អ្នកសង្កេតស្ថានការណ៍នយោបាយនៅកម្ពុជា ហៅបទបញ្ជារបស់រដ្ឋាភិបាល អោយមានការធ្វើកោសល្យវិច័យ និងស្រាវជ្រាវពីស្នាមមេដៃរបស់ប្រជាជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលបានដាក់ថ្វាយព្រះមហាក្សត្រ សុំអោយព្រះអង្គជួយបន្ថយកម្ដៅនយោបាយនៅកម្ពុជា នោះថា ជាការគំរាមកំហែងដល់ម្ចាស់ស្នាមមេដៃ។
អ្នកវិភាគបញ្ហានយោបាយនៅកម្ពុជា យល់ថា ការចេញបញ្ជាអោយមានការត្រួតពិនិត្យស្នាមមេដៃនៅក្នុងញត្តិដែលបានដាក់ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី៣១ ខែឧសភា នោះ គឺជារឿងមិនត្រឹមត្រូវ និងជាវិធីគំរាមថ្មីមួយទៀតរបស់គណបក្សកាន់អំណាច។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ លោកបណ្ឌិត ឡៅ ម៉ុង ហៃ ចាត់ទុកថា សកម្មភាពចុះត្រួតពិនិត្យដើម្បីស្រាវជ្រាវដល់ម្ចាស់ស្នាមមេដៃគឺជាអំពើគំរាម៖ «រឿងស៊ើបអង្កេតដល់អត្តសញ្ញាណអ្នកផ្ដិតមេដៃអីហ្នឹង ខ្ញុំយល់ថា ជាការគំរាមកំហែង ព្រោះថា មានដប់ប្រាំពីរម៉ឺននាក់ ដូច្នេះធ្វើអស់ទេ។ តើរដ្ឋាភិបាលមានមធ្យោបាយធ្វើអោយគ្រប់តែរឿងអ៊ីចឹងទេ? វាមិនល្អទេ វាទៅជាការតាមដាន គំរាមកំហែង ប្រទេសប្រជាធិបតេយ្យសេរី គេមិនធ្វើអ៊ីចឹងទេ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា តាមលិខិតស្នាម ឬញត្តិដែលមានស្នាមមេដៃបែបនេះ គឺជាវិធីមួយនៃការទាក់ទងគ្នារវាងប្រជារាស្ត្រ និងព្រះមហាក្សត្រ៖ «គេត្រូវចាត់ទុកការនេះរបៀបអ៊ីចឹង»។
នៅក្នុងលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្គាប់អោយមានការស្រាវជ្រាវនូវស្នាមមេដៃ នៅក្នុងឯកសារញត្តិរបស់ប្រជាពលរដ្ឋដែលមានជិតមួយសែនប្រាំបីម៉ឺននាក់ (១៧៣.១៤៤) ដែលទូលស្នើព្រះមហាក្សត្រតាមរយៈគណបក្សសង្គ្រោះជាតិ សុំអន្តរាគមន៍ អោយព្រះអង្គជួយបញ្ចប់វិបត្តិនយោបាយ និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។
ខ្លឹមសារក្នុងលិខិតរបស់គណៈរដ្ឋមន្ត្រី តម្រូវអោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង រៀបចំអោយមានការស្រាវជ្រាវនូវស្នាមមេដៃទាំងនេះតាមរយៈ ការធ្វើកោសល្យវិច័យ ការស្រាវជ្រាវពីប្រជាជនដោយផ្ទាល់ និងតាមមធ្យោបាយផ្សេងទៀតដែលអាចរកឃើញនូវភាពត្រឹមត្រូវ ដើម្បីជៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់ទាំងប្រជាជន ជាពិសេសបោកទាំងព្រះមហាក្សត្រ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា កន្លងមកក៏មានញត្តិស្នាមមេដៃទូលស្នើសុំជំនួយពីព្រះមហាក្សត្រដែរ ប៉ុន្តែអាជ្ញាធរមិនដែលបានអោយពិនិត្យស្នាមមេដៃដូចពេលនេះទេ។ លោកចោទជាសំណួរថា តើបទបញ្ជាអោយមានការស្រាវជ្រាវស្នាមមេដៃនេះ ផ្អែកលើច្បាប់អ្វី៖ «ប្រសិនបើមានបទបញ្ជា តើបញ្ញត្តិហ្នឹងឈរលើមូលដ្ឋានច្បាប់អ្វី? ប្រសិនបើមានបញ្ជាពីព្រះមហាក្សត្រ មកអោយធ្វើការស៊ើបអង្កេត អាហ្នឹងទើបវាត្រឹមត្រូវ»។
លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលតម្រូវអោយមានការស្រាវជ្រាវស្នាមមេដៃនេះ អះអាងថា យោងលើឯកសារពីរ។ ឯកសារទី១ គឺព្រះរាជលិខិតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ចុះពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ស្ដីពីឯកសារញត្តិរបស់ប្រជាពលរដ្ឋដែលមានស្នាមមេដៃ ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ឯកសារទី២ គឺចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អោយមានការស្រាវជ្រាវស្នាមមេដៃទាំងនោះ។
ទោះជាយ៉ាងណាក៏ដោយចុះ ទីស្ដីការគណៈរដ្ឋមន្ត្រីមិនបានបញ្ចេញផ្សព្វផ្សាយព្រះរាជសាររបស់ព្រះមហាក្សត្រជាសាធារណៈឡើយ។ ដូច្នេះ គេមិនដឹងថាតើព្រះរាជសាររបស់ព្រះមហាក្សត្រផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលរដ្ឋាភិបាលបានអះអាងនោះមានខ្លឹមសារដូចម្ដេចទេ។
ទោះជាយ៉ាងណា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា អះអាងថា ព្រះរាជសាររបស់ព្រះមហាក្សត្រផ្ញើទៅលោក ហ៊ុន សែន ទាក់ទិននឹងញត្តិរបស់គណបក្សសង្គ្រោះជាតិ នោះ មិនមែនជាឯកសារសម្ងាត់អ្វីទេ ប៉ុន្តែលោកបដិសេធមិនបង្ហាញពីខ្លឹមសារក្នុងព្រះរាជសារ៖ «មិនមែនថា ជាលិខិតសម្ងាត់ទេ ប៉ុន្តែរាល់ឯកសារទាំងអស់ពាក់ព័ន្ធនឹងការងាររបស់ជាតិ របស់រដ្ឋាភិបាល មិនមែនត្រូវតែផ្សព្វផ្សាយជាសាធារណៈទាំងអស់នោះទេ។ ប៉ុន្តែអ្វីដែលរដ្ឋាភិបាលធ្វើតាមរយៈ ស.ជ.ណ នេះ គឺយោងទៅលើចំណាររបស់ព្រះមហាក្សត្រ ហើយនិងសម្ដេចតេជោនាយករដ្ឋមន្ត្រីនៅក្នុងការបន្តនីតិវិធីបន្ថែមទៀត»។
ទោះជាយ៉ាងណា លោក ទិត សុធា ប្រាប់វិទ្យុអាស៊ីសេរី អោយទាក់ទងទៅខុទ្ទកាល័យព្រះបរមរាជវាំង ប៉ុន្តែវិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីខុទ្ទកាល័យព្រះបរមរាជវាំង បានទេ មកត្រឹមរសៀលថ្ងៃទី១ ខែមិថុនា នេះ។
ទោះជាយ៉ាងណា ប្រភពពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូបដែលសុំមិនបញ្ចេញឈ្មោះ ឲ្យវិទ្យុអាស៊ីសេរី ដឹងពីខ្លឹមសារនៃព្រះរាជសារនោះមានសេចក្ដីដូចតទៅ៖ "ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី! សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត! ខ្ញុំបានទទួលលិខិតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ព្រមទាំងឯកសារញត្តិរបស់ប្រជាពលរដ្ឋដែលមានស្នាមមេដៃប្រមាណជា ១៧៣.១៤៤នាក់ ដែលបានទូលស្នើសុំព្រះរាជអន្តរាគមន៍អំពីខ្ញុំ។ ខ្ញុំសូមផ្ញើលិខិតនេះជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ។ សូមសម្ដេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតអំពីខ្ញុំ!"។
កាលពីថ្ងៃច័ន្ទ ទី៣០ ខែឧសភា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដឹកនាំអ្នកគាំទ្ររបស់ខ្លួនជាច្រើនរយនាក់ហែញត្តិដែលមានស្នាមេដៃជិតមួយសែនប្រាំពីរម៉ឺននាក់ទៅថ្វាយព្រះមហាក្សត្រ ស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះអង្គដើម្បីដោះលែងអ្នកនយោបាយ និងមន្ត្រីសង្គមស៊ីវិលដែលជាប់ឃុំ បញ្ឈប់ការប្រើប្រាស់ស្ថាប័នរដ្ឋដើម្បីគំរាមកំហែង និងដាក់សម្ពាធលើអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង បញ្ឈប់ការប្រើប្រាស់អំណាចរដ្ឋដោយស្តង់ដារពីរ និងបញ្ឈប់ការប្រើប្រាស់អំណាចតុលាការរំលោភបំពានលើអំណាចនីតិប្បញ្ញត្តិ ជាពិសេសរំលោភលើអភ័យឯកសិទ្ធិសភា។
លោកបណ្ឌិត ឡៅ ម៉ុង មានប្រសាសន៍ថា វាល្មមដល់ពេលហើយ ដែលព្រះមហាក្សត្រធ្វើព្រះរាជអន្តរាគមន៍ បន្ថយភាពតានតឹងផ្នែកនយោបាយនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
