិសេធ​នេះ អាច​នឹង​បណ្ដាល​ឲ្យ​កម្ពុជា ធ្លាក់​ចូល​ក្នុង​អាណានិគម​របស់​ប្រទេស​ចិន ដោយ​ប្រយោល។

​អ្នកឃ្លាំមើល​បញ្ហា​សង្គម​លោក បណ្ឌិត មាស នី លើក​ឡើង​ថា កម្ពុជា​ហាក់​បាន​ទទួល​រង​ឥទ្ធិពល​ពី​ប្រទេស​ចិន កាន់​តែ​ធ្ងន់​ទៅៗ ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ជាពិសេស​ក្រោយ​ពេល​ដែល​កម្ពុជា បាន​ខ្ចី​លុយ​ពី​ប្រទេស​ចិន កាន់​តែ​ច្រើន​ឡើងៗ។ លោក​បារម្ភ​ថា ការណ៍​នេះ​អាច​នឹង​បណ្ដាល​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ប្រែប្រួល​ការ​ដឹក​នាំ​របស់​ខ្លួន​តាម​បែប​លទ្ធិកុម្មុយនិស្ត ហើយ​ថា កម្ពុជា​អាច​ក្លាយ​ជា​អាណានិគម​របស់​ប្រទេស​ចិន ដោយ​ប្រយោល។

​លោក​បណ្ឌិត មាស នី៖ «អ្វី​ដែល​យើង​ព្រួយ​បារម្ភ​ត្រង់​ថា ប្រទេស​នីមួយៗ តែ​កាល​ណា​ដែល​យើង​រាប់​រក​ទៅ​លើ​តែ​មហា​អំណាច​ណា​តែមួយ​នោះ បាន​ន័យ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ជា​សាមី​ជាមួយ​ប្រទេស​មហា​អំណាច​នោះ​វា​អាច​ដើរ​ចេញ​ពី​ភាពជា​ដៃគូ​ទៅជា​អាណានិគម ហើយ​យើង​កំពុង​តែ​ព្រួយ​បារម្ភ​តើ​ប្រទេស​កម្ពុជា អាច​ទៅ​ជា​ប្រទេស​មួយ​ដែល​ស្ថិត​ក្រោម​អាណានិគម​ចិន ដែរ ឬ​អត់។ អាណានិគម​បាន​ន័យ​ថា អ្វីៗ​ទាំង​ដែល​យើង​ធ្វើ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គេ​ទាំង​អស់»

​ការ​លើក​ឡើង​របស់​លោក​បណ្ឌិត មាស នី នេះ បន្ទាប់​ពី​ស្ថានទូត​អាមេរិក ប្រកាស​ឲ្យ​ដឹង​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក ផ្លូវ​ការ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា នេះ​ថា រដ្ឋាភិបាល​កម្ពុជា កាល​ពី​សប្ដាហ៍​មុន​បាន​ជូន​ដំណឹង​ស្ថានទូត​អំពី​ការ​សម្រេច​ផ្អាក​គ្មាន​កាលកំណត់​កម្មវិធី​ជំនួយ​មនុស្សធម៌​កង​វិស្វកម្ម​សហរដ្ឋអាមេរិក ឈ្មោះ "ឃ្មុំ​សមុទ្ទ"។

ស្ថានទូត​បន្ត​ថា ខ្លួន​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​ផ្អាក​នេះ ប៉ុន្តែ​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​ដែល​កម្មវិធី​ជំនួយ​មនុស្សធម៌​កង​វិស្វកម្ម​សហរដ្ឋអាមេរិក "ឃ្មុំ​សមុទ្ទ" នេះ សម្រេច​បាន​ក្នុង​រយៈពេល​ជិត​មួយ​ទសវត្ស​ចុង​ក្រោយ​នេះ។ ការ​ផ្អាក​នេះ​នឹង​បណ្ដាល​ឲ្យ​មាន​ការ​លុបចោល​គម្រោង​នានា ដែល​គ្រោង​នឹង​អនុវត្ត​សរុប​ចំនួន ២០ រួម​មាន​ដូចជា ការ​សាងសង់​មន្ទីរសម្ភព និង​បន្ទប់ទឹក​សាលារៀន​នៅ​ខែត្រ​តាកែវ កំពត ត្បូងឃ្មុំ និង​កំពង់ចាម ជាដើម។

​លោក​បណ្ឌិត មាស នី បន្ត​ថា បើ​មើល​ឧទាហរណ៍​ពី​បណ្ដា​ប្រទេស​ដទៃ​ទៀត ក្នុង​ពិភពលោក​ប្រទេស​ដែល​ទទួល​ជំនួយ​ពី​ប្រទេស​ចិន ភាគ​ច្រើន​ជា​ប្រទេស​ដែល​ក្រីក្រ​បំផុត តួយ៉ាង​ដូចជា​កម្ពុជា ជាដើម។ ភាគ​ច្រើន​នៃ​ប្រទេស​ទាំង​នោះ​លោក​ថា កម្រ​នឹង​អភិវឌ្ឍ​បាន​ជឿនលឿន​ទៅ​មុខ​ដោយសារ​តែ​ជំនួយ​របស់​ចិន មួយ​មុខ​នេះ​ណាស់។

​​លោក​បណ្ឌិត មាស នី៖ «យើង​មាន​ឧទាហរណ៍​ល្អ​មួយ​កាលពី​ទសវត្សរ៍​ទី​៦០ នៅ​ពេល​ដែល​ខ្មែរ​បាន​ចាប់ដៃ​ជាមួយ​មហា​អំណាច​ទាំង​អស់​ស្មើៗ​គ្នា ដែល​កាល​ណោះ​មាន​ចិន មាន​សហភាព​សូវៀត  និង​អាមេរិក។ ពេល​នោះ​សេដ្ឋកិច្ច​ខ្មែរ​លូតលាស់​លឿន​ខ្លាំង​មែន​ទែន។ ប៉ុន្តែ​នៅ​ពេល​ដែល​ចុង​ឆ្នាំ​៦៦ ឬ ៦៧ គឺ​យើង​ងាក​ទៅ​រក​ចិន ក្នុង​យើង​ចាប់​ផ្ដើម​ធ្លាក់​រហូត​មក។ នេះ​មិន​ទាន់​និយាយ​អំពី​ទំនាក់ទំនង​ខ្មែរ​ចិន ក្នុង​សម័យ ប៉ុល ពត ដែល​បង្ក​ឲ្យ​មាន​វិនាសកម្ម​ធំធេង»

​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​សុំ​សេចក្ដី​បក​ស្រាយ​ពន្យល់​លម្អិត​ពី​មន្ត្រី​នាំ​ពាក្យ​កងទ័ពជើងទឹក​នៃ​ក្រសួង​ការពារ​ជាតិ លោក ឃុន វុទ្ធី បាន​នៅ​ឡើយ​ទេ ពាក់ព័ន្ធ​នឹង​ហេតុផល​នៃ​ការ​សម្រេច​ចិត្ត​ផ្អាក​គ្មាន​កាល​កំណត់​នូវ​កម្មវិធី​ជំនួយ​មនុស្សធម៌​កង​វិស្វកម្ម​សហរដ្ឋអាមេរិក ឈ្មោះ "ឃ្មុំ​សមុទ្ទ" នេះ ដោយ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល។

​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨ មក អស់​រយៈពេល​ជាង ៩​ឆ្នាំ​ហើយ​ដែល​កម្មវិធី​ជំនួយ​មនុស្សធម៌​កង​វិស្វកម្ម​ចល័ត​អាមេរិក​ឈ្មោះ "ឃ្មុំ​សមុទ្ទ" នេះ បាន​អនុវត្ត​គម្រោង​សេវា​សហគមន៍​នានា មាន​តម្លៃ​ជា​ទឹក​ប្រាក់​សរុប​ជាង ៥​លាន​ដុល្លារ​អាមេរិក។ គម្រោង​ទាំង​នេះ ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជា​ច្រើន​ពាន់​នាក់។ ស្ថានទូត​អាមេរិក ឲ្យ​ដឹង​ទៀត​ថា កង​វិស្វកម្ម​ចល័ត​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក "ឃ្មុំ​សមុទ្ទ" នេះ បាន​ចូល​រួម​ចំណែក​ជួយ​សាងសង់​មន្ទីរពេទ្យ និង​កែ​លម្អ​សាលារៀន​ជា​ច្រើន​ក្នុង​ខែត្រ​ចំនួន ១១ ក្រោម​កិច្ច​សហការ​ផ្ទាល់​ជាមួយ​សម​ភាគី​នានា រួម​មាន​កង​យោធពល​ខេមរភូមិន្ទ និង​សហគមន៍​មូលដ្ឋាន​ជាដើម។

កាល​ពី​ខែ​មករា កន្លង​ទៅ កម្ពុជា​ក៏​ធ្លាប់​បាន​សម្រេច​ចិត្ត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ផ្អាក​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា​ឈ្មោះ "ឆ្មាំ​អង្គរ" ជាមួយ​សហរដ្ឋអាមេរិក។ ការ​សម្រេច​ចិត្ត​ផ្អាក​កិច្ចសហការ​វិស័យ​យោធា​ជា​បន្តបន្ទាប់​ជាមួយ​សហរដ្ឋអាមេរិក​នេះ ស្ដែង​ឲ្យ​ឃើញ​ពី​ការ​ផ្លាស់ប្ដូរ​គោលនយោបាយ​ការបរទេស​កម្ពុជា ងាក​ទៅ​រក​ប្រទេស​ចិន កាន់​តែ​ខ្លាំង។ ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក មួយ​រយៈ​ចុង​ក្រោយ​នេះ ហាក់​មាន​ភាព​ល្អក់កករ​ក្រោយ​ពេល​ដែល​អាមេរិក បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា ធ្ងន់ៗ​ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ក្រោយ​ពេល​ដែល​កម្ពុជា ទាមទារ​ឲ្យ​អាមេរិក លុប​ចោល​បំណុល​តាំង​ពី​សម័យ​សង្គ្រាម​សរុប​ជាង ៥០០​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ត្រូវ​បាន​អាមេរិក​បដិសេធ។

​មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ យល់​ឃើញ​ថា នេះ​ជា​ការ​សម្រេច​ចិត្ត​មួយ​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច។ ប៉ុន្តែ​លោក​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ឡើង​កាន់​អំណាច​វិញ នោះ​វា​ជា​រឿង​ផ្សេង​ខុស​ពី​នេះ។ ពោល​គឺ​គណបក្ស​របស់​លោក​នឹង​បង្ក​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្រប់​ប្រទេស​ទាំង​អស់​ឲ្យ​តែ​មាន​ផលប្រយោជន៍​ដល់​ប្រទេស​ជាតិ​ពិត​ប្រាកដ និង​ពុំ​មាន​គំនាប​ណា​មួយ​នោះ។

​លោក យឹម សុវណ្ណ៖ «គណបក្ស​ប្រជាជន​ធ្វើ​យ៉ាង​ម៉េច​គឺ​នៅ​ក្នុង​អំណាច​របស់​ខ្លួន។ ប៉ុន្តែ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​បង្ក​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្ដា​ប្រទេស​នៅ​លើ​សាកលលោក។ ទំនាក់​ទំនង​ដែល​មាន​ការ​គោរព​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក។ ទំនាក់ទំនង​ដែល​មិន​ធ្វើ​ឲ្យ​ខូចខាត​ផល​ប្រយោជន៍​ជាតិ ទំនាក់ទំនង​បើក​ទូលាយ​ដើម្បី​ធ្វើ​ម៉េច​ឲ្យ​មាន​ការ​រីកចម្រើន​សេដ្ឋកិច្ច ផ្ដល់​ផល​ប្រយោជន៍​ទៅ​ដល់​ប្រជាពលរដ្ឋ»

​ការ​សម្រេច​ចិត្ត​ផ្អាក​កម្មវិធី​ជំនួយ​មនុស្សធម៌​កង​វិស្វកម្ម​ចល័ត​អាមេរិក​ឈ្មោះ «ឃ្មុំ​សមុទ្ទ» នេះ ហាក់​ផ្ទុយ​ពី​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​នៅ​ពេល​កន្លង​នៅ​ក្នុង​វិស័យ​ទំនាក់ទំនង​យោធា​ជាមួយ​ប្រទេស​ចិន និង​ប្រទេស​កូរ៉េខាងត្បូង។ ជាក់ស្ដែង​កាល​ពី​ចុង​ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ប្រទេស​កម្ពុជា និង​ប្រទេស​ចិន ទើប​តែ​បាន​បិទ​បញ្ចប់​សម​យុទ្ធ​យោធា​រួម​គ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​ឈ្មោះ​ថា "នាគ​មាស" ដែល​មាន​រយៈពេល​ដល់​ទៅ ៩​ថ្ងៃ។ ក្នុង​ឆ្នាំ​២០១៦ នេះ​ដែរ ប្រទេស​ទាំង​ពីរ​ក៏​បាន​ធ្វើ​សម​យុទ្ធ​យោធា​នាវាចរណ៍​រួម​គ្នា​ជា​លើក​ដំបូង​ផង​ដែរ។ ថ្មីៗ​នេះ​ទៀត​សោត កាល​ពី​ថ្ងៃ​ទី​​២៣ ខែ​មីនា កន្លង​ទៅ​នេះ កម្ពុជា​ទើប​ទទួល​ជំនួយ​ជា​សម្ភារៈ និង​គ្រឿង​បរិក្ខារ​យោធា​ចុង​ក្រោយ​ពី​ប្រទេស​កូរ៉េ​ខាងត្បូង រួម​មាន​រថយន្ត​យោធា​តូច ធំ ចំនួន ២០៨​គ្រឿង និង​គ្រឿងចក្រ​វិស្វកម្ម​គ្រប់​ប្រភេទ​ចំនួន ១៤​គ្រឿង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។